ប្រែសម្រួលៈបំណង(VNExpress)៖ ប្រធានាធិបតីលោកស៊ី ជីនភីង កាលពីថ្ងៃសៅរ៍បានតែងតាំងលោក លី ឆែង(Li Qiang)ជានាយករដ្ឋមន្ត្រីក្នុងអំឡុងពេលប្រជុំសភាប្រចាំឆ្នាំនៅក្រុងប៉េកាំងសំរាប់បន្តដឹកនាំសេដ្ឋកិច្ចធំបំផុតទីពីរនៅក្នុងលោកនេះ។
លី អតីតលេខាបក្សក្រុងសៀងហៃ នឹងចូលជំនួសលោក លី ឃឹឈៀង ដែលនឹងចូលនិវត្តន៍ក្នុងអំឡុងសម័យប្រជុំសភាបច្ចុប្បន្នបន្ទាប់ពីលោកបំរើការក្នុងមុខតំណែងនេះអស់ពីរអាណត្តិ។
លី ឆែង ត្រូវបានបញ្ជាក់អះអាងថាជានាយករដ្ឋមន្ត្រីចិនកាលពីថ្ងៃសៅរ៍ក្រោយទទួលបានការគាំទ្រពីសមាជិកសភាស្ទើរទាំងអស់ក្នុងចំណោមសមាជិកសភាជាង២.៩០០នាក់ក្នុងសម័យប្រជុំសភា។
លី ឆែង អាយុ៦៣ឆ្នាំ ជាសម្ពន្ធមិត្តជិតដិតរបស់លោកស៊ី ដោយធ្លាប់ជានាយសេនាធិការរបស់លោកស៊ីរវាងឆ្នាំ២០០៤និង២០០៧ ពេលលោកស៊ីធ្វើជាលេខាបក្សខេត្តជេជាំង(Zhejiang)។
ត្រូវបានគេទទួលស្គាល់ថាជាមនុស្សជាក់ស្តែងនិយមនិងចូលចិត្តពាណិជ្ជកម្ម លោកលីនឹងប្រឈមភារកិច្ចធំមហិមាក្នុងការរុញសេដ្ឋកិច្ចចិនអោយរើបរើឡើងវិញក្រោយការបិទខ្ទប់ប្រឆាំងកូវីដ១៩អស់បីឆ្នាំ ជំនឿចិត្តខ្សោយក្នុងចំណោមអ្នកប្រើប្រាស់និងក្នុងវិស័យឯកជន ព្រមទាំងបញ្ហាសកល។
លោកនឹងចូលកាន់តំណែងចំពេលមានភាពតានតឹងជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងលោកខាងលិច រួមមានចំណាត់ការរបស់អាម៉េរិកដើម្បីបិទខ្ទប់មិនអោយចិនចូលប្រើបច្ចេកវិទ្យាសំខាន់ៗនិងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនចំរុះលើលោក ។
សូមបញ្ជាក់ថាសេដ្ឋកិច្ចចិនរីកចំរើនបានតែ៣ភាគរយកាលពីឆ្នាំកន្លងទៅ និងពេលថ្ងៃបើកប្រជុំសភាចិនបានកំណត់គោលដៅកំណើន៥ភាគរយសំរាប់ឆ្នាំ២០២៣ជាការកំណត់គោលដៅទាបបំផុតនៅរយៈពេលជិតបីទសវត្សរ៍មកនេះ។
គ្រីស្តូហ្វើ បេតដ័រ( Christopher Beddor)អ្នកសិក្សាស្រាវជ្រាវនៅអង្គការក្រាវ៉េខាល់ ដ្រាហ្គោណូមិកស៍(Gavekal Dragonomics)បាននិយាយថា ភារកិច្ចកំពូលរបស់លីនៅឆ្នាំនេះនឹងត្រូវសំរេចអោយបានគោលដៅបានកំណត់ដោយមិនអោយកើតមានអតិផរណាខ្លាំងឬ បំណុលគរដូចភ្នំឡើយ។
នៅពេលមិនមានបង្ហាញសញ្ញានៃការបញ្ចេញប្រាក់ជួយជំរុញកំណើន បញ្ហាធំៗដូចជាការដួលរលំនៃការនាំចេញនិងកំសោយជាបន្តក្នុងវិស័យអចលនទ្រព្យអាចនឹងបង្ខំអោយលោកលីធ្វើដូច្នេះ។
លោកបេតដ័របាននិយាយថា«ក្រុមមេដឹកនាំចិនបានជួបកំណើនសេដ្ឋកិច្ចខ្សោយអស់ពីឆ្នាំមកហើយដោយសារវិធានការកូវីដ១៩ ។ឥឡូវការទប់ស្កាត់នោះបានបញ្ចប់ដូច្នេះពួកគេនឹងមិនទទួលយកវាមួយឆ្នាំទៀតទេ»៕
នៅថ្ងៃសៅរ៍នេះលោកប្រធានាធិបតីស៊ីបានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីមួយដើម្បីតែងតាំងលោកលី ឆែង(ឆ្វេង) ជានាយករដ្ឋមន្ត្រីចិនបន្ទាប់
លី ចេញពីតំណែង ចាប់ដៃស្វាគមន៍លី ចំណូលថ្មី នៅក្នុងសម័យប្រជុំសភាប្រជាជនចិនកាលពីថ្ងៃសៅរ៍