ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក លឹម សៀងហេងអភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើ ប្រាស់ ជាផ្លូវការ នូវក្លោងទ្វារ របងវត្ត រួមនឹងសមិទ្ធផលនានា នៃវត្តពោធិ៍ថ្មី ហៅវត្តបាវិត ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។

ព្រះតេជគុណ សេក ផានិត ចៅអធិការវត្តពោធិ៍ថ្មី ហៅវត្តបាវិត បានមានសង្ឃដីកាឲ្យ ដឹងថាៈ សមិទ្ធផលនានា រួមមាន ខ្លោងទ្វារចំនួន ៣ របងវត្ត រួមនឹងស្ដូបតម្កល់ព្រះពុទ្ធរូប ដែលបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលនេះ គឺបានចាប់ផ្ដើមកសាង ចាប់ពីឆ្នាំ២០២០ រហូតមកដល់ចុងឆ្នាំ២០២២ ទើបរួចរាល់ ហើយជាស្ថាពរ សរុបថវិកា សាងសង់ ប្រមាណជិត ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយបានការចូលរួមឧបត្ថម្ភ គាំទ្រ ពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ទាំងក្នុងប្រទេស និងក្រៅប្រទេស។

ព្រះចៅអធិការ ក៏សូមថ្លែងអំណរគុណចំពោះ សប្បុរសជននានាទាំងអស់ ដែលបានជួយ ឧបត្ថម្ភទាំងសម្ភារៈ និងបច្ច័យ ដើម្បីកសាងនូវសមិទ្ធផលនានាជាច្រើន ដើម្បីទុកជា គរុភណ្ឌ របស់វត្ត សម្រាប់ពុទ្ធបរិស័ទគោរពបូជា ទៅថ្ងៃក្រោយ តាមបែបគន្លងព្រះពុទ្ធ សាសនា ដែលជាសាសនារបស់រដ្ឋ ត្រូវបានប្រជាពលរដ្ឋ ភាគច្រើន គោរពបូជាប្រតិបត្តិ តាំងពីដើមរៀងរហូតមកដល់ពេលបច្ចុប្បន្ន។

លោក លឹម សៀងហេង បានមានប្រសាសន៍ថា: សមិទ្ធផលទាំងអស់នេះ គឺកើតចេញពី ព្រះគំនិតផ្ដួចផ្ដើមរបស់ ព្រះតេជគុណ ចៅអធិការវត្ត លោកតាអាចារ្យ គណ:កម្មការវត្ត ពុទ្ធបរិស័ទជាច្រើននាក់ទៀត ដែលបានគៀងគរសប្បុរសជននានា ជិតឆ្ងាយ ទាំងក្នុង និងក្រៅប្រទេស ដើម្បីជួយកសាងឱ្យលេចចេញជាផ្លែផ្កា នូវសមិទ្ធផលផ្សេងៗជាច្រើន សម្រាប់តម្កល់ទុក នៅទីវត្តអារាម ដើម្បីឲ្យពុទ្ធបរិស័ទ បានធ្វើបុណ្យទាន និងរក្សាសីល តាមប្រពៃណី ព្រះពុទ្ធសាសនា។ ជាក់ស្តែង នៅថ្ងៃនេះ យើងទាំងអស់គ្នា​បានធ្វើបុណ្យ រួម ហើយក៏បានចូលរួម នៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការរួម គឺដើម្បីទុកជា គុណប្រយោជន៍ ដល់ពុទ្ធបរិស័ទទាំងអស់គ្នា ទៅថ្ងៃក្រោយ។

លោកអភិបាលក្រុង បានមានប្រសាសន៍សង្កត់ធ្ងន់ថា: យើងមានអ្វីៗដូចសព្វថ្ងៃនេះ ក៏ដោយសារតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ហេតុដូច្នេះហើយ យើងទាំង អស់គ្នា ត្រូវចូលរួមរក្សាការពារ នូវសុខសន្តិភាព ដូចសព្វថ្ងៃនេះ ឲ្យបានយូរអង្វែង ហើយយើងទាំងអស់គ្នា ត្រូវបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី និងបន្តគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ទៅថ្ងៃខាងមុខ ដើម្បីអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើនបន្ថែមទៀត៕ V / N