ដោយ៖ប៉ូលីទិក/ភ្នំពេញ៖កាលពីខែមុន ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ ឬវីអូឌី(VOD) ដោយសារតែផ្សាយព័ត៌មានមិនពិត។ហេតុការណ៍នេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងទាំងក្នុង និងក្រៅប្រទេស ហើយបណ្តាប្រទេសលោកខាងលិចនិងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនបានរិះគន់ប្រទេសកម្ពុជាថាគ្មានសេរីភាពសារព័ត៌មាន។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅថ្ងៃទី២០ ខែកុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានក្រើនរំឭកដល់បរទេសមួយចំនួនខាងលើមិនត្រូវបន្តទាញយកប្រយោជន៍ពីការបិទ វីអូឌី ដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ បើមិនដូច្នេះទេ រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការម៉ឺងម៉ាត់ជាងនេះ។

អតីតបុគ្គលិក VOD ម្នាក់ដែលបានប្រើបណ្ដាញសង្គមមានឈ្មោះថា “ខ្ញុំគឺជាសម រង្សី” បានទម្លាយព័ត៌មាននៅលើ ហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែកុម្ភៈ ថា VOD ជាស្ថានីយវិទ្យុដែលផ្តល់មូលនិធិដោយបរទេសដែលមានជំនាញក្នុងការរាយការណ៍ ព័ត៌មានអវិជ្ជមានក្នុងសង្គម និងផ្សព្វផ្សាយសំឡេងឲ្យគណបក្សប្រឆាំង ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បន្ទាប់មកវាយប្រហារដោយចេតនានិងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល បច្ចុប្បន្ន។

VODដែលមានឈ្មោះពេញថាវិទ្យុសំឡេងប្រជាធិបតេយ្យ (Voice Of Democracy Radio) ត្រូវបានបង្កើតឡើងនៅទីក្រុងភ្នំពេញដោយអង្គការមិនមែនរដ្ឋាភិបាល “មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា” (CCHR) ដែលបានចាប់ផ្តើមការផ្សាយដំបូងនៅឆ្នាំ២០០៣ ចេញផ្សាយសំឡេងនិងពត៌មានជាភាសាខ្មែរនិងអង់គ្លេស។ស្ថាប័ន សារព័ត៌មាននេះមិនទទួលផ្សព្វផ្សាយពាណិជ្ជកម្មឡើយ ហើយមូលនិធិភាគច្រើនបានមកពីប្រទេសលោកខាងលិច និងអង្គការអន្តរជាតិ។

នៅឆ្នាំ២០០៧បន្ទាប់ពី លោក កឹម សុខា អតីតប្រធាន CCHR បានលាលែងពីតំណែង និងវិលចូលឆាកនយោបាយវិញ លោក ប៉ា ងួនទៀង ដែលជាមន្ត្រីជាន់ខ្ពស់ដែរនោះបានងាកទៅ បង្កើតមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់ថាCCIM ។ VOD ត្រូវបានផ្ទេរមកឱ្យ CCIM ដើម្បីគ្រប់គ្រង។ ទោះបីជាលោក ប៉ា ងួនទៀង បានភៀសខ្លួនចេញពីប្រទេសកម្ពុជាក្នុងឆ្នាំ២០១៨ ដោយសារ “សំណុំរឿងក្បត់ជាតិ កឹម សុខា” ប៉ុន្តែគាត់នៅតែគ្រប់គ្រង CCIMនៅសហរដ្ឋអាមេរិក និងអាចបញ្ជាពី ចម្ងាយលើការសម្រេចចិត្តប្រតិបត្តិការរបស់ VOD ។

តាមប្រភពពត៌មានពីអ្នកលេងបណ្ដាញសង្គមខាងលើបានបង្ហាញថា ជំនួយបរទេសភាគច្រើនរបស់ VOD បានមកពីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI)ដែល ស្ថិតក្រោមមូលនិធិឧស្សាហកម្មរបស់ George Soros សមាគមប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិសហរដ្ឋអាមេរិក ប្រទេសនៅអឺរ៉ុបដូចជាដាណឺម៉ាក ន័រវេស និងស៊ុយអែត។ ក្រសួងមហាផ្ទៃគួរតែស៊ើបអង្កេតប្រភពមូលនិធិ និងសកម្មភាពរបស់ CCIM ដើម្បីជៀសវាងការបះបោរនិងបដិវត្តន៍ពណ៌ដោយជនក្បត់ក្រោមបដា របស់អង្គការ។

សម្តេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៤ខែមុនតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកបានសម្រេចផ្តល់ការងារដល់បុគ្គលិកVOD ដែលអត់ការងារធ្វើឱ្យចូលបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ ហើយមានជិត៣០នាក់បានបំពេញបែបបទចូលបម្រើការងាររួចមកហើយដែរ៕សរន