ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កងទ័ពអាកាសអាម៉េរិកកាលពីថ្ងៃសុក្រទី១០មីនាបានបង្ហាញផែនការប្តូរពណ៌ថ្មីសម្រាប់យន្តហោះ Air Force One ដោយបោះបង់ចោលនូវល្បាយពណ៌ ដែលត្រូវបានជ្រើសរើសដោយលោក ដូណាល់ ត្រាំ សម្រាប់យន្តហោះប្រធានាធិបតី។
លោកប្រធានាធិបតី ចូ បៃដិន កំពុងប្រកាន់ខ្ជាប់នូវផែនការពណ៌ចម្រុះខៀវនិងសបែបក្លាស៊ីកសម្រាប់យន្តហោះដែលកំពុងសាងសង់ថ្មីដោយរក្សានូវការរចនាដែលមានតាំងពីរដ្ឋបាលរបស់លោក ចន អេហ្វ កេណ្ណីឌី កាលពីប្រាំមួយទសវត្សរ៍មុន។
អតីតប្រធានាធិបតីត្រាំ ដែលបានចាកចេញពីតំណែងនៅខែមករាឆ្នាំ ២០២១ ចង់បានការរចនាពណ៌ក្រហម ស និងពណ៌ខៀវដិត ហើយបានរក្សាទុកគំរូខ្នាតពណ៌ទាំងនោះនៅលើតុកាហ្វេក្នុងការិយាល័យពងក្រពើ។
គំនិតរបស់លោកត្រាំគឺឱ្យមានឆ្នូតក្រហមដិតនៅកណ្តាលយន្តហោះនិងពណ៌ខៀវចាស់នៅក្រោមពោះយន្តហោះ។
ទោះយ៉ាងណា ពណ៌របស់ត្រាំបានបង្ហាញពីបញ្ហាប្រឈមដល់វិស្វករ ហើយសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រពីលេខាធិការនៃកងទ័ពអាកាសបានលើកឡើងពីការពន្យារពេល និងការធ្វើតេស្តិ៍ដែលអាចកើតមាន ដើម្បីដោះស្រាយជាមួយនឹង “ការឡើងកម្តៅបន្ថែម” ដោយសារតែពណ៌ខៀវងងឹត។
ជំនួសមកវិញ យន្តហោះ Air Force One ថ្មីនេះនឹងធ្វើឱ្យដូចម៉ូតយន្តហោះចាស់នាពេលបច្ចុប្បន្ន ទោះបីជាពណ៌ខៀវងងឹតនឹងក្លាយជា “ពណ៌ទំនើបជាងមុន” ជាងពណ៌ខៀវស្រាលដែលមានស្រាប់ ហើយវានឹងមិនមានលោហៈប៉ូលានៅលើតួយន្តហោះនោះទេ “ព្រោះសាច់ដែកអាលុយមីញ៉ូមរបស់យន្តហោះពាណិជ្ជកម្មទំនើបមិនអាចប៉ូលាបានទេ”។
យន្តហោះជំនួសថ្មីនេះត្រូវគេព្យាករណ៍ថានឹងត្រូវចែកចាយនៅឆ្នាំ ២០២៧ និង ២០២៨ ដូច្នេះអ្នកឈ្នះការបោះឆ្នោតឆ្នាំ ២០២៤ នឹងក្លាយជាអ្នកជិះយន្តហោះនេះដំបូងគេ៕
យន្តហោះ Air Force One ថ្មីនឹងប្រកាន់ខ្ជាប់ពណ៌ស និង ខៀវ មិនយកក្រហមតាមលោកត្រាំទេ