បេក្ខជនបំរុងតំណាងរាស្រ្តមណ្ឌលព្រៃវែងដឹកនាំនិស្សិតចុះបង្រៀនប្រជាជនគូសសន្លឹកឆ្នោតដល់ខ្នងផ្ទះប្រជាជន

2224
ចែករម្លែក

ព្រៃវែងៈ លោក ស្តើង សុខុម បេក្ខជនតំណាងរាស្រ្តបំរុងមណ្ឌលខេត្ត ព្រៃវែងនាថ្ងៃទី១៤ កក្កដា ២០១៨ បានដឹកនាំនិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)ជាង១០០នាក់ចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋដើម្បីបង្រៀនអំពីរបៀបគូសសន្លឹកឆ្នោត នៅក្នុងឃុំចំនួន៣ក្នុងស្រុកកំចាយមារ ។ ក្រុមនិស្សិតបានចំណាយ ពេលពេញមួយថ្ងៃ ​ចុះ​បង្រៀន​ពី​របៀប​គូស​សន្លឹក​ឆ្នោត​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋដឹង​ពី​របៀប​គូស​លើ​សន្លឹក​ឆ្នោត​ដែល​ត្រឹមត្រូវ និង​ ទុក​ជា​បាន​ការ​នៅ​ពេល​រាប់​សន្លឹក​ឆ្នោត ។

លោក ស្តើង សុខុម បេក្ខជនតំណាងរាស្រ្តបំរុងមណ្ឌលខេត្តព្រៃវែង បានធ្វើការពន្យល់ថា៖ទោះ​ជាប្រជា​ពលរដ្ឋ​ខ្មែរ​ធ្លាប់​ឆ្លង​កាត់​បោះឆ្នោត​ច្រើន​អាណត្តិ រាប់​ទាំង​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ និង ​ទាំង​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៣ ក៏ដោយក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​នៅស្រពេចស្រ ពិល​នៅ​ឡើយ​ពី​របៀប​គូស​សន្លឹក​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ។

លោកបានបន្តឲ្យដឹងថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​រក​ឃើញ​សន្លឹក​ឆ្នោត​ទុក​ជា​មោឃៈ ឬ​ ឥត​បាន​ការ​ជាច្រើន​នៅ​ពេល​រាប់​សន្លឹក​ឆ្នោត ។ ជាក់​ស្ដែងការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៤ ឆ្នាំ​២០១៧ កន្លង​មក មាន​សន្លឹក​ឆ្នោត​ឥត​បាន​ការ​ប្រមាណជាង ១ ភាគរយ នៃ​ចំនួន​សន្លឹក​ឆ្នោត​ដែល​បាន​បោះ​រួចហើយ​តួលេខ​ដែល​រក​ឃើញ​សន្លឹក​ឆ្នោត​ខុស​ច្រើន​ជាង​គេ​នោះ គឺ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី ២ ឆ្នាំ​១៩៩៨ ដែល​មាន​សន្លឹក​ឆ្នោត​ប្រមាណ​ជាង ៣ ភាគរយ ដែល​ខុស ។

នៅក្នុងឳកាសនោះ លោក ស្តើង សុខុម បានធ្វើការពន្យល់និងណែនាំទៅកាន់ក្រុមនិស្សិតទាំងអស់ ត្រូវធ្វើការណែនាំនិងផ្តល់ឲ្យប្រជាជនធ្វើការគូសជាក់ ស្តែងទៅលើ ក្រដាសសន្លឹកឆ្នោតដែលជាគំរូ និងរបៀប​គូស​សន្លឹកឆ្នោត​ដែល​ត្រឹមត្រូវ​សម្រាប់​ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ឆ្នាំ​២០១៨​ ។ លោក បានសង្កត់ធ្ងន់លើចំណុច​សំខាន់គឺ​ផ្តោត​ទៅលើ​ការ​គូស​សន្លឹកឆ្នោត ដែល​ត្រឹមត្រូវ ដែល​អ្នកបោះឆ្នោត​ត្រូវ​គូសសញ្ញា​គាំទ្រ (សញ្ញាធីក)​មួយ​នៅក្នុង​ប្រអប់​បួន​ជ្រុង​ទ្រវែងនៃ​គណបក្ស​នយោបាយ​តែមួយគត់ ដែល​ខ្លួន​ពេញចិត្ត ដោយ​ប្រើ​ប៊ិក​ដែល​មាន​នៅក្នុង​បន្ទប់សម្ងាត់​ស្រាប់ឬ ក៏​អាច​ប្រើ​ប៊ិក​ផ្ទាល់ខ្លួន លើកលែង​តែ​ខ្មៅ​ដៃ ​។​ ចំពោះកន្លែងដែលត្រូវគូសសញ្ញាធីក ត្រូវគូសមិន​ឲ្យ​លើស ឬ​ ហៀរ​ចេញ​ទៅ​ក្រៅ ចូល​ក្នុង​ប្រអប់​នៃ​គណបក្ស​ផ្សេង​នោះ​ទេ បើ​មិន​ដូច្នោះសន្លឹក​ឆ្នោត​នោះ​ក្លាយ​ជា​សន្លឹក​ឆ្នោត​ឥត​បាន​ការ​ដោយ​មិន​ដឹង​ខ្លួន។ជា​ទូទៅទម្រង់​សន្លឹក​ឆ្នោត​ដែល​ចេញ​ដោយ គ.ជ.ប បាន​ដាក់​លេខ​រៀង​លំដាប់​លំដោយ​នៃ​គណបក្ស​នយោបាយ​ចំនួន​​ ២០ ដែល​បាន​ឈរ​ឈ្មោះបោះ ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៦ នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ។ គណបក្ស​នយោបាយ​នីមួយៗ​ត្រូវ​ខណ្ឌ​ដោយ​ខ្សែ​បន្ទាត់​រាង​បួន​ជ្រុង​ទ្រវែង ហើយ​ក្នុង​ប្រអប់​នោះ​មាន​ប្រអប់​តូច​មួយ​ទៀត​នៅ​ខាង​ស្តាំ​នៃ​ចុង​សន្លឹក​ឆ្នោត សម្រាប់​គូស​សញ្ញា​ត្រឹមត្រូវ ឬ​ សញ្ញា​ធីក។

លោក ស្តើង សុខុម បានបន្តថា៖ សន្លឹក​ឆ្នោត​ឥត​បាន​ការ​ធ្វើ​ឲ្យ​ខាត​សន្លឹក​ឆ្នោត និង​ បាត់​បង់​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ម្នាក់ដែល​បាន​បញ្ចេញ​ទៅ​ហើយ បែរ​ជា​ទុក​ជា​មោឃៈ​ដោយ​មន្ត្រី​បោះឆ្នោត​ទៅ​វិញ ។ សន្លឹកឆ្នោតរបស់ប្រជាជនម្នាក់ៗវាមានតម្លៃណាស់ហេតុដូចនេះហើយបានជាយើងត្រូវចំណាយពេល វេលា និង ទុនមួយចំនួនធំក្នុងការចុះបង្រៀនប្រជាជនឲ្យបានយល់ និង ចេះឲ្យបានច្បាស់ក្នុងការគូសវាសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ។ លោកបន្តថាយើង មិនមែនមិនជឿថាប្រជាជនយើងចេះគូស ចេះធីក នោះទេ តែពេលខ្លះយើងក៏ត្រូវតែមានភាពម៉ត់ចត់ តាំងពីការងារតូចតាចទៅ ដើម្បីភាពជោគជ័យរបស់យើង ។

ក្នុង​គេហទំព័រ​ដដែល​របស់ គ.ជ.ប បាន​បង្ហាញ​សន្លឹក​ឆ្នោត​ឥត​បាន​ការ ដែល​មាន​គំនូស​សញ្ញា​ក្នុង​ប្រអប់​បួន​ជ្រុង​ទ្រវែង​នៃ​គណបក្ស​នយោបាយ​លើស​ពី​មួយ សន្លឹក​ឆ្នោត​មាន​គំនូស​សញ្ញា​មួយ ឬ​ ច្រើន​នៅ​ក្រៅ​ប្រអប់​បួន​ជ្រុង​ទ្រវែង សន្លឹក​ឆ្នោត​មាន​សរសេរ​ពាក្យ​ពេចន៍ ឬ​ឃ្លា​ប្រយោគ​ផ្សេងៗ​ក្នុង​ប្រអប់ ឬ​ក្រៅ​ប្រអប់​បួន​ជ្រុង​នៃ​គណបក្ស​នយោបាយ សន្លឹក​ឆ្នោត​មាន​ផ្ដិត​ស្នាម​មេដៃ ទោះ​ជា​នៅ​ក្រៅ​ប្រអប់ ឬ​ក្នុង​ប្រអប់​បួន​ជ្រុង សន្លឹក​ឆ្នោត​មាន​បិទ​តែម ឬ​ក្រដាស​ប្រាក់ ក្រដាស​បក​បិទ ក្រដាស​មាន​សំណេរ ឬ​រូប​សញ្ញា​ផ្សេងៗ ភ្ជាប់​នឹង​ប្រអប់​បួន​ជ្រុង​ទ្រវែង​នៃ​គណបក្ស​នយោបាយ សន្លឹក​ឆ្នោត​មាន​ឯកសារ​ផ្សេងៗ​បិទ ឬ​ខ្ទាស់​ជាប់​ជាមួយ សន្លឹក​ឆ្នោត​មាន​សរសេរ​ឈ្មោះ ហត្ថលេខា ឬ​សញ្ញា​ដែល​នាំ​ឲ្យ​ស្គាល់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត សន្លឹក​ឆ្នោត​រហែក​ដាច់​បាត់​លេខ​រៀង ឬ​ប្រអប់​បួន​ជ្រុង​ទ្រវែង​គណបក្​នយោ បាយ សន្លឹក​ឆ្នោត​រហែក​ដាច់​ចេញ​ពី​គ្នា​ទាំង​ស្រុង​តែ​ម្តង សន្លឹក​ឆ្នោត​មាន​ប្រឡាក់​ពណ៌​នៅ​ផ្នែក​ខាង​មុខ ឬ​ផ្នែក​ខាង​ខ្នង ដែល​មិន​អាច​មើល​ឃើញ​នូវ​រូប​សញ្ញា និង​អក្សរ​ដែល​ត្រូវ​បាន​បោះពុម្ព​នៅ​លើ​សន្លឹក​ឆ្នោត សន្លឹក​ឆ្នោត​គ្មាន​បោះត្រា​សម្ងាត់​ផ្លូវ​ការ​នៃ​ការិយាល័យ​បោះឆ្នោត និង​សន្លឹក​ឆ្នោត​មាន​បោះពុម្ព​ត្រា​សម្ងាត់​ដែរ ប៉ុន្តែ​ពុំ​មែន​ជា​ត្រា​សម្ងាត់​ផ្លូវ​ការ​នៃ​ការិយាល័យ​បោះឆ្នោត។

បន្ទាប់ពីទទួលបានការណែនាំរួចមកក្រុមនិស្សិតបានចាប់ផ្តើមការងាររបស់ខ្លួនដោយថ្មើរជើង នៅក្នុងឃុំចំនួន ៣ គឺឃុំក្របៅ,ឃុំត្របែកនិងឃុស៊ាងឃ្វាង ចេញពីខ្នងផ្ទះមួយចូលទៅខ្នងផ្ទះមួយ ជាមួយការពន្យល់ និង ណែនាំពីរបៀងគូស ធីក លើសន្លឹកឆ្នោត និង ផ្តល់ការអនុវត្តជាក់ស្តែងដោយឲ្យប្រជាជនដែលមាន ឈ្មោះ ក្នុងបញ្ជីបោះឆ្នោតគូសសាកល្បងនៅលើគំរូសន្លឹកឆ្នោត មួយសន្លឹកហើយមួយសន្លឹកទៀងរហូតចេះស្ទាត់ទើបបន្តទៅខ្នងផ្ទះមួយជ្សេងទៀត ។ ចប់ភូមិមួយ ចូលទៅក្នុងភូមិមួយ រហូតចប់តាមគោលដៅដែលបាន កំណត់ ។

ពូ យ៉ន ដែលមានអាយុជាង ៦០ ឆ្នាំបានថ្លែងថា ពូធ្លាប់បោះឆ្នោតនេះវា ៥ អាណត្តិមកហើយ ពូពិតជាអាចគូសធីក នៅក្នុងសន្លឹកឆ្នោតបានយ៉ាងល្អ ។ ក៏ប៉ុន្តែពូក៏មានការព្រួយបារម្ភថា ចំពោះរូបពូមិនបញ្ហាទេដែលចេះអក្សរ ស្គាល់លេខរៀង ទោះបីសន្លឹកឆ្នោតគេបត់បែបណា ក៏ពូគូសមិនខុសដែរ ។ ក៏ប៉ុន្តែមនុស្ស ចាស់ៗមួយចំនួនគាត់ចាស់ ហើយថែមទាំងមិនចេះអក្សរទៀត ពេលខ្លះគាត់ពិតជាគូសខុស ឬ អាចគូសបញ្ច្រាស់ក៏បានដូចជា គណបក្សប្រជាជនកម្ពុជានៅលេខ រៀងទី ២០ គឺមិនពិបាករកទេគឺនៅក្រោមគេ និង ប៉ែកខាងស្តាំ បើយើងមើលទៅតាមលំដាប់លំដោយ ។ ប្រសិនជាសន្លឹកឆ្នោតបទជាបួនភ្នត់ ប្រជាជនខ្លះដែលមិន ចេះអក្សរគាត់អាចលាសន្លឹកឆ្នោតមកគូស ដោយមិនមើលខាងណាក្បាល ខាងណាកន្ទុយវាអាចធ្វើលេខ ២០ នឹងក្លាយទៅជាលេខរៀងលេច ១ វិញ ព្រោះគាត់ចាំ តែម្យ៉ាងថាគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី ២០ គឺខាងក្រោមគេ និង នៅស្តាំគេបំផុត នេះក៏ជាចំណុកគួរឲ្យព្រួយបារម្ភ ។

នៅល្ងាចថ្ងៃដដែលបន្ទាប់ពីចំណាយពេលធ្វើការងារបង្រៀនប្រជាជនគូសសន្លឹកឆ្នោតរួចរាល់ជាកាលលើកទឹកចិត្តដល់ក្រុមនិស្សិត លោក ស្តើង សុខុម ក៏បានផ្តល់ឳកាសដល់និស្សិតទាំងអស់បានទៅទស្សនកិច្ចនៅកន្លែងផលិតឲ«​ទូក ង​» វែង​ជាងគេ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ ។ «​ទូក ង​»​នេះ មាន​បណ្ដោ យ​ប្រវែង ៨៥​ ម៉ែត្រ និង ​ទទឹង​ប្រវែង ១, ៥៧ ​ម៉ែត្រ ដែល​ផ្ទុក​ចំណុះ​ទូក​ចំនួន ១៧៩​ នាក់​។

សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តព្រៃវែងផលិត”ទូកង”បានបញ្ជាក់ថា គោលបំណ​ងនៃការកសាងទូកវែងជាងគេលើពិភពលោកនេះដើម្បីបំបែកឯត ទគ្គកម្មកំណត់ត្រាពិភពលោក និង ដើម្បីរំលឹកឡើងវិញនូវស្នាព្រះហស្ថរបស់ព្រះមហាក្សត្រខ្មែរ គ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូកជាមធ្យោបាយមួយក្នុងការការពារ ទឹកដី។ ការផលិតទូកនេះ ដើម្បីបង្ហាញពីប្រវត្តិដ៏យូរលង់នៃការផលិត និងការប្រើប្រាស់ទូករបស់ខ្មែរតាំងពីសម័យបុរាណ និងជួយលើកតម្កើងកិត្យានុភាពជាតិ ដោយបង្ហាញឲ្យពិភពលោកទាំងមូលបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយបាន​ មិនត្រឹមតែកសាងប្រាសាទដ៏អស្ចារ្យរបស់មហាវីរក្សត្រ ជំនាន់មុនទេ ប៉ុន្តែកូនខ្មែរជំនាន់ក្រោយក៏អាចសាងបានភាពអស្ចារ្យរបស់ខ្លួនដោយឡែកផងដែរ ។

តំណាងឲ្យនិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា លោក ស្តើង សុខុម បានបង្ហាញចំណាប់អារម្មណ៍ដោយបានថ្លែងកោតសរសើរ និងគោរពចំ ពោះគំនិតច្នៃប្រឌិតរបស់កូនខ្មែរ ក្នុងកាជួយលើកតម្កើងកិត្យានុភាពជាតិដោយបង្ហាញពិភពលោកទាំងមូលឲ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏ អស្ចារ្យមួយ ។ ការកសាង “ទូកង” នេះក៏បានជំរុញស្មារតីស្នេហាជាតិ និងសាមគ្គីភាព នៃយុវជនជាកូនចៅជំនាន់ក្រោយក្នុងការថែរក្សានិងអភិរក្សកេរដំណែលពី ដូនតា ហើយក៏ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ចេះសាមគ្គីគ្នា រួបរួមគ្នាជាធ្លុងមួយ តាមរយៈការកសាង ទូក-ង វែងជាងគេចាប់ផ្តើមតាំងពីឈើមួយដើមរហូត ដល់ចេញជារូបរាងទូកឡើង ដោយការនាំគ្នាចាំងឈើបន្តិចម្តងៗ ។ លោក ស្តើង សុខុម បានថ្លែងអំណរគុណចំពោះគណកម្មការកសាង ទូកងវែងជាគេដែលបាន ផ្តល់រូបលោក និង និស្សិតសាកលវិទ្យាល័យ CUSបានមកទស្សនា នាពេលនេះនឹងធ្វើឲ្យយុវជនខ្មែរះអាចបណ្តុះឆន្ទៈនិងនាំគ្នាបង្កើតនូវអ្វីដែលអស្ចារ្យសម្រាប់ខ្មែរ ៕BR

ទីតាំងផ្សាយពាណិជ្ជកម្ម