ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ សមយុទ្ធ​យោធា​ពស់វែក​មាស​២០២៣(Cobra Gold 2023)​ដែល​មាន​ការចូលរួម​ពី​កងកម្លាំង​ទៅ​ពី​៣០​ប្រទេស​បាន​ឈាន​ដល់​ទីបញ្ចប់​កាលពី​ថ្ងៃ​សុក្រ​ទី​១០​មីនា​។​តែ​មុន​ពិធី​បិទ​បញ្ចប់​ ពួក​មេបញ្ជាការ​កងទ័ព​ដែល​ចូលរួមបាន​ត្រួត​មើល​ការហ្វឹកហាត់​បាញ់​គ្រាប់​ពិត​រួមគ្នា​។​

​សមយុទ្ធ​ថ្ងៃបញ្ចប់ក្នុងឆ្នាំនេះបាន​ប្រើ​សព្វាវុធ​ធុន​ធ្ងន់​និង​ទាហាន​៦០៩​នាក់​ទៅ​ពី​កងកម្លាំង​ថៃ អាម៉េរិក សិង្ហ​បុរី ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​។​វា​រួម​មាន​ការហាត់​បាញ់កាំភ្លើង​ធំ​និង​ការបាញ់​គាំទ្រ ប្រតិបត្តិការ​វាយប្រហា​រ​តាម​អាកាស​និង​ការជម្លៀស​ដោយ​ក្រុម​វេជ្ជសាស្ត្រ​។ យុទ្ធោ​​បរ​ណ៍​ធុន​ធ្ងន់​សំខាន់ៗ​រួម​មាន​រថពាសដែក​BTR​និង​យន្តហោះ​F-16​របស់​ថៃ ព្រមទាំង​F-16​ព្រមទាំង​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ទំនើប​HIMARS​របស់​អាម៉េរិក​។​

​សូមបញ្ជាក់​ថា សមយុទ្ធ​ពស់វែក​មាស​២០២៣​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​២៨​កុម្ភៈ នៅ​មូលដ្ឋាន​ទ័ពអាកាស​អ៊ុយ​តា​ប៉ាវ​ក្នុង​ខេត្ត​រ៉ា​យ៉ង និង​បន្តធ្វើ​រហូតដល់​ថ្ងៃ​សុក្រ​ទី​១០​មីនា​។​វា​មាន​ការចូលរួម​ពី​ទាហាន​៧.៣៩៤​នាក់ ក្នុងនេះ​ប្រមាណ​៦.០០០​នាក់​ជា​ទាហាន​អាម៉េរិក​។​

​សមយុទ្ធ​នេះ​អនុញ្ញាត​អោយ​មាន​ការផ្លាស់​ប្តូរ​ចំណេះយោធា ទ្រឹស្តី​និង​បច្ចេកវិទ្យា​ព្រមទាំង​ពង្រីក​បទពិសោធន៍​របស់​កងកម្លាំង​ចូលរួមនៅក្នុង​ប្រតិបត្តិការ​ពហុ​ជាតិ​រួម​គ្នា​៕

​ទាហាន​អាម៉េរិក​និង​ថៃ​លោក​ឆត្រយោង​រួមគ្នា​ក្នុង​សមយុទ្ធ​ពស់វែក​មាស​

​ទាហាន​អាម៉េរិក​ប្រើ​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ទំនើប​HIMARS​ក្នុង​សមយុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ខេត្ត​ឡុប ប៊ូ​រី​

​សមយុទ្ធ​ហាត់​បាញ់កាំភ្លើង​គាំទ្រ រួម​មាន​កាំភ្លើង​ធំ​និង​កាំភ្លើង​ត្បាល់​