សៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានលើកឡើងថា តាំងពីយូរលង់ណាស់មកហើយ ក្រៅពីប្រាសាទបុរាណ ដូន តាខ្មែរ ក៍បានបន្សល់ទុកនូវមរតកជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ ។ ដូច្នេះការបណ្តុះបណ្តាលជំនាញមរតកពីដូនតានេះ ពិតជាសំខាន់ខ្លាំងណាស់។

លោកស្រីរដ្ឋមន្ត្រីបានលើកឡើងបែបនេះ គឺនៅក្នុងឱកាសដែលអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលសិប្បកម្មកម្ពុជា(ហៅកាត់ថា សច្ចៈ) ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
លោកស្រីបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ រាជ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន១លាន៥សែននាក់។ ក្នុងនោះពី២ ទៅ៤ភាគរយ ជាការបណ្តុះ បណ្តាលជំនាញពីដូនតា ដូចជា តម្បាញ ស្មូន ចម្លាក់ជាដើម។ លោកជំទាវបន្តថា ជំនាញដូនតាទាំងអស់នេះ បើមិនមានការបណ្តុះបណ្តាលទេ វានឹងបាត់ពីមួយជំនាន់ទៅមួយជំនាន់។

ចំណែកអគ្គនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលសិប្បកម្មកម្ពុជា(សច្ចៈ) លោកព្យែ អង់ដ្រេ (Pierre Andre) បានឲ្យដឹងថា មជ្ឈមណ្ឌលនេះបានធ្វើការបណ្តុះបណ្តាលមុខជំនាញសិប្បកម្មចំនួន១១មុខផ្សេងៗគ្នា ដូចជាចម្លាក់ឈើ ចម្លាក់ថ្ម តម្បាញ ខ្មុក ជាដើម ។ លោកបន្តថា នៅទីនេះ យើងបានផ្តោតសំខាន់លើការបណ្តុះបណ្តាលសិប្បករខ្មែរ ឲ្យពួកគាត់មានភាពម្ចាស់ការលើខ្លួនឯង និងអាចគ្រប់គ្រងអាជីវកម្មដោយខ្លួនឯងផងដែរ។

លោកអង់ដ្រេ បន្តថា នៅសៀមរាប វាជាការចាប់ផ្តើម ប៉ុន្តែវានឹងបន្តមាននៅតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា ស្របតាមប្រសាសន៍របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលជានិច្ចកាលសម្តេចតែងតែងជំរុញឲ្យមានការបណ្តុះបណ្តាលវិជ្ជាជីវៈនៅគ្រប់ទិសទី៕សរន