ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ដងស្ទឹងមង្គលបូរី រងការរីងខះជាកង់ៗ ដោយអន្លើជាភាគច្រើន ដូចរាល់ឆ្នាំដែរ ប៉ុន្តែមន្ត្រី និងពលរដ្ឋ បានអះអាងថា ពលរដ្ឋមិនខ្វះទឹកប្រើប្រាស់ និងទឹកផឹកទេ គ្រាន់តែវាមិនសម្បូរគ្រប់គ្រាន់ប៉ុណ្ណោះ។

បានដឹងដូច្នោះ នៅពេលលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយ លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឌតុនិយមខេត្ត លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងមន្ត្រីមូលដ្ឋាន ចុះពិនិត្យគម្រោងសំណង់ស្ទាក់ទឹកតូច ទាប ក្នុងពោះស្ទឹងមង្គលបូរី នៅចំណុចវត្តគយម៉ែង និងចំណុចភូមិចម្ការចេក ឃុំគយម៉ែង ដើម្បីនាំនិងរក្សាទឹកប្រើប្រាស់ និងបរិភោគ។

លោក អ៊ុំ រាត្រី បានប្រាប់រស្មីកម្ពុជាថាៈ គម្រោងធ្វើទំនប់បេតុងនេះ ទប់ទឹកក្នុងពោះស្ទឹង នេះ ជាការឧបត្ថម្ភដោយលោកតែម្តង ហើយបំណងដោះស្រាយបន្ទាន់នេះ ដើម្បើស្ទាក់ ទឹកដែលអាចសុំបង្ហូរពីដងស្ទឹង ផ្នែកខាងលើមក ដោយស្តុកទុក សម្រាប់បម្រុងទុក ផ្គត់ផ្គង់ប្រើប្រាស់ និងបរិភោគ នារដូវប្រាំង ពីខែមីនា ដល់ខែឧសភា ឬមិថុនាខាងមុខ។

ដោយឡែក លោក ឡាយ សុធី បានប្រាប់ឱ្យដឹងថាៈ គម្រោងធ្វើទំនប់ស្ទាក់ទឹកក្នុងពោះ ស្ទឹងនោះ មន្ត្រីជំនាញ និងអាជ្ញាធរ បានសិក្សាហើយ មាន ២ កន្លែង គឺទី១-នៅត្រង់ វត្តគយម៉ែង និងទី២-ត្រង់ភូមិចម្ការចេក ក្នុងភូមិសាស្ត្រឃុំគយម៉ែង ។ សំណង់ទំនប់ ១ កន្លែងៗ មានកម្ពស់ត្រឹម ១,៣ ម៉ែត្រប៉ុណ្ណោះ។

ចំណែក លោក រ័ត្ន ដាស៊ីណង់ បានប្រាប់រស្មីកម្ពុជាថាៈ ស្ថានភាពធារទឹកក្នុងពោះស្ទឹង មង្គលបុរី បានរីងខះ ស្ងួតដោយអន្លើ ឬជាកង់ៗ ក្នុងបណ្តាឃុំនានា ដែលនៅបណ្តោយ ស្ទឹង តាំងពីដើមឆ្នាំ២០២៣ ឬពីដើមរដូវប្រាំង មកម្ល៉េះ ។

លោកបានបន្តថាៈ រាល់ឆ្នាំ ក៏រីងខះទឹកដូច្នេះដែរ ប៉ុន្តែលោក និងពលរដ្ឋ អះអាងថា គ្រោះធម្មជាតិនៃបម្រែបម្រួលអាកាសធាតុនេះ មិនបង្កឱ្យពលរដ្ឋ រស់នៅតាមបណ្តោយ ដងស្ទឺង និងរស់នៅពឹងលើស្ទឹងនេះ មិនមានបញ្ហាធ្ងន់ធ្ងរនោះទេ។ ដ្បិតអី ពលរដ្ឋ បានមានទឹកស្អាតសហគមន៍ និងពីបណ្តាញសេវាករ ទឹកស្រះ ឬប្រឡាយ បឹង បួរ បម្រុងទុកដែរ ។

លោក ឡា រស្មី មេឃុំគយម៉ែង បានប្រាប់រស្មីកម្ពុជាដែរថាៈ ពលរដ្ឋបានរៀនរស់ជាមួយ ស្ថានភាពដែលស្ទឹងមង្គលបូរី ត្រូវរីងខះទឹកបែបនេះ ជាច្រើនឆ្នាំមកហើយ ពោលគឺ ពលរដ្ឋមិនពឹងផ្អែកទាំងស្រុង លើទឹកស្ទឹង ដូចពីអតីតកាលឡើយ ។

លោក បានបន្តថាៈ ទោះជារស់នៅបណ្តោយដងស្ទឹងមែន ក៏ពលរដ្ឋពឹងលើទឹកអណ្តូង ស្រះ ប្រឡាយ និងទឹកស្អាតរបស់ក្រុមហ៊ុន ដែលគេមានអាង ឬស្រះធំៗ ស្តុកទឹកទុក ផលិត ។

ឯប្រភពផ្សេងៗទៀត បានឱ្យដឹងថាៈ មូលហេតុដែលនាំឱ្យស្ទឹងធំបង្អស់ទី១ (មង្គលបូរី) នេះ រីងខះ តែរាល់ឆ្នាំនោះ មកពី ១-ការបូមទឹកធ្វើស្រូវប្រាំង ដែលលើសផែនការពី ២០០ ទៅ ៣០០ ភាគ ។ ២-កត្តាបម្រែបម្រួលអាកាសធាតុ ។ ៣- សំណង់ស្ទាក់ទឹក មិនទាន់គ្រប់គ្រាន់ ឬមិនស្របបច្ចេកទេស។ ៤-សមត្ថភាពដោះស្រាយបញ្ហាទឹក នៅមានកម្រិត ។ល។

សូមបញ្ជាក់ថា ស្ទឹងមង្គលបូរី មានប្រភពនៅភ្នំ និងខ្ពង់រាប នៃខេត្តច័ន្ទបុរី ប្រទេសថៃ ហើយហូរចុះមកកាត់ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួចទៅជួបគ្នានឹងស្ទឹង សិរីសោភ័ណ មុននឹងចាក់ចូលបឹងទន្លេសាប៕ V / N