ដោយ:មុនីរ័ត្ន/ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរលោក លី ឈាង ត្ដែលរូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ ដោយសម្តេចបានលើកឡើងថា ការតែងតាំង លោក លី ឈាង ក្នុងតួនាទីដ៏ឧត្តុង្គឧត្តម និងមានសារសំខាន់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការជឿជាក់ និងទំនុកចិត្ត ដែលរដ្ឋាភិបាល និងប្រជាជនចិន មានចំពោះ លោក ។ សម្ដេចតេជោជឿជាក់យ៉ាង មុតមាំថា តាមរយៈភាពជាអ្នកដឹកនាំ ប្រកបដោយសមត្ថភាព និងបទពិសោធន៍ច្រើនឆ្នាំរបស់ ឯកឧត្តម ប្រទេសចិននឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍យូរអង្វែងរបស់ខ្លួន ជំរុញភាពរុងរឿងដ៏អស្ចារ្យ និង ដើរតួនាទីកាន់តែសំខាន់ថែមទៀត នៅលើឆាកអន្តរជាតិ។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា សម្តេចមានសេចក្តីសោមនស្សរីករាយ ដែលបានទទួលព័ត៌មានថា ឯកឧត្តម ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមចូលរួមសម្ដែងនូវ អំណរសាទរយ៉ាងកក់ក្តៅបំផុតជូន ឯកឧត្តម ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ និងសូមជូនពរបវរមហាប្រសើរ ឱ្យទទួលបានជោគជ័យធំធេងថែមទៀតជូនចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនចិន។

សម្តេចតេជោបានបញ្ជាក់ថា ការតែងតាំង ឯកឧត្តម ក្នុងតួនាទីដ៏ឧត្តុង្គឧត្តម និងមានសារសំខាន់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការជឿជាក់ និងទំនុកចិត្ត ដែលរដ្ឋាភិបាល និងប្រជាជនចិន មានចំពោះ ឯកឧត្តម។ សម្តេចជឿជាក់យ៉ាងមុតមាំថា តាមរយៈភាពជាអ្នកដឹកនាំ ប្រកបដោយសមត្ថភាព និងបទពិសោធន៍ច្រើនឆ្នាំរបស់ ឯកឧត្តម ប្រទេសចិននឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍យូរអង្វែងរបស់ខ្លួន ជំរុញភាពរុងរឿងដ៏អស្ចារ្យ និង ដើរតួនាទីកាន់តែសំខាន់ថែមទៀត នៅលើឆាកអន្តរជាតិ។

សម្ដេចបន្តថា ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទនងការទូត ជា ប្រពៃណី យូរអង្វែង ដែលបាន និងកំពុងបន្តរីកចម្រើនកាន់តែរឹងមាំថែមទៀត សម្តេចសូមធានាជាថ្មីជូនចំពោះលោកនាយករដ្ឋមន្រ្តីនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន សំដៅអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូងពេជ្ររបស់យើង ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីប្រយោជន៍ ទៅវិញទៅមករបស់ប្រទេស និងប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក៕សរន