ដោយ៖ ដេប៉ូ / ព្រះសីហនុ៖ ដោយពិនិត្យមើលឃើញមាគ៌ា គោលនយោបាយ និង សកម្មភាពបម្រើប្រជាពលរដ្ឋ ពិតប្រាកដ ក៏ដូចជាការរំដោះជាតិមាតុភូមិ ប្រជាជនរួចផុត ពីរបបខ្មែរក្រហម ជាពិសេសសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាលើកទី២ ចាកផុតពីគ្រោះមហន្តរាយ ដ៏កាចសាហាវ នៃជំងឺរាតត្បាតកូវីដ-១៩ ទើបយើងខ្ញុំទាំង អស់គ្នា ស្ម័គ្រចិត្តមកចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ នេះជាការលើកឡើងរបស់ តំណាងសមាជិក សមាជិកាគណបក្សថ្មី ជិត ៥០០ នាក់ ក្នុងពិធីប្រកាសបណ្តាញបក្ស និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងវិស័យ ទេសចរណ៍ ខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា ពិធីនេះ បានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

តំណាងសមាជិកថ្មី បានលើកឡើងទៀតថាៈ តាមរយៈការអនុវត្ត នូវនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជាស្ថាបនិក នៃសន្តិភាព បានធ្វើឱ្យសង្គ្រាមរ៉ាំរៃ រាប់ទសវត្សរ៍នៅកម្ពុជា បានបញ្ចប់ និងនាំមកនូវ សន្តិភាពពាសពេញផ្ទៃប្រទេស ព្រមទាំងបាននាំមកនូវការអភិវឌ្ឍជូនជាតិមាតុភូមិ លើគ្រប់វិស័យ ជាពិសេសបានលើកស្ទួយកិត្យានុភាព កិត្តិយសជាតិកម្ពុជា ទាំងនៅក្នុង តំបន់ និងលើឆាកអន្តរជាតិ។ ដោយពិនិត្យឃើញការលះបង់ដ៏ធំធេង និងកិច្ចខិតខំ ប្រឹងប្រែងបម្រើជាតិ និងប្រជាជនរបស់ គណបក្សដោយឥតលក្ខខណ្ឌ ទើបសមាជិក សមាជិកាទាំងអស់ បានសម្រេចចិត្តស្ម័គ្រចិត្តរួមរស់ជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ដើម្បីបានចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន ថែមទៀត ជាពិសេសដើម្បីរួមចំណែកថែរក្សាសន្តិភាព បម្រើប្រជាពលរដ្ឋ ដោយឈរលើ គោលការណ៍ «គ្រួសារបក្សតែមួយ វាសនាតែមួយ»។

ក្នុងឱកាសនោះដែរ លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្ស បានថ្លែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ក្នុងខ្សែជីវិត របស់ខ្លួន ដែលបានមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

លោក សាយសំអាល់ បានបញ្ជាក់បន្ថែមថាៈ មានតែគណបក្សប្រជាជនកម្ពុជា មួយគត់ ដែលមានគោលនយោបាយ ច្បាស់លាស់ ប្រាកដប្រជា និងអាចអនុវត្តបាន។ គណបក្ស ប្រជាជនកម្ពុជា ជាអង្គការចលនាមហាជនមួយ ដែលផ្សារភ្ជាប់ខ្លួន នៅជាមួយប្រជាជន និងសង្គមជាតិកម្ពុជា នៅគ្រប់កាលៈទេសៈទាំងអស់។ លោក បានសង្កត់ធ្ងន់ថាៈ ក្នុងនាមជាសមាជិក សមាជិកាគណបក្ស ត្រូវសាមគ្គីជាធ្លុងមួយ រួបរួមគ្នាថែរក្សាសន្តិភាព អធិបតេយ្យភាព និងបូរណភាពរបស់កម្ពុជា៕/V