ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាតិជាច្រើន បានកើត ឡើង។ ក្នុងនោះ រួមមាន ការដោះស្រាយបញ្ហាជូន កម្មករ កម្មការិនី ដែលកំពុងទទួល រងផលប៉ះពាល់ពីការព្យួរការងារ ឬការបិទរោងចក្រ ការរៀបចំបុណ្យទន្លេ នៅខេត្តកំពង់ធំ និងទិវាជាតិអំណាន ជាដើម។
១- សម្ដេចតេជោ ហ៊ុន សែន ណែនាំអោយដោះស្រាយបញ្ហាជូនកម្មករកម្មការិនី ដែលកំពុងទទួលរងផលប៉ះពាល់ពីការព្យួរការងារ ឬការបិទរោងចក្រ
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅព្រឹកថ្ងៃទី៦ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច ពិភាក្សាជាមួយម្ចាស់រោងចក្រ ដើម្បីដោះស្រាយបញ្ហាកម្មករ-កម្មការិនី ដែលកំពុងទទួលរងផលប៉ះពាល់ពីការព្យួរការងារ ឬការបិទរោងចក្រ នាពេលបច្ចុប្បន្ន។ បើតាមសម្តេចនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល គ្រោងនឹងប្រើប្រាស់វិធីសាស្ត្រ ដើម្បីជួយ កម្មករ-កម្មការិនី ក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដូចគ្នា នឹងការជួយដល់កម្មករកម្មការិនី ក្នុងវិស័យទេសចរណ៍ ដែលធ្លាប់រងផលប៉ះពាល់ ដោយសារកូវីត ១៩។ នោះគឺកម្មករ-កម្មការិនី ម្នាក់ នឹងទទួលបានថវិកាឧបត្ថម្ភប្រមាណ ៧០ ដុល្លារអាមេរិក ក្នុងមួយខែ ដោយក្នុងនោះ រាជរាជរដ្ឋាភិបាល នឹងចំណាយ ៤០ ដុល្លារ ម្ចាស់រោងចក្រ ៣០ដុល្លារ ដោយគ្រោងនឹងអនុវត្ត ចាប់ពីខែមេសាខាងមុខតទៅ។
២- សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋ កុំឱ្យចាញ់បោកការឃោសនាគណបក្ស នយោបាយ នៅរដូវបោះឆ្នោត
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្រើនរម្លឹកប្រជាពលរដ្ឋខ្មែរថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ នឹងមានការឃោសនា ឬសន្យា ជាច្រើនពីគណបក្សនយោបាយ ដើម្បីទាក់ទាញសំឡេងឆ្នោត នាពេលខាងមុខនេះ។ ក្នុងអំឡុងពេលនេះ សម្តេចតេជោ សូមអោយប្រជាពលរដ្ឋ កុំចាញ់បោកការឃោសនា គណបក្សនយោបាយខ្លះ ដែលចេះតែ «សន្យាខ្យល់»។
៣- រដ្ឋមន្ត្រីអប់រំ សូមឱ្យនាំកុមារ ទៅចូលរួម ក្នុងទិវាជាតិអំណាន ឱ្យបានច្រើន
ក្រោយពីជោគជ័យជាបន្តបន្ទាប់ ទិវាជាតិអំណាន នៅឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅ នៅថ្ងៃទី១១ ខែមីនា នៅឯបរិវេណវិទ្យាស្ថានបច្ចេកទេសកម្ពុជា ឬសាលា តិចណូ ក្នុងរាជធានីភ្នំពេញ។ រដ្ឋមន្ត្រីអប់រំ បានអំពាវនាវដល់មាតាបិតា អ្នកអាណាព្យាបាល សូមនាំកុមារ និងយុវជនទៅចូលរួមក្នុងពិធីនោះ ដើម្បីបណ្តុះគំនិតស្រឡាញ់ការអានដល់ ពួកគេ។ ក្នុងទិវាជាតិអំណាន ពេលនេះ ដូចរៀងរាល់ឆ្នាំ ក៏មានការតាំងពិព័រណ៍សៀវភៅ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២មីនាផងដែរ។
៤-សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកស្ត្រី និងក្មេងស្រី ជាតួអង្គ សំខាន់ មិនអាចខ្វះ បានក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា
ក្នុងឱកាសអញ្ជើញជាអធិបតីអបអរទិវាអន្តរជាតិនារី ៨មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត ចាត់ទុកស្ត្រី និងក្មេងស្រី ជាតួអង្គសំខាន់ មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។ រាជរដ្ឋាភិបាល កំណត់សមភាពយែនឌ័រ និងការពង្រឹង អំណាចសេដ្ឋកិច្ចស្ត្រីជាការងារអាទិភាព ដែលត្រូវអនុវត្តអោយបានជោគជ័យ និងមាន ប្រសិទ្ធភាព។
៥- សម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខារួចរាល់ហើយ ដើម្បីបញ្ចេញថវិកាជួយ ឧបត្ថម្ភ ដល់កម្មករ កម្មការិនី ដែលរោងចក្រព្យួរការងារ
ក្នុងឱកាសអញ្ជើញជាអធិបតី អបអរទិវាអន្តរជាតិនារី ៨មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្តេចបានចុះហត្ថលេខារួចរាល់ហើយ លើអនុក្រឹត្យ បើកផ្លូវឱ្យក្រសួងសេដ្ឋកិច្ច និងក្រសួងការងារ ប្រើប្រាស់ថវិកាជាតិ ក្នុងការឧបត្ថម្ភដល់កម្មករ កម្មការិនី ដែលរោងចក្រ ព្យួរការងារ ប្រមាណ ៣២.០០០ នាក់ ក្នុងក្របខណ្ឌទូទំាងប្រទេស។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រដ្ឋនេះ ធ្វើឡើង ដូចគ្នានឹងការឧបត្ថម្ភ ក្នុងដំណាក់កាលប្រឈមនឹងជំងឺកូវីត១៩ ដែរ គឺកម្មករ កម្មការិនីម្នាក់ ទទួលបាន ៧០ ដុល្លារ ក្នុង ១ខែ ដោយរាជរដ្ឋាភិបាល ចេញ ៤០ ដុល្លារ ហើយថៅកែរោងចក្រ ចេញ ៣០ ដុល្លារ។
៦-សម្ដេច ហ៊ុន សែន គំាទ្រគម្រោងផ្សព្វផ្សាយវប្បធម៌តែទាមទារដាច់ខាត ឱ្យគោរព តាមការណែនាំរបស់ក្រសួងវប្បធម៌
កាលពីថ្ងៃទី៨ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសមួយគំាទ្រ គម្រោងផ្សព្វផ្សាយវប្បធម៌របស់លោកស្រី ទ្រី ដាណា។ តែសម្តេច បញ្ជាក់ថា សម្តេច ទាមទារដាច់ខាតឱ្យលោកស្រី ត្រូវអនុវត្តន៍តាមការណែនាំ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការសម្រេចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាការសម្រេចិត្តត្រឹមត្រូវ ដើម្បីរក្សាតម្លៃសិល្បៈវប្បធម៌ខ្មែរ និងការពារ កុំឱ្យមានការផ្សព្វផ្សាយវប្បធម៌សិល្បៈខ្មែរ ដោយគ្មានប្រភពច្បាស់លាស់ ដែលបង្កជា ការភ័ន្តច្រឡំ។
៧-ក្រសួងសុខាភិបាល ណែនំាមន្ត្រីថ្នាក់រាជធានី-ខេត្ត ត្រួតពិនិត្យ តាមដាននិងវាយតម្លៃ គុណភាពសេវាសុខាភិបាល ពិសេសសេវាកែសម្ផស្ស
កាលពីថ្ងៃទី៨ ខែមីនា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិតណែនំាដល់មន្ទីរ សុខាភិបាល ថ្នាក់រាជធានី-ខេត្ត ធ្វើយ៉ាងណា ត្រូវពង្រឹងប្រសិទ្ធភាពយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃគុណភាពសេវាសុខាភិបាល ក្នុងមូលដ្ឋាន ជាពិសេសសេវាកែ សម្ផស្ស។
៨-សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកពិធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ
កាលពីល្ងាចថ្ងៃទី៩ ខែមីនា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកពិធីបុណ្យទន្លេ លើកទី៧ ដែលបាន ប្រារព្ធឡើង នៅសួនច្បារស្ទឹងសែន ក្នុងខេត្តកំពង់ធំ។ ពិធីបុណ្យទន្លេ នៅខេត្តកំពង់ធំ ប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០មីនា ដោយមានកម្មវិធីជាច្រើន រួមមាន៖ ការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងការតាំង ពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូច និងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន ៣០០ស្តង់។ ក្រៅពីនេះ ក៏មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបុរាណ-សម័យ ដែលមានការចូលរួមពី សិល្បករ-សិល្បការិនីជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានសកម្មភាពកីឡា ដែលរួម មាន កីឡារត់ប្រណាំងកម្សាន្ត ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ កីឡាបាល់ទាត់ឆ្នេរខ្សាច់ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាប៉េតង់ ប្រដាល់គុនខ្មែរ កីឡាបាល់ទាត់លើតុ ដែល សកម្មភាពកីឡាទាំងនេះ នឹងបង្ហាញអំពីការចូលរួមអបអរសាទរ ដល់ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅខែឧសភា ផងដែរ។
៩- សម្តេចតេជោ ហ៊ុន សែន៖ ពិធីបុណ្យទន្លេ នឹងក្លាយជាឱកាសថ្មីមួយទៀត ចូលរួម កាត់បន្ថយភាពក្រីក្រ ជូនពលរដ្ឋក្នុងសហគមន៍
នាឱកាសប្រារព្ធពិធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ «ទន្លេរបស់ យើង ដើម្បីបច្ចុប្បន្ន និងអនាគត» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិត ដោយសម្តេចតេជោ សង្ឃឹមថា ពិធីបុណ្យទន្លេ នឹងក្លាយជាកាលា នុវត្តភាពដ៏ប្រសើរមួយទៀត ធ្វើឱ្យកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចូលរួមចំណែកក្នុងការផ្ដល់ចំណូល ,ការបង្កើនការងារ និងចូលរួមកាត់បន្ថយភាពក្រីក្រ ជូនពលរដ្ឋក្នុងសហគមន៍។
១០-រាជរដ្ឋាភិបាល ប្រកាសបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារ ងាយរង ហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរង ហានិភ័យដែលរង ផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ នៅត្រឹមថ្ងៃទី១០មីនា ឆ្នាំ២០២៣នេះ។ ការឧបត្ថម្ភ សាច់ប្រាក់នេះ បានអនុវត្តកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ មកដល់ពេលនេះ រាជរដ្ឋាភិបាល បានចំណាយប្រមាណជាង ៤៦ប៊ីលានរៀល ស្មើជាង ១១ លានដុល្លារ អាមេរិក។
១១-បុណ្យទន្លេ នៅខេត្តកំពង់ធំ ទាក់ទាញភ្ញៀវទេសចរ ជាង ១លាននាក់ និងនៅបន្ត ដល់យប់ថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត
ក្រសួងទេសចរណ៍ បានប្រកាសថា គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ពិធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋឱ្យចូលទស្សនាប្រមាណ ១ ១២៨ ៥០០នាក់ ខណៈពិធីបុណ្យនេះ បន្តលេងរហូតដល់ ថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត ព្រោះចំថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មានការសប្បាយរីករាយខ្លាំងណាស់ ម្យ៉ាងជាព្រិត្តិការណ៍ធំ ក្រោយកូវីដ ១៩ផង និងចំថ្ងៃទិវានារីអន្តរជាតិ ៨មីនាផង ហើយម្យ៉ាងពួកគាត់ សរសើរអំពីការរៀបចំ តុបតែងភ្លើងលម្អបុណ្យ គួរឱ្យទាក់ទាញ ពួកគាត់ចូលរួមទស្សនាការសម្ដែងសិល្បៈ របាំ និងចម្រៀងសម័យ ព្រមទាំងទិញដូរ ផលិតផល-ទំនិញ និងម្ហូបអាហារ ដែលអាជីវករ -សិប្បករ លក់ជូននៅតាមស្ដង់ពិព័រណ៍ផលិតផលក្នុងស្រុកនានា។ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នឹងអនុញ្ញាតឱ្យពិធីបុណ្យទន្លេនេះបន្តលេងកម្សាន្តនៅថ្ងៃទី១១ និងទី១២ ខែមីនា ថែមទៀត ព្រោះចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ម្យ៉ាងប្រជាពលរដ្ឋ ក៏ចង់នៅដើរ លេងកម្សាន្តបន្តទៀត ហើយអាជីវករក៏នៅបន្តលក់ដូរបានកាក់កប រាល់ថ្ងៃរាល់យប់ ផងដែរ។
១២-ក្រសួងស្ថាប័ននានា ថ្កោលទោសលោក សម រង្ស៊ី ដែលផ្សព្វផ្សាយបំភ្លៃ និងញុះញង់លើសម្តេច ទៀ បាញ់ និងក្រុមគ្រួសារ
ក្រសួងការពារជាតិ រួមទាំងមេបញ្ជាការកងទ័ព និងស្ថាប័នជាច្រើន នៅយប់ថ្ងៃទី១០ ខែមីនា បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ថ្កោលទោសយ៉ាងដាច់ អហង្ការ ចំពោះលោក សម រង្ស៉ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់លើសម្តេចពិជ័យ សេនា ទៀ បាញ់ និងក្រុមគ្រួសារ។ នៅលើហ្វេសប៊ុក កាលពីថ្ងៃទី១០មីនា លោក សមរង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង បានបង្ហោះសារ ដោយប្រកាសគាំទ្របេក្ខភាព លោក ទៀ សីហា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិរដ្ឋសភាទី៧ ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៨។ លោក សមរង្ស៊ី ក៏បានប្រកាសឱ្យប្រជារាស្ត្រខ្មែរ ដែលចង់បានសេរីភាព និង យុត្តិធម៌ ត្រូវតែរួបរួមគ្នាជុំវិញលោក ទៀ សីហា លោក ទៀ បាញ់ និងលោក ទៀ វិញ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរ តាមបែបបទប្រជាធិបតេយ្យ គឺដោយអហិង្សា និងសន្តិវិធី តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។ ក៏ប៉ុន្តែការបង្ហោះសារដូច្នេះរបស់ លោកសមរង្ស៊ី ត្រូវបានក្រសួងស្ថាប័ន ពិសេសសម្តេចទៀបាញ់ និងលោកទៀសីហា បានប្រកាសច្រានចោល និងថ្កោលទោស ដោយចាត់ទុកជាការចោទប្រកាន់យ៉ាង គឃ្លើន របស់លោក សមរង្ស៊ី ដែលជាទណ្ឌិតក្បត់ជាតិបីជំនាន់ និងជាការញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់ មានចែងនៅ ក្នុងក្រមព្រហ្មទណ្ឌកម្ពុជា ដែលប្រឈមនឹងការផ្តន្ទាទោស៕ V / N