ដោយ៖ ដេប៉ូ / ឧត្តរមានជ័យ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានជួបសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ និងចុះហត្ថលេខា ចងសម្ព័ន្ធមេត្រីភាព ស្ថិតនៅភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ថ្លែងក្នុងពិធីដែលបានរៀបចំឡើង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ លោក រដ្ឋមន្ត្រី បានបញ្ជាក់ថាៈ ការលះបង់របស់បងប្អូន ជាការចូលរួមចំណែកការពារសន្តិភាពដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ បាននាំសន្តិភាព ឯកភាពជាតិពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជារបស់យើងទាំងអស់គ្នា “អរគុណសន្តិភាព” និងបន្តគាំទ្រ យ៉ាងពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រី នៅអាណត្តិ បន្ទាប់ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានជម្រាបជូនបងប្អូនយុទ្ធជន អំពីវឌ្ឍនភាពការងារវិស័យ ប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល, បច្ចុប្បន្នភាព ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេស និងសកលលោក និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាល ដែលសម្រេចបាន ដូចជា ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ ក៏ដូចជាភាពជោគជ័យ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការធានា បានការអភិវឌ្ឍសេដ្ឋកិច្ច។

លោករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្រ យ៉ាងពេញទំហឹង កិច្ចសហប្រតិបត្តិការសម្ព័ន្ធ មេត្រីភាពនេះ រឹតតែត្រូវបានពង្រឹង ឱ្យកាន់តែប្រសើរឡើងៗ រួមជាមួយនឹងការបន្តគាំទ្រ ឧបត្ថម្ភបំពេញតម្រូវការរបស់បងប្អូនយុទ្ធជន ដើម្បីរួមចំណែកការពារសុខសន្តិភាព របស់ប្រទេសយើងទាំងអស់គ្នា។

គួរបញ្ជាក់ថា ក្នុងពិធីនេះដែរ លោក រដ្ឋមន្ត្រី បានផ្តល់ជូនអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ព្រមទាំងថវិកា ដើម្បីជួយឧបត្ថម្ភ និងចែកជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ និងបញ្ជាការដ្ឋានកងពលតូច ថ្មើរជើងលេខ៤១៕ V / N