ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា៖ អំណានជាធាតុដ៏សំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ឱ្យមានលក្ខណៈសម្បត្តិពេញលេញ ប្រកបដោយភាពរីកចម្រើនគ្រប់ផ្នែក ដោយមានតុល្យភាព រវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិកាស្នេហាជាតិ និងមនុស្សជាតិ។

គួរបញ្ជាក់ថា ការថ្លែងពីសំណាក់លោករដ្ឋមន្រ្តីក្រសួងអប់រំនេះដែរ ធ្វើឡើងក្នុងទិវាជាតិអំណាន លើកទី៨ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ក្នុងពិធីនេះដែរ លោកបណ្ឌិសភាចារ្យ រដ្ឋមន្ត្រី ក៏បានអញ្ជើញផ្ដល់កិត្តិយសធ្វើបាឋកថា ស្តីពី ”រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស ក្នុងបរិបទនៃការអប់រំ ក្នុងសតវត្សទី២១”។ ដោយឡែក ប្រធានបទនៃកិច្ចពិភាក្សាគឺ៖ “សារៈសំខាន់នៃអំណាន ចំពោះការសិក្សា”។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា: ទិវាជាតិអំណាន ឆ្នាំ២០២៣ នេះ បានកំណត់ប្រធានបទ “អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ” ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពប្រែប្រួល យ៉ាងឆាប់រហ័ស នៃវិស័យអប់រំ ស្របនឹងបរិបទនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព របស់ប្រទេសជាតិ និងសកលលោក។ ទស្សនទាននៃប្រធានបទនេះ មិនសំដៅត្រឹមតែការរៀនអក្ខរកម្ម ចេះអក្សរ ចេះលេខនព្វន្ត ការសិក្សាប៉ុណ្ណោះទេ គឺបានធ្វើបរិវត្តកម្ម និងនវានុវត្តន៍វិស័យអប់រំ គ្រប់ផ្នែក ជាពិសេសអក្ខរកម្មបច្ចេកវិទ្យា ដែលសព្វថ្ងៃកំពុងរីកចម្រើន យ៉ាងឆាប់រហ័ស។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការជាមួយ ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដោយបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញា ប្រារព្ធទិវានេះបានជារៀងរាល់ឆ្នាំ ប្រកបដោយភាពអធិកអធម។

ជាមួយគ្នានេះ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងសប្បុរសជនទាំងអស់ សូមបន្តចូលរួមសហការ និងគាំទ្រដល់ការប្រារព្ធទិវាជាតិអំណាន ១១ មីនា ប្រចាំឆ្នាំ ដោយបង្កើតឱ្យមានកម្មវិធីកាន់តែសម្បូរបែប ប្រកបដោយគុណភាព និងប្រសិទ្ធភាពជាបន្តទៀត ដើម្បីជំរុញស្មារតីប្រជាជនកម្ពុជា ឱ្យបង្កើនការចាប់អារម្មណ៍ ចំពោះការអាន បង្កើតទម្លាប់អាន និងបង្កើនការតែងនិពន្ធ។

ក្រសួងអប់រំ បានឱ្យដឹងថា៖ ដើម្បីអបអរសាទរទិវាជាតិអំណាន ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំកម្មវិធីប្រកួតប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ ពានរង្វាន់ សម្តេចតេជោ ដោយមានការចូលរួម ពីសិស្សានុសិស្សទូទាំងរាជធានី ខេត្ត ដើម្បីបំផុសស្មារតី លើកកម្ពស់ការអាន និងស្មូតកំណាព្យក្នុងចំណោមសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី និងលើកកម្ពស់ការអភិរក្សអក្សរសាស្ត្រជាតិ ព្រមទាំងកម្មវិធីតាំងពិព័រណ៍សៀវភៅ ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ រួមចំណែកការងារ និងពង្រឹងវប្បធម៌ខ្មែរ៕ V / N