ស្លាប់​២​នាក់​និង​របួសធ្ងន់​ម្នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​

1477
ចែករម្លែក

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: នារី​២​នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់ ត្រូវគេ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្តបុក​ជាមួយនិង​ម៉ូតូ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៨​យប់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង មុខ​ក្លោងទ្វារ​ចូល​វត្ត​ធម្មយុត្តិ​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​៣​នាក់ ម៉ាក​ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1D 2761 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​។ ពេលមកដល់​ចំណុចកើតហេតុ អ្នកបើក​ម៉ួ​តូ​បាន​បន្ថែម​ល្បឿន​វ៉ា​ជែង​រថយន្ត​ធំ​មួយគ្រឿង​ទៀត​នៅ​ពីមុខ ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3D 7080 ហើយ​បាន​ទៅ​ប៉ះ​នឹង​រថយន្ត​មួយគ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ដួល​បោក​ចូល​រថយន្ត ដែល​កំពុងតែ​វ៉ា​ជែង​នោះ​តែម្តង​។​

​ក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​ជនរងគ្រោះ​ជានា​រី​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នឹង​នៅ​កន្លែងកើតហេតុ និង​បុរស​ម្នាក់ទៀត​ដែលជា​អ្នក​ឌុប​រងរបួស​ធ្ងន់​។ រីឯ​អ្នកបើកបរ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ ភ្នំពេញ 3D 7080 បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​

​ប៉ូលិស​ចរាចរណ៍​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់ ១-​ឈ្មោះ​ម៉ៅ គឹម​ហៀ​ង ភេទ​ស្រី អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​( ស្លាប់​) ២-​ឈ្មោះ មឿ​ន ស្រី​នាង ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង (​ស្លាប់​) និង ៣-​ឈ្មោះ ថៃ សុ​ភី ភេទ​ប្រុស អាយុ​២៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង រងរបួស​ធ្ងន់ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ