ដោយ:សុវណ្ណកុម្ភ:/ ភ្នំពេញ៖ កីឡាការិនីបាល់បោះរទេះជនពិការ គឺកីឡាការិនី អាន ស៊ីណែត បានអំពាវនាវដល់ជនមានពិការភាពទាំងអស់ សូមកុំបាក់ទឹកចិត្ត ប៉ុន្តែត្រូវ ព្យាយាម ក្រោកឈរឡើង ជម្នះរាល់ឧបសគ្គ នៅចំពោះមុខ។ សូមជនពិការភាពទាំង អស់ កុំចុះចាញ់ និងបាក់ទឹកចិត្ត ចំពោះពិការភាពរបស់ខ្លួន ប៉ុន្តែត្រូវខំដោះស្រាយបញ្ហា ដែលយើងជួបប្រទះ និងត្រូវប្រឹងប្រែងដើរទៅមុខ ទើបយើងស្វែងរកជោគជ័យ សម្រាប់ ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
កីឡាការិនី អាន ស៊ីណែត ទទួលស្គាល់ថា ពេលខ្លះ នាងក៏មានការអាក់អន់ ស្រពន់ចិត្ត ដែរ ដែលមានពិការភាព តាំងពីកំណើត ហើយពេលទៅណាមកណា នាងតែងតែអៀន ខ្មាស មិនហ៊ានចេញពីផ្ទះទេ។ ប៉ុន្តែនាងបានព្យាយាមលើកទឹកចិត្តខ្លួនឯង ដោយបានគិត ថា បើនៅតែខ្មាសអៀននឹងពិការភាពខ្លួនឯងទៀត គឺនាងមិនអាចធ្វើអ្វីបានទេ ព្រោះពេល ទៅរៀន ក៏នៅតែខ្មាសគេ ហេតុនេះ នាងត្រូវតែទទួលយកការពិត និងជម្នះឱ្យបាន គឺមិនត្រូវដេកក្នុងសភាពពិការបែបនេះឡើយ។
«ខ្ញុំត្រូវតែខំប្រឹង ដើម្បីសម្រេចក្តីស្រមៃ ខ្លួនឯង»។ ជាមួយការតាំងចិត្ត ប្រកបដោយភាព ជឿជាក់នេះ អាន ស៊ីណែត បានចាប់ផ្តើមផ្តោតខ្លាំង ទៅលើការសិក្សាជាចម្បង នៅសាលាបឋមសិក្សា វត្តស្វាយអណ្តែត នៅស្រុកកំណើត នាភូមិពាមតាឯក ឃុំឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល និងមានឪពុកម្តាយ ជាកសិករ។
កីឡាការិនីជនមានពិការភាព អាន ស៊ីណែត បានខំប្រឹងជម្នះតស៊ូ ឆ្លងកាត់ឧបសគ្គ រាប់មិនអស់ ក្នុងនាមជនពិការភាពម្នាក់ រហូតអាចអភិវឌ្ឍខ្លួន ក្លាយជាអត្តពលិកជម្រើស ជាតិ ហើយមានសមត្ថភាព ដណ្តើមបានមេដាយមាស និងមេដាយប្រាក់ ជូនប្រទេស ជាតិ ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២ គួរជាទីមោទនភាពបំផុត។
បន្ទាប់មក ស៊ីណែត ក៏បានចូលរៀនជំនាញកាត់ដេរ បន្ថែមទៀត នៅសាលាវិជ្ជាជីវៈ បណ្តុះបណ្តាល បន្ទាយព្រាប ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយរៀនផង និងធ្វើការ រកប្រាក់ចំណូល មកផ្គត់ផ្គង់ដល់គ្រួសារផង។
ជាមួយគ្នានេះ អាន ស៊ីណែត ក៏ឆ្លៀតពេល មកចូលរួមហ្វឹកហាត់កីឡាបាល់បោះជិះរទេះ ក្នុងឆ្នាំ២០១៣ ជាមួយមិត្តរួមក្រុម។ បើទោះបីជាការចូលប្រឡូក ក្នុងវិស័យកីឡាបាល់ បោះជិះរទេះនេះ មានការលំបាក ព្រោះត្រូវប្រើរទេះផង និងឱបបាល់ផង ដើម្បីប្រជែង ជាមួយគូប្រកួត ប៉ុន្តែដោយការស្រលាញ់ និងមានការគាំទ្រលើកទឹកចិត្ត ជំរុញបន្ថែមពី ឪពុកម្តាយផងនោះ អាន ស៊ីណែត បានជម្នះការលំបាកនេះបាន ហើយបានដាក់ចិត្ត កាន់តែខ្លាំង ក្នុងការហ្វឹកហាត់ ជាមួយមិត្តរួមក្រុម រហូតអាចលេងស៊ីចង្វាក់គ្នា បានល្អ។
តាមរយៈការលេងស៊ីចង្វាក់គ្នា បានល្អនេះ អាន ស៊ីណែត និងមិត្តរួមក្រុមរបស់ខ្លួន ត្រូវ បានគណៈកម្មាធិការជាតិ ប៉ារ៉ាហ្គេមឡាំពិកកម្ពុជា ជ្រើសរើសពួកគេ ឱ្យចូលហ្វឹកហាត់ ក្នុងនាមជាកីឡការិនីជម្រើសជាតិ នាឆ្នាំ២០១៧ ហើយទទួលបានឱកាសចេញទៅ ប្រកួត នៅលើឆាកអន្តរជាតិ ជាបន្តបន្ទាប់។
ចំណែកការចូលរួម ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២២ កន្លងមកនេះ អាន ស៊ីណែត និងមិត្តរួមក្រុម បានឈ្នះមេដាយមាស ១ និងប្រាក់១ ជូនប្រទេសជាតិ ។
ពេលនេះ ប្រធានក្រុមបាល់បោះជម្រើសជាតិ ជិះរទេះជនពិការកម្ពុជា អាន ស៊ីណែត ក៏បាននឹងកំពុងដាក់ចិត្ត បង្កើនការហ្វឹកហាត់ផងដែរ ដើម្បីត្រៀមចូលរួមការប្រកួត អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ លើកដំបូង ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ខាងមុខនេះ៕/V/r