ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១១ មីនា ម្សិលមិញនេះ សហព័ន្ធកីឡា បាល់ទាត់កម្ពុជា បានធ្វើមហាសន្និបាតលើកទី១៧ នៅសណ្ឋាគារហ្គាដិនស៊ីធី ដោយមានការចូលរួមពីសំណាក់ សមាជិកគណៈកម្មាធិការប្រតិបត្តិ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងសហព័ន្ធកីឡា បាល់ទាត់អាស៊ី (AFC) តំណាងតំណាងសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ( FFC) និងតំណាងសមាគម/ក្លិប សមាជិកជាច្រើនទៀតផង ។

លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រមុខសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញ មុខព្រួញ ១១ ចំណុច ដែលត្រូវពង្រឹង និងពង្រីក ចាប់ពីឆ្នាំ២០២៣ តទៅ ដើម្បីជំរុញ ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ឲ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព ។ មុខព្រួញទាំង ១១ ចំណុច ដែលប្រមុខសហព័ន្ធបាល់ទាត់ បានលើកឡើងនោះ រួមមាន៖ ១-រដ្ឋបាល និងការគ្រប់គ្រង, ២-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ៣-ការរៀបចំ ការប្រកួតថ្នាក់ជាតិ-អន្ដរជាតិ, ៤-ការអភិវឌ្ឍសមាគមទាំង ២៥រាជធានី-ខេត្ត, ៥-ការអភិវឌ្ឍក្លិប, ៦-ការអភិវឌ្ឍក្រុមជម្រើសជាតិ, ៧-ការអភិវឌ្ឍថ្នាល, ៨-ការអភិវឌ្ឍ ធនធានគ្រូបង្វឹក, ៩-ការអភិវឌ្ឍអាជ្ញាកណ្ដាល, ១០-ការអភិវឌ្ឍបាល់ទាត់ក្នុងសាល និង១១-ការអភិវឌ្ឍផ្នែកទីផ្សារ ទំនាក់ទំនង និងអ្នកគាំទ្រ ។

លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានរាយការណ៍ជូនមហាសន្និបាត អំពីសមិទ្ធផលការងារចម្បងមួយចំនួន ដែលជាផ្នែកសំខាន់ នៃផែនការអភិវឌ្ឍន៍ បាល់ទាត់កម្ពុជា ឲ្យមានចីរភាពរហូតដល់ និងក្រោយពេលស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង ដោយមានអាទិភាពចំនួន ២ ក្នុងចំណោមអាទិភាពទាំងឡាយ នៃផែនការ អភិវឌ្ឍន៍ បាល់ទាត់ឲ្យមាននិរន្ដរភាព រួមមាន៖ បាល់ទាត់ថ្នាល/យុវជន និងហេដ្ឋារចនា សម្ព័ន្ធសម្រាប់ហ្វឹកហាត់ និងទី២ការប្រកួតប្រកបដោយគុណភាព និងសុវត្ថិភាព ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយបានពួកដៃគ្នាសហការ និងជំរុញការអភិវឌ្ឍ ជាក់ស្ដែង ចាប់ពីឆ្នាំ២០១៧ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អនេះ សហព័ន្ធ បានកសាងទីលានតាមបណ្ដាសាលា ទូទាំងប្រទេស ជាមួយយុទ្ធនាការខេត្តមួយ មានទីលានបាល់ទាត់ស្មៅធម្មជាតិមួយ រហូតដល់បច្ចុប្បន្ន បានសាងសង់រួចរាល់ជាស្ថាពរ និងកំពុងដំណើរការប្រើប្រាស់ សម្រាប់ការហ្វឹកហាត់របស់ក្រុមទាំងពីរកម្រិត ៕/V/r