ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មនុស្សជាង១.០០០នាក់ត្រូវបាននាំពីកណ្តាលសមុទ្រមកកាន់កំពង់ផែអ៊ីតាលីចំនួនពីរនៅចុងសប្តាហ៍នេះបន្ទាប់ពីទូកដាក់មនុស្សណែនៗជាច្រើនជួបបញ្ហានៅសមុទ្រម៉េឌីទែរ៉ាណេ នេះបើតាមការអោយដឹងពីកងឆ្មាំសមុទ្រអ៊ីតាលី។
ប្រតិបត្តិការជួយសង្គ្រោះជនអន្តោប្រវេសន៍នេះកើតឡើងនៅពេលជិតពីរសប្តាហ៍បន្ទាប់ពីមនុស្សយ៉ាងតិច៧៦នាក់បានស្លាប់ក្នុងគ្រោះថ្នាក់លិចទូករត់ពន្ធមនុស្សមួយ។
កងឆ្មាំសមុទ្របាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានធ្វើប្រតិបត្តិការសង្គ្រោះធំមួយ ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្របន្ទាប់ពីទូកបីត្រូវបានប្រទះឃើញរសាត់អណ្តែតនៅឯនាយឆ្នេរអ៊ីតាលី។
រូបវីដេអូរបស់កងឆ្មាំសមុទ្របានបង្ហាញទូកនេសាទធំមួយ ត្រូវទឹករលកវាយទៅមុខទៅក្រោយនៅពេលយប់ ដោយមនុស្សជាច្រើននៅលើឃ្លុបទូក។រូបផ្សេងទៀតបានបង្ហាញទូកសង្គ្រោះបើកតម្រង់ទៅកាន់ទូកនេសាទដែលដាក់មនុស្សណែនក្តន់។
កងឆ្មាំសមុទ្របាននិយាយថា មនុស្ស៤៨៧នាក់បានស្ថិតនៅលើទូកទីមួយ។ពួកគេត្រូវបាននាំមកកាន់ឆ្នេរដោយសុវត្ថិភាពនៅរំលងអធ្រាតឈានចូលថ្ងៃសៅរ៍។ក្នុងប្រតិបត្តិការសង្គ្រោះមួយទៀត មនុស្សប្រមាណ៥០០នាក់ត្រូវបាននាំមកកាន់កំពង់ផែរ៉េចូ ខាឡាប្រៀ(Reggio Calabria)។
ទូកទីបីដែលផ្ទុកនុស្ស៣៧៩នាក់ក៏ត្រូវាបានជួយសង្គ្រោះ ដោយទូកល្បាតអ៊ីតាលីចំនួនពីរ ហើយជនភៀសខ្លួនត្រូវបាននាំតាមនាវាកងទ័ពមួយទៅកាន់កំពង់ផែអូហ្គូស្តា( Augusta)លើកោះស៊ីស៊ីលី(Sicily)របស់អ៊ីតាលី។
ទីភ្នាក់ងារសារព័ត៌មានអ៊ីតាលីANSAក្នុងពេលជាមួយគ្នាបានរាយការណ៍ថា ចំនួនមនុស្សស្លាប់ពីការលិចទូកដឹកជនអន្តោប្រវេសន៍កាលពីជិតពីរសប្តាហ៍មុនបានកើនដល់៧៦នាក់ បន្ទាប់ពីការរកឃើញសាកសពមនុស្សបីនាក់ទៀត។
អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា ជនភៀសខ្លួនដល់ទៅ៣០០នាក់បានស្លាប់នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ នៅឆ្នាំនេះក្នុងពេលពួកគេធ្វើដំណើរផ្សងព្រេងតាមទូកនេសាទមិនធានាសុវត្ថិភាពដើម្បីស្វះស្វែងរកជីវភាពប្រសើរឡើងនៅក្នុងទឹកដីថ្មីនៅអឺរ៉ុប៕
ជនអន្តោប្រវេសន៍ត្រូវបាននាំមកដល់កំពង់ផែអូហ្គូស្តាលើកោះស៊ីស៊ីលី
ជនអន្តោប្រវេសន៍ចុះនៅកំពង់ផែCrotoneនៅមុនព្រឹកថ្ងៃសៅរ៍