ដោយ: ភ្នំខៀវ / បាត់ដំបងៈ បុរសម្នាក់ លួចបង្កប់កាមេរ៉ាថតរូប កូនក្រមុំអ្នកស្រុកងូតទឹក និងគំរាមចែកចាយរូបអាក្រាត ជាសាធារណៈ ត្រូវសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនអនុវត្ត តាមច្បាប់។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាល ស្រុកបវេល បានប្រាប់ឲ្យដឹងថាៈ ករណីដាក់បង្កប់កាមេរ៉ា ក្នុងបន្ទប់ទឹក លួចថតកូនក្រមុំអ្នកស្រុក នៅផ្ទះក្បែរគ្នានេះ កម្លាំងផ្នែកជំនាញ នៅចុងសប្តាហ៍កន្លងមកនេះ បានចុះកំណត់មុខសញ្ញា ឃាត់ខ្លួនជន បង្កបានម្នាក់ ក្រោយធ្វើសកម្មភាពផ្ទុយនឹងច្បាប់ កាលពីវេលាម៉ោងជិត ១០ៈ០០នាទី យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចក្នុងបន្ទប់ទឹក ស្ថិតនៅក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ អៀង ខៀង ភេទប្រុស អាយុ ៤២ ឆ្នាំ ចំណែកនារីរងគ្រោះឈ្មោះ ខ.ណ.រ អាយុ ២០ ឆ្នាំ​រស់នៅក្បែរផ្ទះគ្នា ជាមួយជនរងគ្រោះ ក្នុងភូមិ ឃុំ ទីតាំងកើត ហេតុខាងលើ។​ នៅយប់កើតហេតុ ជនសង្ស័យ បានធ្វើសកម្មភាពបង្កប់កាមេរ៉ា ក្នុងបន្ទប់ទឹក លួចថតនារីរងគ្រោះ អាក្រាតកាយ កំពុងងូតទឹក។

សមត្ថកិច្ច បានបន្តថាៈ ក្រោយធ្វើសកម្មភាពលួចថតរូបភាពអាក្រាតកាយ ជនសង្ស័យ បានយករូបភាពវីដេអូ ដែលខ្លួនថតបាន ផ្ញើតាមប្រព័ន្ធតេឡេក្រាម ទៅឲ្យជនរងគ្រោះ មើល រួចបានតម្រូវឲ្យនារីជនរងគ្រោះ ថតស្រាតឱ្យខ្លួនមើលជាថ្មីទៀត ដោយថែមទាំង បានគំរាមថា បើមិនថតស្រាតឲ្យខ្លួនបានមើល ឬបើប្រាប់ឲ្យគេឯង បានដឹង នឹងបង្ហោះ រូបភាពអាក្រាតកាយ ទាំងស្រុង តាមបណ្តាញហ្វេសប៊ុក ជាក់ជាមិនខាន។

ចុងក្រោយ នារីរងគ្រោះ បានសម្រេចចិត្តទម្លាយរឿង និងប្តឹងដល់សមត្ថកិច្ច ហើយផ្នែក ជំនាញ ក៏បានចុះឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿង តាមនីតិវិធីតែម្តង៕ V / N