ដោយៈ មុនីរ័ត្ន / បាត់ដំបង៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី បានអញ្ជើញជាអធិបតី ពិធីបិទព្រឹត្តិការណ៍ម៉ារ៉ាតុន សង្ក្រាន្តបាត់ដំបង ២០២៣ របស់សហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃ១២ ខែមីនា ឆ្នាំ២០២៣ នេះ។
បើតាមរបាយការណ៍របស់លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បាត់ដំបង បានបញ្ជាក់ថាៈ លទ្ធផលសម្រេចបាន របស់ ស.ស.យ.ក. ខេត្តបាត់ដំបង នាពេលកន្លងមក បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការប្តេជ្ញាចិត្ត ការតស៊ូព្យាយាមខិតខំ ជំនះរាល់បញ្ហានានា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញបេសកកម្ម ការងារអប់រំបណ្ដុះបណ្តាលកីឡា ការងារសង្គម បរិស្ថាន វប្បធម៌ និងសាសនា ជា ពិសេសការងារសប្បុរសធម៌ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វ ផ្សាយការរីករាលដាល នៃជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងការចូលរួម សហការក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ រយៈពេល ២ ឆ្នាំកន្លងមក។
ថ្លែងក្នុងឱកាសនោះ លោក ស សុខា បានគូសបញ្ជាក់ថាៈ សង្ក្រាន្តបាត់ដំបង ២០២៣ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បានរៀបចំនៅខែមេសា ខាងមុខ គឺស្របជាមួយគ្នានឹងឆ្នាំទី១០ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រារព្ធធ្វើ សង្ក្រាន្តឡើងវិញ នៅទូទាំងប្រទេស ជាពិសេសនៅទឹកដីខេត្តសៀមរាប គឺព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលយើងបានរង់ចាំ ៦៤ ឆ្នាំមកហើយ និង ២២ឆ្នាំទៀត ទើបយើងនឹងអាចធ្វើវាម្តងទៀត នោះគឺព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅខែឧសភា ខាងមុខនេះ និងសូមឱ្យបងប្អូនជនរួមជាតិ បន្តរាប់ថយក្រោយ សម្រាប់ព្រឹត្តការណ៍នោះផងដែរ។
លោក ស សុខា បានបន្តទៀតថាៈ ថ្ងៃនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញ ក៏ដូចជាមន្ទីរនានា ជុំវិញខេត្ត ប្រារព្ធកម្មវិធីនេះឡើង ក្នុងគោលបំណងលើកស្ទួយនិងជំរុញឱ្យយុវជនចូលរួម ក្នុងសកម្មភាពកីឡា និងដើម្បីកៀរគរ ថវិកាគាំទ្រព្រឹត្តិការណ៍សង្គ្រាន្ត ជាពិសេស ដើម្បីការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទូទាំងខេត្ត និងក្រៅខេត្ត ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យបានដឹងអំពី ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០២៣ ក៏ដូចជាចូលរួមចំណែកបញ្ជ្រាប យុទ្ឋនាការ Beyond the Games សម្រាប់កីឡាស៊ីហ្គេមផងដែរ។
លោក ស សុខា ក៏បានជំរុញឱ្យយុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ងាកមកចាប់អារម្មណ៍ សកម្មភាពអប់រំកាយ និងកីឡា ដូចដែលបានដាក់ចេញដោយអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ប្រជាពលរដ្ឋ ម្នាក់ ត្រូវលេងកីឡាយ៉ាងតិច ១ប្រភេទ ប្រចាំជីវិត”។
លោក ស សុខា ក្នុងនាមអ្នកទទួលបន្ទុក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ក៏ដូចជា គណៈកម្មការរៀបចំ និងផ្នែក ពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់នេះឡើង។
ក្នុងឱកាសនោះដែរ លោក ស សុខា ក៏បានអំពាវនាវដល់ សប្បុរសជនទាំងក្នុង និងក្រៅខេត្ត មេត្តាជួយឧបត្ថម្ភគាំទ្រ ជាថវិកាក្តី និងសម្ភារៈក្តី ដល់គណៈកម្មការរៀបចំ សង្គ្រាមបាត់ដំបង ២០២៣ ដើម្បីបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការ គ្រោងទុក ព្រោះការរៀបចំព្រឹត្តិការណ៍នេះ វាជាផ្នែកមួយនៃការលើកកម្ពស់ប្រពៃណីដ៏ ត្រចះត្រចង់របស់ជាតិ ក៏ដូចជាបង្ហាញ ជូននូវទស្សនីយ៍ភាពនានា ដែលជាវប្បធម៌ របស់ខេត្ត ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែល មកទស្សនា និងលេងកំសាន្ត ខេត្តបាត់ដំបងយើង ដែលជាខេត្តទទួលបាន នូវពានរង្វាន់ផ្កា រំដួល ៣ទង៕/V/R