ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ក្នុងចំណាត់ការដ៏ភ្ញាក់ផ្អើលមួយ ចិនបានរក្សាទុកប្រធានធនាគារកណ្តាលរបស់ខ្លួននៅពេលប្រទេសតែងតាំងគណៈរដ្ឋមន្ត្រីមួយដែលផ្តោតលើការប្រយុទ្ធប្រឆាំងព្យុះសេដ្ឋកិច្ច។
នៅកិច្ចប្រជុំសភានាថ្ងៃអាទិត្យទី១២មីនា លោកយី ហ្កាង(Yi Gang)ត្រូវបានបញ្ជាក់អះអាងថាជាទេសាភិបាលធនាគារប្រជាជនចិន ដែលផ្ទុយពីការរំពឹងទុកដែលថាលោកយីដែលស្ថិតក្នុងវ័យចូលនិវត្តន៍នឹងចុះចេញពីតំណែង។
លោកយី ហ្កាង
ចិនក៏រក្សាទុកមន្ត្រីសេដ្ឋកិច្ចកំពូលពីររូប គឺរដ្ឋមន្ត្រីពាណិជ្ជកម្មវ៉ាង វិនតាវ(Wang Wentao)និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លូ ឃុន(Liu Kun )ព្រមទាំងនាយកគណៈកម្មាធិការសុខាភិបាលជាតិ ម៉ា ស៊ាវវ៉េ(Ma Xiaowei) ដែលបានត្រួតមើលគោលនយោបាយសូន្យកូវីដរបស់ប្រទេស។
គណៈរដ្ឋមន្ត្រីចិនប្រឈមភារកិច្ចធ្វើអោយសេដ្ឋកិច្ចចិនសកម្មក្លៀវក្លាឡើងវិញ បន្ទាប់ពីរីកចំរើនបានតែ៣ភាគរយកាលពីឆ្នាំមុន ជាការប្រតិបត្តិសេដ្ឋកិច្ចអន់បំផុតរបស់ខ្លួននៅប៉ុន្មានទសវត្សរ៍មកនេះ។
ឧត្តមសេនីយ៍ លី សាងហ្វ៊ូ(Li Shangfu) ដែលរងទណ្ឌកម្មពីរដ្ឋាភិបាលអាម៉េរិកនៅឆ្នាំ២០១៨ចំពោះការទិញគ្រឿងសព្វាវុធរុស្ស៊ី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ។
ឧត្តមសេនីយ៍ លី សាងហ្វ៊ូ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ
ភាពតានតឹងរវាងអាម៉េរិកនិងចិន កាន់តែអាក្រក់ឡើងនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បង្កឡើងដោយការហោះរសាត់របស់បាឡុងចិនចូលក្នុងដែនអាកាសអាម៉េរិកនិងការដែលអាម៉េរិកចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងពិចារណាផ្តល់គ្រឿងសព្វាវុធដល់រុស្ស៊ីសំរាប់សង្គ្រាមនៅអ៊ុយក្រែន។
សូមបញ្ជាក់ថា នៅសប្តាហ៍នេះប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានរិះគន់អាម៉េរិកចំពោះការដឹកនាំកិច្ចខិតខំជាសកលមួយដើម្បី«ខ្ទប់ ឡោមព័ទ្ធនិងគាបសង្កត់មិនអោយចិនងើបរួច»។
សភាប្រជាជនចិនក៏បានអនុម័តមុខតំណែងសំខាន់ៗសំរាប់សម្ពន្ធមិត្តរបស់លោកស៊ី នៅក្នុងគណៈរដ្ឋមន្ត្រីចិនថ្មី។
ជំនួយការកំពូលរបស់ស៊ីលោក ទីង សេសាង(Ding Xuexiang)និង ធី ឡាយហ្វង(He Lifeng) ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី នៅក្រោមនាយករដ្ឋមន្ត្រីថ្មី លី ឆែង(Li Qiang)។
អតីតអភិបាលក្រុងទៀនជីន(Tianjin)លោក ចាង ហ្គោឈីញ(Zhang Guoqing )និងអតីតលេខាបក្សខេត្តសាអាន់ស៊ី(Shaanxi)លោកលូ គូចង(Liu Guozhong)ក៏ត្រូវបានជ្រើសតាំងជាឧបនាយករដ្ឋមន្ត្រីថ្មី៕