ដោយៈ គង់ហេង/ កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមបានសម្រេច ស្ថាបនាផ្លូវបេតុងចំនួន បួន ខ្សែបន្ថែមទៀត នៅក្នុងភូមិសាស្រ្តសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីតភ្ជាប់ប្រព័ន្ធផ្លូវ ងាយស្រួលក្នុងការធ្វើដំណើរពីទីក្រុង ទៅតំបន់ជនបទក្នុងស្រុកកំពង់សៀម។

លោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកំពង់ចាមដែលបានអមដំណើរលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម ក្នុងការចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពផ្លូវ ក្នុងសង្កាត់បឹងកុកក្រុង កំពង់ចាមកាលពីព្រឹកថ្ងៃទី ១១ មីនា បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាមគ្រោងនឹង ស្ថាបនាផ្លូវបេតុងចំនួន បួន ខ្សែបន្ថែមទៀតដែលចម្ងាយប្រវែងប្រមាណជាង ៣.០០០ ម៉ែត្រ។

ប្រភពដដែលបន្តថា ផ្លូវបេតុងទំាងបួនខ្សែឆ្លងកាត់ភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ក្នុងនេះក៏បានឆ្លងកាត់ វត្តថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ផងដែរ។

អ្នកស្រី ទា ណាលីន មេភូមិឡឥដ្ឋបានប្រាប់ថា ផ្លូវបេតុងចំនួន បួន ខ្សែ ដែលលោកអ៊ុន ចាន់ដា បានដឹកនាំមន្រ្តីរាជការ និងមន្រ្តីជំនាញចុះពិនិត្យកាលពីម្សិលមិញ គឺដើម្បីឆ្លើយតបនឹងសំណើជាផ្លូវបេតុងដែលមានទំហំទទឹងចាប់ប្រាំ ម៉ែត្រទៅ ប្រាំពីរម៉ែត្ររបស់ប្រជាពលរដ្ឋកន្លងមកដែលមានប្រវែងជាងបីគីឡូម៉ែត្រ។ អ្នកជំនាញនឹងចុះសិក្សានាពេលឆាប់ៗ នេះ៕ សរន / N