ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ចំណាក់
នាមសព្ទ
(ព. ថ.) ការចាក់, អំពើដែលចាក់
ចំណាក់មួយកាំបិត, ចំណាក់មួយម្ជុល ។
ស្នាមដែលចាក់
ពិនិត្យមើលចំណាក់ ។
ឆ្វាង
នាមសព្ទ
ឈ្មោះចំណោទលេខជាន់ខ្ពស់មួយប្រភេទ ។
ជល
(ជល់)
នាមសព្ទ
(បា.) ទឹក, ប្រើរៀងខាងចុងសព្ទដទៃខ្លះដូចជា អស្សុជល (អស័-សុ-ជល់)ទឹកគឺទឹកភ្នែក, ទឹកភ្នែក (រ. ស.) : ព្រះអស្សុជល (ម. ព. នេះផង) ។ បើប្រើរៀងខាងដើមសព្ទឯទៀត អ. ថ. ជៈលៈ ដូចជា ជលគមនាគមន៍ (–គៈមៈនាគំ; សំ. បា. ជល “ទឹក” + គមនាគមន ដំណើរទៅនិងដំណើរមក”) ដំណើរទៅមកខាងជើងទឹក; ការដឹកនាំអ្វីៗទៅតាមផ្លូវទឹក ។ ជលចរ (–ច) សត្វដែលត្រាច់ទៅមកក្នុងទឹក (មានត្រីជាដើម) ។ ជលជៈ (–ជៈ; សំ. បា. ជលជ) សត្វឬអ្វីៗដែលកើត, ដែលដុះ ក្នុងទឹក ។ ជលជាត ដូចគ្នានឹងជលជៈ (ម. ព. នោះ) ។ ជលដ្ឋាន (ជៈល័តឋាន) ទីតម្កល់ទឹក, ទីដែលគេទប់ខាំងទឹកទុក; ស្រះអណ្ដូង ។ ជលធរ (–ធ) អ្នកទ្រទ្រង់នូវទឹក គឺមេឃ, ពពកខាប់ ដែលបណ្ដាលឲ្យធ្លាក់ភ្លៀង, សមុទ្រ ។ ជលធារ (–ធា) ប្រទេសដែលទ្រទ្រង់នូវទឹក, ដែលជប់ជក់យកទឹក គឺអន្លង់ទឹកសាប, ភ្នំ . . .។ ជលធារវិទ្យា (–ធារៈវិត-ទ្យា) ន. (ពាក្យបច្ចេកទេស) វិទ្យាទាក់ទងដោយធារទឹក (បារ. Hydrographie ហ៊ីដ្រូគ្ហ្រ័ហ្វ៊ី) ។ ជលធារា ខ្សែទឹក, ធ្នារទឹក ។ ជលធី (សំ. បា. ជលធិ) សមុទ្រ, ទន្លេសាប ។ ជលន័យន៍ ឬ ជលនេត្រ (–នៃ ឬ –នេត) ន. (សំ. ជល “ទឹក” +នយន ឬ នេត្រ “ភ្នែក”, បើប្រើឲ្យត្រូវតាមលំដាប់ជា នយនជល ឬ នេត្រជល) ទឹកភ្នែក (ម. ព. អស្សុជល ផង) ។ ជលនិធិ ឃ្លាំងទឹក (សមុទ្រ) ។ ជលបក្សី (–បាក់-សី; សំ. ជលបក្សិន៑=ជលបក្សី; បា. ជលបក្ខី) សត្វស្លាបដែលរកស៊ីក្នុងទឹក, (មានស្មោញ ក្អែកទឹកជាដើម) ។ ជលបថ (–បត់) ផ្លូវទឹក, ជើងទឹក ។ ពាក្យផ្ទុយ ជលបថ ។ ជលបាន (–បាន) ការផឹកទឹក (យ៉ាងដូចផឹកទឹកសម្បថជាដើម) : តាំងពិធីជលបាន ( ម. ព. សច្ចបាន ផង ) ។ ជលភាជនៈ ឬ ជលភាជន៍ ( –ភាជៈនៈឬ –ភាច; សំ. បា. ជលភាជន ) ប្រដាប់សម្រាប់ដាក់ទឹក ( ថូទឹក, ផ្តិលទឹក, ក្អមទឹក ) ។ ជលមគ្គ ( –ម័ក,បា.; សំ. ជលមាគ៌ ) ផ្លូវទឹក ។ ជលម្ពុជៈ ( ជៈល័មពុជៈ) ( ម. ព. ជលាពុជៈ ឬ ជលាម្ពុជៈ ) ។ ជលមាគ៌ ( –មាក ឬ ត.ទ.ស្រ.ថា ជល់មាក;សំ.) ដូចគ្នានឹងជលមគ្គ; ប៉ុន្តែខ្មែរយើងច្រើនហៅចំពោះតែប្រឡាយទឹកដែលមានភ្លឺស្រែអមសងខាង សម្រាប់បង្ហូរទឹកអំពីស្រែច្រើន ឲ្យធ្លាក់ទៅកាន់ទីឯទៀត ។ ជលយន្ត ( –យន់, បា.; សំ. ជលយន្ត្រ ) ស្នប់ទឹក, រហាត់ទឹក; នាឡិកាទឹក ។ ជលយាត្រា ( –យាត-ត្រា; សំ. ) ការដើរតាមផ្លូវទឹក, ដំណើរខាងផ្លូវទឹក,ដំណើរជើងទឹក ។ ពាក្យផ្ទុយ ថលយាត្រា, អាកាសយាត្រា ។ ជលយាន (–យាន) យានជំនិះខាងផ្លូវទឹក, គ្រឿងដឹកនាំទៅមកខាងជើងទឹក ។ ព. ផ្ទ. ថលយាន ។ ជលរស (–រស់) អំបិល (ដែលកើតពីទឹកសមុទ្រ) ។ ជលលតា (–លៈតា ឬ –លដា) រលក, កង្កាញ់រលក ។ ជលវិទ្យា (–វិត-ទ្យា) ន. (ពាក្យបច្ចេកទេស) វិទ្យានិយាយអំពីទឹកឲ្យដឹងថា តើទឹកនោះមានអាការដូចម្ដេចខ្លះ ( បារ. Hydrologie ហ៊ីដ្រូល៉ូហ្ស៊ី ) ។ ជលស័យ (–សៃ) ម. ព. ជលាស័យ ។ ជលសា (–សា) ម. ព. ជលសាគរ ។ ជលសាគរ (–សា-គ) សមុទ្រ; ខ្មែរយើងប្រើក្លាយមកជា ជលសា ក៏មាន ។ ជលស្ថាន (–ល:ស្ថាន ) ម. ព. ជលដ្ឋាន ។ ជលាកាសយាន ( –កាសៈ-យាន; បា. ជល + អាកាស + យាន) អាកាសយាន, យន្ដហោះមួយបែបអាចចុះបណ្ដែតលើទឹកបាន ។ ជលាចរចា ( –ច-ចា ) ឈ្មោះភ្នំតូចក្នុងស្រុកជើងព្រៃ ( ខែត្រកំពង់ចាម ) ។ ជលាធារ ( ម. ព. ជលធារ ) ។ ជលាពុជៈ ឬ ជលាម្ពុជៈ ន.ឬ គុ. ( បា. ជលាពុជ ឬ ជលាម្ពុជ; សំ. ជរាយុជ ) កំណើតឬសត្វដែលកើតចាកគ័ភ៌ ( ទីទៃអំពីកំណើត ៣ យ៉ាងគឺ អណ្ឌជៈ, សំសេទជៈ, ឧបបាតិកៈ (ម. ព. ទាំងនោះផង) ។ ជលាល័យ –លៃ ; សំ. បា. ជល + អាលយ > ជលាលយ) អណ្ដូង, ឃ្លាំងទុកទឹកភ្លៀង; ស្រះ ។ ជលាស័យ (បា. ជល+ អាសយ > ជលាសយ) ទន្លេសាប. . . ។ ជលេស ឬជលេស្វរៈ (សំ.) មហាសមុទ្រ; ទេវតាម្ចាស់សមុទ្រ, ម្ចាស់ទឹកភ្លៀង គឺ ព្រះវរុណ : ដែលខ្មែរយើងច្រើនហៅថា ព្រះពិរុណ គឺមហាសមុទ្រ, ទឹក, ទឹកភ្លៀង : ព្រះជលេស, ព្រះជលេស្វរ: (ច្រើនមានប្រើតែក្នុងសិលាចារឹកបុរាណ) ។
មតក
(មៈតៈកៈ)
នាមសព្ទ
(បា. មតក; សំ. ម្ឫតក) បុគ្គលដែលស្លាប់ហើយ ។ មតកបរិក្ខារ ឬ មតកភណ្ឌ (មៈតៈកៈបរ៉ិក-ខា ឬ –ភ័ន) គ្រឿងបរិក្ខារឬទ្រព្យរបស់បុគ្គលដែលស្លាប់ហើយ ។ មតកភត្ដ (មៈតៈកៈភ័ត) ភត្តដែលគេឧទ្ទិសឲ្យបុគ្គលស្លាប់ (ខាងពុទ្ធសាសនា ចំពោះភត្តដែលប្រគេនដល់ភិក្ខុសង្ឃ ហើយឧទ្ទិសចំណែកបុណ្យទៅបុគ្គលស្លាប់; ខាងលទ្ធិដទៃ ចំពោះបាយសំណែន) ។ មតករូប (មៈតៈកៈរូប) សព, សាកសព ។ មតកសាសន៍ (មៈតៈកៈសាស) បណ្ដាំបុគ្គលស្លាប់ (បណ្ដាំខ្មោច) ។ ល ។
រលីបរលាប
កិរិយាវិសេសន៍
ដែលនៅសល់បន្តិចបន្តួចរលាបៗ
សម្លនៅសល់រលីបរលាបនឹងបាតឆ្នាំង ។
ព. ប្រ. ដែលស្ដើងស្ដួច, មិនបរិបូណ៌
ម្ហូបចំណីរលីបរលាប, ស៊ីរលីបរលាប, ចាយវាយរលីបរលាប ។
គុណសព្ទ
ដែលនៅសល់បន្តិចបន្តួចរលាបៗ
សម្លនៅសល់រលីបរលាបនឹងបាតឆ្នាំង ។
ព. ប្រ. ដែលស្ដើងស្ដួច, មិនបរិបូណ៌
ម្ហូបចំណីរលីបរលាប, ស៊ីរលីបរលាប, ចាយវាយរលីបរលាប ។