ដោយ: បូកគោ / កំពត: អភិបាលខេត្តកំពត បានបញ្ជាក់ នាពិធីសម្ពោធឆ្លងកុដិថ្មីមួយខ្នង កម្ពស់ ពីរជាន់ ព្រមទាំងសមិទ្ធផលនានា នៅវត្តស្រែជា ស្ថិតក្នុងឃុំស្រែជាខាងជើង ស្រុកដងទង់ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ថាៈ វិស័យពុទ្ធចក្រ ជាផ្នែកចម្បង ដែលអាចជួយ ដល់សង្គមឱ្យរីកចម្រើន និងរឹងមាំបាន។ កម្ពុជា បច្ចុប្បន្ន ពោរពេញដោយ សុខសន្តិភាព និងការអភិវឌ្ឍ ដែលក្នុងនោះ វិស័យពុទ្ធចក្រ មានចំណែកសំខាន់ ដោយមិនអាចខ្វះបាន។
ថ្លែងទៅកាន់ប្រជាពុទ្ធបរិស័ទ ក្នុងបរិវេណវត្តស្រែជា លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈ មូលដ្ឋានគ្រឹះនៃកិច្ចអភិវឌ្ឍ សព្វថ្ងៃ អាចកើតឡើងបាន ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ។ ជាមួយភាពរីកចម្រើន លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រាល់ការអភិវឌ្ឍ គឺវិស័យពុទ្ធចក្រ តែងមានចំណែកសំខាន់ដែលមិនអាចខ្វះបាន។
លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ វិស័យពុទ្ធចក្រ ជាទឹកបន្សារ សម្រាប់ផ្សារភ្ជាប់ រវាងព្រះពុទ្ធសាសនា និងសង្គម។ និយាយរួម វិស័យពុទ្ធចក្រ ជាផ្នែកចម្បងដែលអាច ជួយដល់សង្គម ឱ្យរីកចម្រើន និងរឹងមាំ តាមរយៈការអប់រំទូន្មានពុទ្ធបរិស័ទ ឱ្យប្រព្រឹត្ត អំពើល្អ ស្គាល់បុណ្យបាប ពិសេសចេះដឹងគុណចំពោះអ្នកជួយសង្គ្រោះអាយុជីវិត របស់ខ្លួន រហូតមានពេលវេលាអភិវឌ្ឍ គ្រប់យ៉ាងរហូតដល់សព្វថ្ងៃ៕/V/R