ដោយ៖ ដេប៉ូ / ភ្នំពេញ៖ «ការគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដោយត្រូវប្រតិបត្តិមេត្រីបរិស្ថាន ក្នុងការរស់នៅប្រចាំថ្ងៃ និងប្រកាន់ខ្ជាប់នូវការអនុវត្តគោលការណ៍ 4R ដោយកាត់បន្ថយការប្រើប្រាស់ ផលិតផលពីប្លាស្ទិក ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការបដិសេធមិនប្រើប្រាស់ប្លាស្ទិក ជាពិសេសផលិតផលធ្វើពីប្លាស្ទិក ដែលប្រើម្តងបោះ ចោល»។ នេះគឺជាការអំពាវនាវរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសចូលរួមជាអធិបតី ក្នុងកម្មវិធីអេកូខានីវ៉ល នៅសួនច្បារមុខវត្តបុទម រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កម្មវិធីអេកូខានីវ៉ល ផ្តួចផ្តើមរៀបចំដោយក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជាដោយមានការគាំទ្រ ពីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ សាលារាជធានីភ្នំពេញ គម្រោងគ្រប់គ្រងសំណល់ប្លាស្ទិក និងដៃគូឧបត្ថម្ភផ្សេងៗទៀត មានគោលបំណង ដើម្បីផ្សារភ្ជាប់សេចក្តីស្រឡាញ់ និងធ្វើការបង្កើតអនុស្សាវរីយ៍ក្តីស្រឡាញ់ ចំពោះបរិស្ថាន និងលើកតម្លៃផលិតផលគាំទ្របរិស្ថាន និងអាជីវកម្មក្នុងស្រុក។

លោក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា ដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញលើការប្រតិបត្តិមេត្រីបរិស្ថាន ក្នុងសង្គម និងចូលរួមដោះស្រាយបញ្ហាប្លាស្ទិកដែលជាកង្វល់រួម របស់ពិភពលោកបច្ចុប្បន្នតាមរយៈការ អប់រំផ្សព្វផ្សាយ ពីផលប៉ះពាល់បង្កឡើងដោយការបំពុលប្លាស្ទិក ចំពោះសុខភាព បរិស្ថាន និងការដាក់ចុះនូវដំណោះស្រាយ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក។

សំណល់ប្លាស្ទិក ដែលលោក នេត្រ ភក្ត្រា បានលើកឡើងថាៈ ចាប់តាំងពីការបង្កើតប្លាស្ទិក សំណល់ប្លាស្ទិក យ៉ាងហោច ៨ប៊ីលានតោនបាននិងកំពុងបន្សល់ទុក នៅលើភពផែនដី ខណៈពិភពលោក បាននិងកំពុងប្រើប្រាស់ផលិតផលពីប្លាស្ទិក មានប្រមាណជាង ៤០០ ទៅ ៦០០ លានតោន ក្នុងមួយឆ្នាំ។ ដោយឡែកនៅកម្ពុជា ក្នុងសំណល់ ១០០ ភាគរយ ដែលបង្កើតឡើង យ៉ាងហោច ក៏មានសំណល់ ប្លាស្ទិក ប្រមាណ ២០ ភាគរយ។ ការណ៍នេះតម្រូវឱ្យកម្ពុជា ក៏ដូចជាពិភពលោក គិតគូរលើវិធានការទប់ស្កាត់ និងកាត់បន្ថយការ ប្រើប្រាស់ផលិតផលពីប្លាស្ទិក ដើម្បីបុព្វហេតុបរិស្ថាន និងផាសុកភាពប្រជាពលរដ្ឋ។

លោក រដ្ឋលេខាធិការ បានគូសបញ្ជាក់ពីវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចុះ ក្នុងការគ្រប់គ្រងការប្រើប្រាស់ផលិតផលពីប្លាស្ទិក ដោយជំរុញលើការផលិតផលិតផលប្រើប្រាស់ ពីជីវៈប្លាស្ទិក ដែលងាយរលាយក្នុងបរិយាកាស និងមិនប៉ះពល់ដល់បរិស្ថាន, ការជំរុញពលរដ្ឋឱ្យអនុវត្តគោល ការណ៍ 4R រួមមាន ការកាត់បន្ថយការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការបដិសេធការប្រើប្រាស់ប្លាស្ទិក ហើយងាកមកប្រើប្រាស់ផលិតផល ដែលមិនមានផលប៉ះពាល់ ដល់បរិស្ថាន និងការកំណត់តម្លៃបន្ថែម លើការប្រើប្រាស់ថង់ប្លាស្ទិក នៅតាមទីផ្សារទំនើបនានា។

ជុំវិញបញ្ហានេះដែរ លោក នេត្រ ភក្រ្តា បានលើកឡើងថា៖ កម្មវិធីអេកូខានីវ៉ល របស់ក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា នឹងចូលរួមកាន់តែសកម្ម ក្នុងការផ្លាស់ប្តូរឥរិយាបថសាធារណជន ជាពិសេសយុវជនលើការគ្រប់គ្រងសំណល់ ដែលខ្លួនបានបង្កើតក្នុងមួយថ្ងៃៗ និងចូលរួមសម្អាតអនាម័យបរិស្ថាន។ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធ ដែលចូលរួមលើកិច្ចគាំពារបរិស្ថាន។

ចូលរួមក្នុងកម្មវិធីនេះដែរ លោក គឹម សេត អគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ បានថ្លែងថាៈ កម្មវិធីអេកូខានីវ៉ល ឆ្នាំ២០២៣ នេះគឺជាការចូលរួមលើកតម្កើង សេចក្តីស្រឡាញ់បរិស្ថាន និងចូលរួមកាត់បន្ថយប្លាស្ទិក។

លោក ហួ ឆៃងន់ តំណាងក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា បានថ្លែងថាៈ កម្មវិធីអេកូខានីវ៉លរៀបចំឡើមានគោលបំណង ដើម្បីផ្សារភ្ជាប់សេចក្តីស្រឡាញ់បរិស្ថាន ទៅយុវជន និងធ្វើការបង្កើតអនុស្សាវរីយ៍ក្តីស្រឡាញ់ ចំពោះបរិស្ថាននិងលើកតម្លៃផលិតផលគាំទ្របរិស្ថាន និងដើម្បីឱ្យសាធារណជន បានយល់ថា ការងារសម្អាតអនាម័យបរិស្ថាន ជាការងាររបស់យើងទាំងអស់គ្នា។ នៅក្នុងកម្មវិធីអេកូខានីវ៉ល នេះក៏មានការតាំងពិព័រណ៌ និងសកម្មភាពសម្អាតអនាម័យបរិស្ថាន និងការកម្សាន្តផងដែរ៕ V / N