ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវអំពាវដល់លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់ បន្តជឿជាក់លើប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូបទៀត ក្នុងការបន្តដឹកនាំ ក៏ដូចជា អភិវឌ្ឍន៍ប្រទេសជាតិ អោយកាន់តែរីកចម្រើនថែមទៀត ពិសេសបន្តរក្សាបាននូវ សុខសន្តិភាពជាតិ ជានិច្ចតទៅ។ ការអំពាវនាវនេះ បានត្រូវធ្វើឡើង ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារសិក្សាវិទ្យាល័យថ្មី ១ខ្នង កម្ពស់ ២ជាន់ មាន ១២បន្ទប់ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ៦០៣នាក់ ក្នុងស្រុកឯកភ្នំ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ។

លោក ស សុខា បានបញ្ជាក់ថាៈ សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ ល្អបរិបូរណ៍ នាពេលបច្ចុប្បន្ននេះរបស់កម្ពុជា គឺជាមូលដ្ឋានដ៏រឹងមាំគាំទ្រ ដល់ការអភិវឌ្ឍ និងភាពរីកចម្រើនលើគ្រប់វិស័យ ដែលផ្តល់នូវកាលានុវត្តភាព យ៉ាងធំធេង ដល់ការកសាងអនាគតកម្ពុជា ប្រកបដោយភាពរុងរឿង និងជីវភាព (ភាពនៃសន្ទុះ ល្បឿន ដំណើរដែលលឿនរហ័ស របត់ល្បឿន រយៈពេលដែលស្ទុះលឿន ពីកន្លែងមួយ ទៅកន្លែងមួយទៀត) ។ ជាងនេះទៅទៀត ការស្តារសេដ្ឋកិច្ចពីវិបត្តិជំងឺ កូវីដ-១៩ កំពុងតែមានការវិវឌ្ឍ យ៉ាងល្អប្រសើរ ដោយកំណើនសេដ្ឋកិច្ចជាតិ បានងើប ឡើងវិញ យ៉ាងឆាប់រហ័ស និងមានភាពរឹងមាំ គួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើន ៣% នៅឆ្នាំ២០២១ និងប្រមាណ ៥,២% នៅឆ្នាំ២០២២ ហើយឆ្នាំ២០២៣ រំពឹងថា នឹងមានកំណើន ៥,៦%។

លោក ស សុខា បានបន្តថាៈ ការសាងសង់អគារសិក្សាវិទ្យាល័យថ្មី ចំនួន ១ខ្នង មាន ១២ បន្ទប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងលេចចេញជារូបរាង នៅក្នុងខេត្ត បាត់ដំបង និយាយជារួម និងដោយឡែក ក្នុងស្រុកឯកភ្នំ នាពេលខាងមុខ ដើម្បីបំពេញ តម្រូវការរបស់ សិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្រ ដើម្បីអនាគតដ៏ត្រចះត្រចង់។

លោកបានបន្តថាៈ សំណង់ទាំងនេះ ពិតជាមិនអាចលេចចេញជារូបរាងបានទេ ប្រសិនបើប្រទេសជាតិយើង មិនមានសុខសន្តិភាពពេញលេញ កើតមានចម្បាំងរាំងជល់ ឬក៏សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ដូចពីអតីតកាលនោះ គឺយើងមិនត្រឹមតែមិនអាចកសាងសមិទ្ធផល ថ្មីៗបានទេ ។ សង្គ្រាមបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស បង្កើតឲ្យមាន ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា ជំងឺផ្លូវចិត្ត ភាពអត់ឃ្លាន កើតមានចំការមីន ដែលត្រូវចំណាយពេលវេលា ទ្រព្យធន បោសសម្អាត និងកសាងឡើងវិញរាប់សិបឆ្នាំ ។ តួយ៉ាងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានធ្វើបាបនិងកាប់សម្លាប់ ប្រជាជនកម្ពុជា ស្លូតត្រង់អស់រាប់លាននាក់ ពិសេសអ្នកចេះដឹង ។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា ស្ទើតែបាត់អស់អ្នកចេះដឹង ទើបរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សព្វថ្ងៃនេះ បានអនុវត្តនូវគោលនយោបាយ អ្នកចេះច្រើនបង្រៀន អ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ បានយ៉ាងច្រើន សន្ធឹកសន្ធាប់ សម្រាប់ចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ រហូតមកទល់ពេលបច្ចុប្បន្ន៕/V/R