ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ មន្ទីរកិច្ចការនារី រាជធានីភ្នំពេញ និងអង្គភាពការពារកុមារ សហការជាមួយរដ្ឋបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នេះ បើកវគ្គអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ និងកិច្ចកាពារជនរងគ្រោះ ។វគ្គអប់រំផ្សព្វផ្សាយនេះ ធ្វើនៅសាលាខណ្ឌជ្រោយចង្វារ មានអ្នកចូលរួម ជិត ១០០នាក់។

វគ្គអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចកាពារជនរង គ្រោះ នៅថ្ងៃនេះ មានការចូលរួមពីសំណាក់តំណាងរដ្ឋបាលខណ្ឌជ្រោយចង្វារ និងលោកស្រី តំណាងក្រុមប្រឹក្សាខណ្ឌ រួមជាមួយលោកស្រី សោម ម៉ានី អនុប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងតំណាងមកពីអង្គភាពការពារកុមារ។

ជាកិច្ចចាប់ផ្តើម លោកស្រី លីរ៉ូ ហ្សាមី អភិបាលរងខណ្ឌជ្រោយចង្វារ បានមាន ប្រសាសន៍ផ្តាំផ្ញើ នូវការសួរសុខទុក្ខពីសំណាក់លោកអភិបាលខណ្ឌ ចំពោះអ្នកចូលរួម ទាំងអស់ និងបានបញ្ជាក់ថាៈ អំពើហិង្សា ចែកជា៤ ប្រភេទ រួមមាន អំពើហិង្សាលើរាង កាយ, អំពើហិង្សាផ្លូវចិត្ត, អំពើហិង្សាផ្លូវភេទ និងអំពើហិង្សាផ្នែកសេដ្ឋកិច្ច ចំពោះអ្នក ដែលប្រព្រឹត្តអំពើហិង្សាទាំងនេះ គឺជាសកម្មភាពល្មើសច្បាប់រដ្ឋ។

ទាក់ទងនឹងកិច្ចការពារជនរងគ្រោះជាស្ត្រី និងកុមារ គឺមន្ត្រីនគរបាលយុត្តិធម៌នៅ មូលដ្ឋាន រួមមាន មន្ត្រីនគរបាលប៉ុស្តិ មន្ត្រីកងរាជអាវុធហត្ថ និង មន្ត្រីសង្កាត់ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ មានសិទ្ធិចូលរួមការពារជនរងគ្រោះគ្រប់ តាមរយៈផ្តល់ព័ត៌ មានទៅអាជ្ញាធរ មានសមត្ថកិច្ចនៅមូលដ្ឋានផ្ទាល់។

លោកស្រី លីរ៉ូ ហ្សាមី បានបញ្ជាក់ទៀតថាៈ បន្ទាប់ពីមានការអប់រំផ្សព្វផ្សាយច្បាប់ ពី សំណាក់ស្ថាប័នពាក់ព័ន្ធនិងអង្គការដៃគូប្រជាពលរដ្ឋ ជាពិសេសស្ត្រី ក៏ដូចជា កុមាររងគ្រោះ បានយល់ដឹងពីច្បាប់ ហ៊ានចេញមុខស្វែងរកវិធីសាស្ត្រ ឬអន្តរាគមន៍ប្តឹង ទៅអាជ្ញាធរមានសមត្ថកិច្ច ឬអ្នកជិតខាងឲ្យរកជំនួយផ្លូវច្បាប់ ជួយដល់ពួកគាត់ជា អ្នករងគ្រោះ ឲ្យបានទាន់ពេលវេលា និងក្នុងគោលបំណង ផ្សព្វផ្សាយច្បាប់បញ្រ្ជាបការ យល់ដឹងនិង ដើម្បីឲ្យអ្នកចូលរួមទទួលបាន នូវបរិបទថ្មី កែប្រែផ្នត់គំនិត អាកប្បកិរិយាដល់ជនមុខសញ្ញាសម្របសម្រួល តាមវិធីសាស្ត្រទប់ទំហឹង ព្រមទាំងបង្កើតកិច្ចសហការ ជួយអន្តរាគមន៍ ដល់ជនរងគ្រោះ ឲ្យកាន់តែមានប្រសិទ្ធភាព ពិសេស្ត្រី កុមារ។

សូមបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយអង្គភាពការពារកុមារ ជាដៃគូសហការល្អ មន្ទីរកិច្ចការនារី រាជធានីភ្នំពេញ បានបើកវគ្គអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះច្បាប់ប្រឆាំងការជួញដូរមនុស្ស ។ល។ នៅតាមបណ្តាខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ដែលនេះ ជាគោលនយោបាយ ភូមិសង្កាត់ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកន្លងមក ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងបុិនប្រសព្វរបស់មគ្គទេសឯក គឺ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕/V-PC