​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មូ​យីតឌី​ន យ៉ា​ស៊ីន កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី១៣មីនាបាន​ទៅ​ដល់​តុ​ការ កន្លែង​ដែល​លោក​ត្រូវ​រំពឹងថា​នឹង​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​លាង​លុយ​។​

​ប្រធាន​គណបក្ស​Bersatu​វ័យ​៧៥​ឆ្នាំ​រូប​នេះ បាន​ស្ថិតក្នុង​ឈុត​ខោអាវ​ធំ​ជាមួយនឹង​ទឹកមុខ​ញញឹម​ពេល​ចុះ​ពី​រថយន្ត​។​

​នៅ​ពេល​លោក​ទៅ​ដល់​តុលាការ​ជាមួយ​ភរិយា ហ្វូង​អ្នកគាំទ្រ​បានចាប់ផ្តើម​ជួបជុំ​នៅ​មុខមាត់​ទ្វាររបង​តុលាការ​។​ពួកគេ​ពាក់​អាវ​ពណ៌​ស តំណាង​អោយ​ភាពស្មោះត្រង់​និងគ្មាន​ទោស​របស់​លោកមូ​យីត​ឌីន​។​

​កាលពី​សប្តាហ៍​មុន អតីត​នាយករដ្ឋមន្ត្រី​រូបនេះ ត្រូវបាន​ចោទប្រកាន់​ជាច្រើន​ករណីពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​និង​លាង​លុយ​នៅ​តុលាការក្រុង​គូ​ឡា​ឡាំ​ពួរ​។​លោក​ត្រូវបាន​ចោទប្រកាន់​បួន​ចំណុច​ពី​បទ​​រំលោភ​អំណាច​ពាក់ព័ន្ធ​នឹង​លុយ​៥២​លាន​ដុល្លារ ព្រម​ទាំង​ពីរ​ករណី​ទៀត​ពាក់ព័ន្ធ​នឹង​ការលាង​លុយ​១៩៥​លាន​រីង​ហ្គី​ត​(៤៣,៤៨​លាន​ដុល្លារ​)​។​

​លោកមូ​យីត​ឌីន នឹង​ឡើង​សវនាការ​សំរាប់​ការចោទប្រកាន់​ទាំង​ប្រាំមួយ​ខាងលើ។​

​កាលពី​ខែ​មុន​លោកមូ​យីត​ឌីន បាន​និយាយថា​លោក​នឹង​ប្តឹង​នរណា​ដែល​ចោទប្រកាន់​លោក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​។​លោក​ថា​លោក​មិន​បាន​ទទួល​លុយ​មួយ​កាក់​មួយ​សេន​ពី​ការ​ផ្តល់​គំរោង​លទ្ធកម្ម​​វ៉ាក់សាំង​កូវី​ដ​១៩​ទេ ក្នុងពេល​លោក​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ចាប់ពី​ឆ្នាំ​២០២០ ដល់​២០២១​។​

​ជុំវិញ​ការចោទប្រកាន់​នេះដែរ គណនី​របស់​គណបក្ស​Bersatu​ត្រូវបាន​បង្កក ក្នុងពេល​មាន​ការស៊ើបអង្កេត​លើ​ការចោទប្រកាន់​មួយ​ដែល​ថា គណបក្ស​នេះ​បាន​ទទួល​លុយ​ពី​ពួក​ក្រុមហ៊ុន​ម៉ៅការ​គំរោងកាល​​ពី​លោកមូ​យីត​ឌីន​នៅ​កាន់អំណាច​៕

​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មូ​យូតឌី​ន យ៉ា​ស៊ីន នៅ​ជា​ប្រធាន​បក្ស​Bersatu​នៅ​ឡើយ​ទោះជា​លោក​ត្រូវបាន​ចោទប្រកាន់​ជាច្រើន​ករណី​