ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រមុខសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកនាយឧត្តម សេនីយ៍ សៅ សុខា បានបញ្ជាក់ថាៈសហព័ន្ធ បានត្រៀមលក្ខណៈទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាង ១០ ឆ្នាំមកហើយ។ មកទល់ពេលនេះ គឺបានត្រៀមរួចរាល់ គ្មានអ្វីខ្វះខាតនោះទេ តែអ្វីដែលខ្វះខាត គឺរង់ចាំតែចប់ ការប្រកួត ៩០នាទីប៉ុណ្ណោះ ថាក្រុមម្ចាស់ផ្ទះកម្ពុជានឹងទទួលបានលទ្ធផលបែបណា?។
លោកបានបន្តថាៈ ការត្រៀមស៊ីហ្គេម មិនមែនទើបត្រៀមនោះទេ តែសហព័ន្ធបាន ត្រៀមតាំងពីឆ្នាំ២០១០ តាមរយៈការកសាង និងអភិវឌ្ឍន៍ ទាំងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា ការអនុវត្តរៀបចំការប្រកួតអន្ដរជាតិនានា ក្រោមពាក្យស្លោក «ទាំងអស់គ្នា ដើម្បីកម្ពុជា»។
ដោយមើលឃើញពីអំណោយផល ក្នុងនាមប្រទេស ទើបទទួលបានសន្ដិភាពពេញលេញនៅឆ្នាំ១៩៩៨ ក៏ដូចជា ក្នុងនាមប្រទេស ទើបមានការអភិវឌ្ឍ និងរីកចម្រើន ផ្នែកកីឡាបាល់ទាត់ ទើបសហព័ន្ធ បានសម្រេចស្នើសុំគណៈកម្មការរៀបចំការប្រកួត កំណត់យកអាយុក្រោម ២២ឆ្នាំ សម្រាប់ដាក់ក្នុងកម្មវិធីប្រកួតបាល់ទាត់ផ្នែកបុរស នៃកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ។
លោកបានបន្ដទៀតថាៈ ពិតហើយថា ក្នុងពេលយើងខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ បណ្ដាប្រទេសផ្សេងៗ ក៏គេមានការអភិវឌ្ឍន៍ដែរ គេមានធនធានច្រើនជាងកម្ពុជា គេមានសន្ដិភាពមុនកម្ពុជា។ នេះគឺជាការប្រកួតប្រជែងមួយ ដែលគេក៏រត់ យើងក៏រត់ តែគេរត់មុនយើងទៀត។ លោកនិយាយនេះ មិនមែនខ្លាច ចំពោះការប្រកួតទេ ព្រោះកីឡា អត់មាននិយាយរឿងខ្លាចទេ ទាល់តែចប់ ៩០នាទីទើបដឹងអ្នកឈ្នះ–ចាញ់។
លោកប្រធានសហព័ន្ធបាល់ទាត់ បានសង្កត់ធ្ងន់ថាៈ នៅពេលនេះ ការប្រកួតអត់ទាន់ចាប់ផ្ដើម យើងអត់ទាន់អាចនិយាយបានថា យើងខ្លាំងប៉ុនណាទេ។ តែការត្រៀម រៀបចំ គឺយើងបានត្រៀមរៀបចំគ្រប់បែបយ៉ាងទាំងអស់ គ្មានខ្វះអ្វីទេ។ អ្វីដែលខ្វះនោះ គឺរង់ចាំតែចប់ការប្រកួត ៩០នាទី តើលទ្ធផលយើងឈ្នះ ឬក៏យើងចាញ់តែប៉ុណ្ណោះ ។
សម្រាប់ប្រភេទបាល់ទាត់ នឹងត្រូវចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែមេសា តទៅ ពោលគឺមុនពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ដែលនឹងបើកជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២៣ ខាងមុខ លោកនាយឧត្តម សេនីយ៍ សៅ សុខា ថ្លែងបែបនេះ ក្រោយបញ្ចប់មហាសន្និបាត លើកទី១៧ របស់ សហព័ន្ធកាលពីថ្ងៃទី១១ ខែមីនា នៅសណ្ឋាគារហ្គាឌិនស៊ីធី ៕/V-PC