ដោយៈប.ខុន/ភ្នំពេញៈទឹកបឹងអភិក្សជលផលត្មាតទាវធំសហគមន៍កន្ទិលសែនជ័យ  ដែលបានរីងស្ទើរអស់ដោយសារមិនមានភ្លៀងកក់ខែធ្លាក់ចំ និង ដោយសារការបូមយកទៅស្រោចស្រពដំណាំស្រូវប្រាំងមាននៅជុំវិញក្នុងបឹង កំពុងត្រូវបានគេរកវិធីដោះស្រាយដើម្បីសង្គ្រោះដល់ជីវៈចម្រុះដែលមាននៅក្នុងបឹងនេះ។

លោកអូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែងបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៣ខែមីនាឆ្នាំ២០២៣ថាបញ្ហាទឹកបឹងត្មាតទាវធំ ដែលជាបឹងអភិរក្ស ជលផលសហគមន៍នេសាទកន្ទិលសែនជ័យនៅភូមិព្រែកជ្រៃក្រោមឃុំព្រៃកជ្រៃស្រុកពោធិរៀងដែលរីងស្ទើរអស់ដោយសារការបូមទឹកយកទៅស្រោចស្រពដំណាំស្រូវប្រាំងនៅជុំវិញបឹងធ្វើឱ្យប៉ះពាល់ដល់ជីវៈចម្រុះនៅក្នុងបឹងនេះ អាជ្ញាធរ ជំនាញនិងសហគមន៍កំពុងរួមគ្នារកវិធីដោះស្រាយដោយបូមទឹកពីទន្លេដាក់ចូលវិញ  ដើម្បីសង្គ្រោះត្រីក្នុងបឹងដែលនៅសល់ទឹកជម្រៅកន្លះម៉ែត្រនេះ។

នាយខណ្ឌជលផលខាងលើបាននិយាយឱ្យដឹងទៀតថាបឹងអភិរក្សត្មាតទាវធំនេះមានទំហំប្រមាណជា២០ហិកតានិងមានព្រៃលិចទឹកពីមុនមកបឹងនេះមិនដែលរីងទេ តែដោយសារនៅឆ្នាំនេះមិនមានភ្លៀងកក់ខែធ្លាក់ចំ បឹងកាន់តែរាក់និងប្រជាពលរដ្ឋបានបូមយកទឹកពីក្នុងបឹងទៅស្រោចស្រពដំណាំស្រូវប្រាំងនៅជុំវិញបឹងនេះទើបធ្វើឱ្យទឹក បឹងរីងអស់នៅសល់តែកន្លែងអភិរក្សដែលមានបណ្តោយប្រមាណជា២០០ម៉ែត្រទទឹង១០០ម៉ែត្រនិងជម្រៅប្រហែលកន្លះម៉ែត្រត្រូវបានគ្របដោយសម្រាស់បែកឈើហើយវាអាច នឹងរីងទឹកអស់ក្នុងរយៈពេល៤ទៅ៥ថ្ងៃទៀត។

  

លោកអូន ស៊ីណាតបាននិយាយឱ្យដឹងទៀតថាបញ្ហាទឹកបឹងអភិរក្សជលផលរីងទឹកនេះ យើងបានរាយការណ៍ទៅមន្ទីរកសិកម្មអាជ្ញាធរស្រុកដើម្បីមានវិធានការសង្គ្រោះនិងក៏បានរៀបចំស្នើទៅមន្ទីរធនធានទឹកឱ្យជួយធ្វើអន្តរាគមន៍បូមទឹកពីទន្លេដែលមានចម្ងាយប្រមាណជា១គីឡូម៉ែត្រដាក់ចូលវិញដើម្បីសង្គ្រោះត្រី។ សហគមន៍ នេសាទកន្ទិលសែនជ័យក៏បានចូលរួមដោយធានាជួយម៉ាស៊ីននិងខាងជលផលជួយប្រេង ព្រមពេលជាមួយគ្នានេះមន្ទីរកសិកម្មកំពុងរៀមចំស្នើសុំការអន្តរាគមន៍ពីមន្ទីរធនធាន ទឹកនិងឧតុនិយមឱ្យជួយហើយដែរ។

លោកឃុត សាឃឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រៃវែងបានប្រាប់ឱ្យរស្មីកម្ពុជាដឹងដែរថាករណីខាងលើមន្ទីរនឹងបញ្ជូនមន្ត្រីចុះទៅពិនិត្យដើម្បីជួយ អន្តរាគមន៍បើសិនជាមានផ្លូវអាចដឹកជញ្ជូនម៉ាស៊ីនធំចូលបាន តែបើសិនជាប្រើម៉ាស៊ីនតូចៗដោយសហគមន៍និងអាជ្ញាធរមន្ទីរនឹងជួយប្រេងដើម្បីបូមទឹកដាក់ចូលក្នុងបឹងសង្គ្រោះជីវៈចម្រុះដែលមាននៅក្នុងបឹងនោះ៕/PC