​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចិន​ត្រូវការ​សន្តិសុខ​ដើម្បី​ធ្វើ​ការអភិវឌ្ឍ​និង​ត្រូវ​តែ​ធ្វើ​ទំនើបកម្ម​យោធា​របស់​ខ្លួន​ដើម្បី​សាង​«​មហា​កំផែង​ដែក​ថែម​»​មួយ នេះ​បើ​តាម​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង​​បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចន្ទ​ក្នុងពិធីបិទ​បញ្ចប់​សម័យប្រជុំ​សភា ចំ​ពេល​ចិន​មាន​ភាព​តានតឹង​ចេះតែ​កើន​ឡើង​ជាមួយ​សហរដ្ឋ​អាម៉េរិក​។​

​ថ្លែង​ជា​លើកដំបូង​ក្នុងនាម​ជា​ប្រធានាធិបតី​ចិនអាណត្តិ​ទី​បី លោក​ស៊ី​បាន​អំពាវនាវ​អោយ​ចិន​បង្កើន​លទ្ធភាព​របស់​ខ្លួន​ក្នុង​ការការពារ​សន្តិសុខ​ជាតិ​និង​គ្រប់គ្រង​ចាត់ចែង​សន្តិសុខ​សាធារណៈ​។​

​លោក​ថា​« សន្តិសុខ​ជា​គ្រឹះ​សំរាប់​ការអភិវឌ្ឍ ហើយស្ថិរភាព​ជា​របស់​ត្រូវ​ការ​ជាមុន​សំរាប់​វិបុលភាព​»​។​

​គណបក្ស​កុំម្មុយនីស្ត​ចិន ត្រូវ​រំពឹងថា​នឹង​រឹតបន្តឹង​ការត្រួត​មើល​សន្តិសុខ ជា​ចំណាត់ការ​មួយ​ដែល​នឹង​កើត​ឡើង​បន្ទាប់ពី​លោក​ស៊ី​ដាក់​មនុស្ស​ជំនិត​របស់​លោក​ក្នុង​មុខតំណែង​សន្តិសុខ​កំពូលៗ​។​

​ស៊ី កាលពី​ថ្ងៃ​ចន្ទ​ក៏​បាន​បញ្ជាក់ថា ចិន​ត្រូវ​តែ​សំរេច​អោយបាន​ការពឹង​លើ​ខ្លួនឯង​ច្រើន​ឡើង​និង​កម្លាំង​ខាង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ចំ​ពេល​អាម៉េរិក​ព្យាយាម​បិទ​ខ្ទប់​មិនអោយ​ចិន​ទទួលបាន​​គ្រឿង​បរិក្ខារ​ផលិត​បន្ទះ​ឈីប​និង​បច្ចេកវិទ្យា​ទំនើប​ផ្សេងៗ​។​

​អំពី​បញ្ហា​កោះ​តៃវ៉ាន់ លោក​បាន​មានប្រសាសន៍ថា ចិន​ត្រូវ​តែ​ប្រឆាំង​សកម្មភាព​គាំទ្រ​ឯករាជ្យភាព​និង​ការ​ផ្តាច់ខ្លួន ព្រមទាំង​ការជ្រៀតជ្រែក​នៃ​កម្លាំង​ខាងក្រៅ​៕

​ស៊ី ជីន​ភីង ថ្លែង​ក្នុង​សម័យប្រជុំ​សភា​ប្រជាជន​ចិន​កាលពី​ថ្ងៃ​១៣​មីនា​។​លោក​ថា ៖​សន្តិសុខ​ជា​គ្រឹះ​សំរាប់​ការអភិវឌ្ឍ​របស់​ចិន​