ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា នេះ រាជរដ្ឋាភិបាល បានផ្ដល់ ប្រាក់រង្វាន់ ដល់ជ័យលាភីមេដាយ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២ (CAMSOC) អញ្ជើញជា តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ប្រាក់រង្វាន់លើកទឹក ចិត្ត ចំនួន ២.៧០៨.៦០០.០០០ រៀល របស់រាជរដ្ឋាភិបាល ជូនដល់ម្ចាស់ជ័យលាភី មេដាយ និងគ្រូបង្វឹក គ្រូជំនួយ ពីការចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី។
តាមអនុក្រឹត្យរាជរដ្ឋាភិបាល មេដាយមាស ១គ្រឿង (១វិញ្ញាសា) ទទួលបាន ៤០ លាន
រៀល, មេដាយប្រាក់ ១គ្រឿង ទទួលបាន ៣០លានរៀល និងមេដាយសំរឹទ្ធ ១គ្រឿង ទទួលបាន ១៦ លានរៀល។
សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ កម្ពុជា ដណ្ដើមបានមេដាយមាស ចំនួន ៧ គ្រឿង មេដាយប្រាក់ ១០ គ្រឿង និងមេដាយសំរិទ្ធ ១១ គ្រឿង។
នៅចំពោះមុខកីឡាករ កីឡាការិនី សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថាៈ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើវិស័យអប់រំ យុវជន និងកីឡា ជាពិសេសកីឡាជនពិការ រួមជាមួយនឹងការគាំទ្រដ៏ផុលផុស របស់ប្រជាជន កម្ពុជាគ្រប់រូប នៅរាល់ព្រឹត្តិការណ៍ប្រកួត កន្លងមក បាននាំមកនូវបទពិសោធន៍ ចំណងមិត្តភាព ស្មារតីស្រឡាញ់ជាតិ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយ បណ្តាប្រទេសនានា ឱ្យកាន់តែសម្បូរបែប និងខ្លាំងក្លាឡើងថែមទៀត ជាពិសេស ស័ក្តិសមនឹងពាក្យថា «កីឡាជាទូតមួយដ៏សំខាន់ លើឆាកអន្តរជាតិ»៕ V / N