ដោយៈ បូកគោ / កំពតៈ អភិបាលខេត្តកំពត បានកោតសរសើរដល់កម្លាំងសមត្ថកិច្ច ចំពោះការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ ដោយខិតខំបញ្ចៀសនូវ រាល់បទល្មើស ផ្សេងៗ មិនឱ្យកើតមានឡើង។ ទាំងនេះ ផ្តើមចេញពីការទទួលខុសត្រូវខ្ពស់ ក្នុងនាមជា ថ្នាក់ដឹកនាំ និងមានកិច្ចសហការល្អ ពីបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត។

ថ្លែងក្នុងពិធីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា កាលពីចុងសប្តាហ៍ កន្លងទៅ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈ តាមការកត់សម្គាល់ ជាក់ស្តែង អំឡុងពេលជាងមួយឆ្នាំ ចាប់តាំងពីលោក បានចូលមកកាន់ទឹកដីនៃខេត្តកំពត លោកកម្រឃើញបទល្មើសធ្ងន់ធ្ងរ សូម្បីតែក្រុមក្មេងបង្ហោះម៉ូតូ ក៏មិនមានកើតឡើងដែរ។ នេះជាផ្តើមចេញពីភាពវ័យឆ្លាត ក្នុងការដឹកនាំរបស់លោកស្នងការ ដែលពោរពេញ ដោយចំណេះជំនាញ និងយល់ច្បាស់ នូវគ្រប់ស្ថានការណ៍ទាំងឡាយ។

លោកអភិបាលខេត្ត បានបន្តថាៈ ជាមួយនេះ លោកក៏សូមកោតសរសើរ ចំពោះកិច្ចចូល រួមសហការយ៉ាងល្អ ពីគ្រប់មន្ទីរអង្គភាព អធិការដ្ឋានក្រុង ស្រុក បញ្ជាការដ្ឋានកងរាជ អាវុធហត្ថ តាមបណ្តាក្រុង ស្រុក ដើម្បីបង្កភាពកក់ក្តៅ សម្រាប់ប្រជាពលរដ្ឋ ក្នុងខេត្ត ទាំងមូល។ ក្នុងនាម រដ្ឋបាលខេត្ត លោកស្នើសុំផ្នែកពាក់ព័ន្ធ ពិសេសកម្លាំងសមត្ថកិច្ច គ្រប់ប្រភេទ បន្តលុបបំបាត់រាល់ភាពអវិជ្ជមាន បំណងផ្តល់ភាពសុខសាន្ត ជូនប្រជាពលរដ្ឋ បន្ថែមទៀត។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថាៈ បញ្ហាស្ថេរភាពសង្គម នៅទូទាំងខេត្តកំពត មានលក្ខណៈល្អគួរសម។ នេះជាមោទកភាព មួយដែលបានកើតចេញ ពីកិច្ចខិតខំប្រឹងប្រែងរបស់ កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងមានការចូលរួម ពីភាគីពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋ ក្នុងខេត្តកំពតតែម្តង។
លោកស្នងការ បានបន្តថាៈ ពេញមួយឆ្នាំ២០២២ កន្លងទៅ បទល្មើសក្នុងខេត្ត កើតមាន តិចតួច តែកម្លាំងសមត្ថកិច្ច ចាត់ការបង្ក្រាបបានស្ទើរ ១០០ ភាគរយ។ ជាក់ស្តែង បទល្មើសព្រហ្មទណ្ឌ កើតឡើងចំនួន ៩៤ លើក សមត្ថកិច្ចបង្ក្រាបបាន ៧៥ លើក ដោយឃាត់ខ្លួនជនសង្ស័យ បាន ១១៥ នាក់, បទឧក្រិដ្ឋចំនួន ១៣ លើក បង្ក្រាបបាន ៦ លើក និងបទល្មើសមជ្ឈិម ចំនួន ៨១ លើក បង្ក្រាបបាន ៦៩ លើក។ បានបង្ក្រាបល្បែង​ស៊ីសង ៧៣ លើក ឃាត់ខ្លួនមនុស្សចំនួន ៩៨ នាក់, បង្ក្រាបក្មេងទំនើង ២៣ លើក ឃាត់ខ្លួនមនុស្សចំនួន ៩២ នាក់។ បន្ថែមលើនេះ ក៏មានករណីជួញដូរមនុស្សចំនួន ៦ លើក ដោយសមត្ថកិច្ចរបស់លោក បង្ក្រាបបានទាំងស្រុង៕ V / N