ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នៅលើបណ្តាញសង្គម នារសៀលថ្ងៃទី១៣ ខែមីនា នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសរសេរថាៈ ” មើលទៅមជ្ឈដ្ឋានប្រឆាំង អស់អ្វី នឹងលើកយកមក វាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗ ព្យាយាមបំបែក បំបាក់ផ្ទៃក្នុងរបស់គេ រហូតដល់ទៅយកអត្ថបទមួយ ដែលសរសេរដោយជនបរទេសម្នាក់ ដែលតែងតែសរសេរ ផ្អែកលើមូលដ្ឋាន នៃពាក្យចចាមអារាម (ព្រោះក្នុងការសរសេរ ម្តងៗរបស់គាត់ ឃើញតែដាក់ពីប្រភពនេះ ប្រភពនោះ ដែលមិនច្បាស់លាស់ ថាជា ប្រភពណាពិតប្រាកដ គឺប្រហែលជាប្រភពខ្យល់ច្រើនជាង)”។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សង្ឃឹមថា ការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រសួងការពារជាតិ អាចឱ្យមហាជន បានដឹងច្បាស់ថា ការពិតគឺ យ៉ាងណាហើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន ប្រកាសប្រឆាំងដាច់ខាត ចំពោះគេហទំព័រហ្វេសប៊ុក ឈ្មោះ Sam Rainsy ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបានចុះខ្លឹមសារ មានការញុះញង់ បំបែកបំបាក់ជាតិ។ សម្តេច និងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រ ទាំងស្រុងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការ របស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

សម្តេចពិជ័យសេនា បានសរសេរថាៈ “សូមប្រឆាំងដាច់ខាតចំពោះគេហទំព័រហ្វេសប៊ុក ឈ្មោះ Sam Rainsy ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ ដែលបានចុះខ្លឹមសារ មានការញុះញង់ បំបែកបំបាក់ជាតិ។ ខ្ញុំ និងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុង ចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្រ្តី នាពេលអនាគត។

កងយោធពលខេមរភូមិន្ទ បន្តប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី បានគត់មត់ ប្រឆាំងការជ្រៀតជ្រែករបស់ បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា ថែរក្សា​ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គម ប្រឆាំងដាច់ខាតចំពោះ ឧបាយកលទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋាន អគតិនានា ដែលបានប្រើប្រាស់ចលនាបដិវត្តន៍ពណ៌ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ការពារសង្គមជាតិ មិនឱ្យធ្លាក់ក្នុងអស្ថិរភាព អសន្តិសុខ ការបែកបាក់ជាតិ និងសង្គ្រាមសារជាថ្មីទៀត ធ្វើឱ្យសង្គមជាតិ បន្តដំណើរទៅមុខ ឥតឈប់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ និងមានឆន្ទៈមោះមុតការពារដាច់ខាតរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា “។

សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់ជនរួមជាតិទាំងមូល ទាំងនៅក្នុង និងក្រៅប្រទេស សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ ត្រជាក់ នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញ រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងមាតុភូមិ ឱ្យកាន់តែរីកចម្រើនថែមទៀត។

ចំណែកក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្រឆាំង និងថ្កោល ទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ បីជំនាន់ សម រង្ស៊ី ដែលបានផ្សព្វផ្សាយ បំភ្លៃ និងញុះញង់តាមបណ្ដាញសង្គមមកលើ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ។ នេះបើយោងតាមសេចក្តី ថ្លែងការណ៍ របស់អ្នកនាំពាក្យ ក្រសួងការពារជាតិ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា ការចោទប្រកាន់យ៉ាងគឃ្លីន របស់ទណ្ឌិត ក្បត់ជាតិ បីជំនាន់ សម រង្ស៊ី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺជាការញុះញង់បង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់ មានចែងនៅក្នុងក្រម ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្តន្ទាទោស។

អ្នកនាំពាក្យក្រសួងការពារជាតិ សូមបញ្ជាក់ថាៈ កងយោធពលខេមរភូមិន្ទ តែងប្តេជ្ញាដាច់ ខាតការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រ ឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេន នាពេលអនាគត ។

អ្នកនាំពាក្យក្រសួងការពារជាតិ សូមស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការឱ្យបាន តឹងរ៉ឹងតាមច្បាប់ចំពោះ ទណ្ឌិត សម រង្ស៊ី ពូជក្បត់ជាតិ ៣ ជំនាន់នេះ ហើយកងយោធ ពលខេមរភូមិន្ទ រង់ចាំជានិច្ច ក្នុងការអនុវត្តបទបញ្ជ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកម្ចាត់ជនក្បត់ជាតិ ទោះក្នុងតម្លៃណាក៏ដោយ៕ V / N