ដោយៈសុផល/ភ្នំពេញ៖ការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ ជូនដល់បងប្អូនដែលមានបំណងបើកបរចេញចូលផ្លូវល្បឿនលឿន ដោយមិនចាំបាច់រង់ចាំ បានវិលត្រឡប់មកវិញសារជាថ្មីម្តងទៀតហើយ ដោយ ការផ្តល់ជូនពិសេសនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមីនា រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។
ក្រសួងសាធារណគារនិងដឹកជញ្ជូននាថ្ងៃទី១៣ខែមីនាបានប្រកាសថា ដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃនេះ អ្នកបើកបរអាចអញ្ជើញទៅធ្វើការចុះឈ្មោះ នៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយផ្លូវល្បឿនលឿន ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់មកជាមួយ ហើយក៏ត្រូវការឯកសារច្បាប់ដើមមួយចំនួនដូចជា ១. អត្តសញ្ញាណប័ណ្ណ ២. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ៣. បណ្ណសម្គាល់យានជំនិះ(កាតគ្រី)។
គួររម្លឹកដែរថា ETC(Electronic Toll Collection) គឺជាច្រកអាទិភាព សម្រាប់រថយន្តដែលមានបំពាក់ឧបករណ៍ OBU(On-Board Unit) នៅនឹងកញ្ចក់ផ្នែកខាងមុខ បើកបរចេញចូល ជាមួយនឹងការទូទាត់ដោយស្វ័យប្រវត្តិ មិនចាំបាច់ចំណាយពេលរង់ចាំ។បងប្អូនអាចអញ្ជើញធ្វើការចុះឈ្មោះប្រើប្រាស់បំពាក់ឧបករណ៍ ETC-OBUជាប់កញ្ចក់ផ្នែកខាងមុខនៃរថយន្ត ដើម្បីចូលប្រើប្រាស់គន្លង ETC នៅទីតាំងដូចជាគ្រប់បញ្ជរបង់ប្រាក់ទាំង ៨ទីតាំង នៃផ្លូវល្បឿនលឿន មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ជាដើម ។ P / N