ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ នាយករដ្ឋមន្ត្រីចិនថ្មីកាលពីថ្ងៃចន្ទបានព្រមានថា គោលដៅកំណើន៥ភាគរយរបស់ប្រទេសសំរាប់ឆ្នាំ២០២៣ នឹងមិន«ងាយស្រួល»សំរេចបានទេ នៅពេលសភាប្រជាជនចិនបានបញ្ចប់កិច្ចប្រជុំពិភាក្សាអនុម័តការរុះរើគណៈរដ្ឋមន្ត្រីដ៏ធំរយៈពេលមួយសប្តាហ៍របស់ខ្លួន។
ពេលសភាបើកកិច្ចប្រជុំ រដ្ឋាភិបាលបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចប្រមាណ៥ភាគរយ ជាកំរិតទាបបំផុតមួយធៀបនឹងកំណើននៅរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ នៅពេលចិនកំពុងងើបចេញពីវិធានការគ្រប់គ្រងកូវីដដ៏តឹងតែងអស់ពេលបីឆ្នាំដែលបានទាញកំណើនសេដ្ឋកិច្ចអោយធ្លាក់ដល់៣ភាគរយកាលពីឆ្នាំ២០២២។
លោកលី ឈាង (Li Qiang) ដែលទើបត្រូវបានសភាជ្រើសតាំងជានាយករដ្ឋមន្ត្រីចិនថ្មីកាលពីចុងសប្តាហ៍ បានទទួលស្គាល់ថាគោលដៅកំណត់សំរាប់ឆ្នាំ២០២៣នេះ ពិបាកសំរេចបាន។
នៅសន្និសីទសារព័ត៌មានពេលបញ្ចប់សម័យប្រជុំសភានៅព្រឹកនេះ លោកលីបាននិយាយថា«ខ្ញុំបារម្ភថា ការសំរេចបានកំណើន៥ភាគរយនេះមិនជាភារកិច្ចងាយស្រួលទេ ហើយវាទាមទារអោយយើងទាំងអស់គ្នាបង្កើនកិច្ចខិតខំមួយជាពីរ»។
សូមបញ្ជាក់ថា ចិនទទួលបានកំណើនត្រឹមតែបីភាគរយកាលពីឆ្នាំទៅ ដោយទាបជាងគោលដៅកំណត់៥,៥ភាគរយចំពេលសេដ្ឋកិច្ចប្រទេសនៅរងផលអវិជ្ជមានពីវិធានការគ្រប់គ្រងកូវីដនៅឡើយ និងវិបត្តិអចលនទ្រព្យ។
បើតាមលោកលី«តួលេខកំណើនមធ្យមនេះត្រូវបានកំណត់បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងល្អិតល្អន់អំពីកក្តាផ្សេងៗ»។
លោកបានព្រមានអំពី«ការប្រឈមថ្មីជាច្រើន»ចំពោះកំណើន តែបានបន្ថែមថា ប្រជាជនភាគច្រើនបំផុត«មិនផ្តោតអារម្មណ៍របស់គេរាល់ថ្ងៃ»លើសូចនាករសេដ្ឋកិច្ចរបស់ប្រទេសទេ។ផ្ទុយទៅវិញ ពួកគេយកចិត្តទុកដាក់ច្រើនជាងលើផ្ទះសម្បែង ការងារធ្វើ ចំណូល ការអប់រំនិងសុខភាព។
លោកក៏ឆ្លៀតវាយប្រហាររិះគន់អាម៉េរិក ចំពេលទំនាក់ទំនងរវវាងប្រទេសទាំងពីធ្លាក់ដល់កំរិតទាបនៅពេលមហាអំណាចទាំងពីឈ្លោះគ្នារឿងពាណិជ្ជកម្ម បច្ចេកវិទ្យានិងសន្តិសុខ។
លោកថា«ការឡោមព័ទ្ធនិងគាបសង្កត់មិនផ្តល់ប្រៀបដល់នរណាម្នាក់ទេ។ចិននិងអាម៉េរិកគួរសហការគ្នា និងត្រូវតែសហការគ្នា។នៅពេលចិននិងអាម៉េរិកធ្វើការរួមគ្នា នោះយើងអាចសំរេចកិច្ចការបានច្រើនជាង»៕
នាយករដ្ឋមន្ត្រីលី ឈាង ធ្វើសន្និសីទសារព័ត៌មាននៅពេលសភាបញ្ចប់កិច្ចប្រជុំមួយសប្តាហ៍របស់ខ្លួន