ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) បាន​ទទូចថា កងកម្លាំងប្រដាប់អាវុធ​របស់​ចក្រភព​អង់គ្លេស​មាន​មូលនិធិ​ដែល​ពួកគេ​ត្រូវការ​សម្រាប់ “​ពិភពលោក​ដែល​ងាយ​ប្រែប្រួល​” ក្នុងពេល​ជួបនឹង​បញ្ហា​ប្រឈម​កាន់តែខ្លាំង​ឡើង​ដែល​បង្កឡើង​ដោយ​ចិន​និង​រុស្ស៊ី​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស​រូបនេះ​បាន​សន្យាថា​នឹង​ផ្តល់​ប្រាក់​បន្ថែមចំនួន​៥​ពាន់​លាន​ផោន​សម្រាប់​យោធា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ប៉ុន្តែ​ខកខាន​មិន​បាន​បំពេញ​តាម​ការទាមទារ​របស់​ពួក​អភិរក្សនិយម ឬ ហៅ​កាត់​ថា Tory ក្នុង​ការប្តេជ្ញា​បំពេញ​គោលដៅ​ចំណាយ ៣ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ចក្រភព​អង់គ្លេស​លើ​វិស័យ​ការពារជាតិ​។​

​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ថ្មី ដែល​បាន​សន្យា​នេះ នឹង​ត្រូវ​បាន​ស្រូបយក​យ៉ាង​លឿន​ដោយ​ការបំពេញ​ឃ្លាំង​គ្រាប់ ដែល​បាន​ប្រគល់​ឱ្យ​អ៊ុ​យក្រែន និង​ការធ្វើកា​រលើ​គម្រោង Aukus ដើម្បី​អភិវឌ្ឍ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​សម្រាប់​អូស្ត្រាលី​។​

​ការផ្តល់​មូលនិធិ​រយៈពេល​ខ្លី​នេះ​គឺ​មាន​ត្រឹមតែ​ពាក់កណ្តាល​នៃ​អ្វី​ដែល​រដ្ឋមន្ត្រី​ការពារជាតិ​លោក បិ​ន វ៉ាល់​ឡេស (Ben Wallace) បានទាមទារ ខណៈ​ថវិកា​យោធា​នឹង​ហួត​យ៉ាង​លឿន​ដោយសារ​ឥទ្ធិពល​នៃ​ការ​លុកលុយ​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​អតិផរណា​ខ្ពស់ បើ​ទោះបីជា​ក្រុម​មន្ត្រី​និយាយ​ថា​រូបលោក “​រីករាយ​” ជាមួយ​នឹង​ប្រាក់​នេះ​ក៏​ដោយ​។​

​ខណៈ​ដែល​រដ្ឋាភិបាល​គ្រោង​ធ្វើការ​ត្រួតពិនិត្យ​សរុប​ឆ្នាំ​២០២៣​ឡើងវិញ (IR23) នៅ​ថ្ងៃ​ចន្ទ​នេះ លោក​ស៊ូ​ណាក់​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​សាន់​ឌី​ហ្គោ (San Diego) រដ្ឋ​កាលីហ្វ័​រញ៉ា​ដើម្បី​ពិភាក្សា​ជាមួយ​សម្ពន្ធមិត្ត​របស់ Aukus គឺ ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន និង នាយករដ្ឋមន្ត្រី​អូស្ត្រាលី អាន​ថូ​នី អាល់​បាណេ​ស (Anthony Albanese)​។​

​ថ្លែង​នៅ​លើ​នាវា​សារមន្ទីរ USS Midway នៅ​កំពង់ផែ​កាលីហ្វ័​រញ៉ា លោក​ស៊ូ​ណាក់​និយាយថា “​វា​ច្បាស់​ណាស់​ថា​ពិភពលោក​កាន់តែ​ងាយ​ប្រែប្រួល ការគំរាមកំហែង​ដល់​សន្តិសុខ​របស់​យើង​បាន​កើនឡើង​”​។​

“​ហើយ​នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​កំពុង​វិនិយោគ ៥ ពាន់​លាន​ផោន​បន្ថែមទៀត​នៅក្នុង​កងកម្លាំងប្រដាប់អាវុធ​ដែល​វាយ​ឈ្នះ​ពិភពលោក​របស់​យើង​ក្នុង​អំឡុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ និង​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារ​ជាតិ​របស់​យើង​ដល់ ២,៥ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ដូច្នេះ​យើង​អាច​បន្ត​ក្លាយជា​អ្នកដឹកនាំ​ពិភពលោក នៅពេល​និយាយ​អំពី​ការការពារ​និង​ការរក្សា​ប្រទេស​យើង​ឱ្យមាន​សុវត្ថិភាព​”​។​

​មូលនិធិ ដែល​បាន​សន្យា​នេះ នឹង​ឃើញ​ប្រាក់​កើនឡើង ១,៩៨ ពាន់​លាន​ផោន​នៅ​ឆ្នាំនេះ និង ២,៩៧ ពាន់​លាន​ផោន​នៅ​ឆ្នាំក្រោយ​សម្រាប់​វិស័យ​ការពារ​។​

​ទឹកប្រាក់​ចំនួន ៣ ពាន់​លាន​ផោន​នឹងត្រូវ​វិនិយោគ​នៅក្នុង​សហគ្រាស​នុយក្លេអ៊ែរ​ការពារជាតិ រួម​ទាំង​ការគាំទ្រ​ដល់​គម្រោង Aukus ខណៈ ១,៩ ពាន់​លាន​ផោន​នឹង​បំពេញ​បន្ថែម​និង​ពង្រឹង​ឃ្លាំង​គ្រាប់​។​

​លោក​ស៊ូ​ណា​ក់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា មូលនិធិ​បន្ថែម​នេះ​នឹង​យក​ការចំណាយ​ពី ២ ភាគរយ​នៃ GDP ក្នុង​ឆ្នាំ ២០២០ ឡើង​រហូត​ដល់ ២,២៥ ភាគរយ​ក្នុង​ឆ្នាំ ២០២៥៕

​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក រី​ស៊ី ស៊ូ​ណាក់