​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ “​ម៉ាឡេស៊ី​អាចធ្វើ​បាន​!” នេះ​ជា​សម្តី​របស់​ម្តាយ​របស់​លោកស្រី មី​សែ​ល យ៉ូ (Michelle Yeoh) ដែល​យំ​នៅក្នុង​ការជជែក​ជា​វីដេអូ​ជាមួយ​កូនស្រី​របស់​គាត់​នៅតែ​ប៉ុន្មាន​នាទី​បន្ទាប់ពី​ការ​ឈ្នះ​ពានរង្វាន់​អូ​ស្ការ​ជា​ប្រវត្តិសាស្ត្រ​របស់​កូនស្រី​ត្រូវបាន​ប្រកាស​។​

​លោកស្រី ចា​ណេត យ៉ូ (Janet Yeoh) បាន​ប្រាប់​អ្នកយក​ព័ត៌មាន​បន្ទាប់​ពី​កូនស្រី​របស់​គាត់​បានក្លាយ​ជា​ស្ត្រី​អាស៊ី​ដំបូង​គេ​ដែល​ឈ្នះ​ពានរង្វាន់ Academy Award សម្រាប់​តារា​សម្តែង​ល្អ​បំផុត យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​សប្បាយចិត្ត​ណាស់​…​ខ្ញុំ​មាន​មោទនភាព​ចំពោះ​កូនស្រី​របស់​ខ្ញុំ​។ នាង​ពិតជា​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់​”​។​

“​ខ្ញុំ​នឹង​ហៅ​នាង​ឱ្យ​ត្រឡប់​មក​វិញ (​មក​ម៉ាឡេស៊ី​) ហើយ​ធ្វើ​ការអបអរ​ឆាប់ៗ​នេះ​។ ខែក្រោយ​គឺ​ជា​ថ្ងៃកំណើត​របស់ខ្ញុំ​”​។​

​លោកស្រី​និង​សាច់ញាតិ​និង​មិត្តភក្តិ​របស់​លោកស្រី​យ៉ូ​ផ្សេងទៀត​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ឯការ​បញ្ចាំង​បន្ត​ផ្ទាល់​នៃ​ពិធី​ប្រគល់​រង្វាន់​នៅ​រោងកុន​មួយ​ក្នុង​ក្រុង​គូ​ឡា​ឡាំ​ពួ កន្លែង​ដែល​មាន​ការស្រែក​អបអរសាទរ​យ៉ាងខ្លាំង ការ​ឱបក្រសោប និង​ការ​សម្រក់​ទឹកភ្នែក​នៃ​ក្តី​រីករាយ ក្នុងពេល​តែ​ប៉ុន្មាន​វិនាទី​ដែល​ការប្រកាស​ត្រូវបាន​ធ្វើឡើង​។​

​ក្មួយ​ស្រី​របស់​លោកស្រី​យ៉ូ នាង​វី​ក​គី (Vicki) បាន​និយាយថា “​វា​ជា​ពេល​ដ៏​អស្ចារ្យ​ក្រៃលែង​”​។​

“​ខ្ញុំ​និយាយ​មិន​ចេញ ខ្ញុំ​ស្រែកយំ​។ អ្វី​គ្រប់​យ៉ាង​គឺ​វា​កើត​ឡើង​យ៉ាង​លឿន​។ យើង​សប្បាយចិត្ត​ណាស់​ដែល​គាត់​ឈ្នះ ម្តាយមីង​របស់​យើង​ឈ្នះ​ហើយ​…”​។​

​នាង​បាន​និយាយ​ដោយ​សំដៅ​ទៅលើ​រូបចម្លាក់​អូ​ស្ការ ថា “​យើង​បាន​បន្ត​ប្រាប់​គាត់​ថា អ្នក​មីង​នឹង​ឈ្នះ​…​អ្នក​មីង​នឹង​ឈរ​លើ​ឆាក​ជាមួយ​ពាន​បុរស​មាស​”៕

​ម្តាយ​របស់​លោកស្រី​យ៉ូនិ​ង​សាច់ញាតិ​អបអរ​ការ​ឈ្នះ​ពាន​អូ​ស្កា​រ