ដោយៈ ប.ខុន / ភ្នំពេញៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកស្រី កែ ច័ន្ទមុនី តំណាងរាស្រ្ដមណ្ឌលកំពង់ឆ្នាំង ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល ជាច្រើនរូប បាននាំ យកសម្ភារៈប្រើប្រាស់ និងថវិកា ទៅចែកជូនប្រជាពលរដ្ឋ ៤៥ គ្រួសារ ដែលរងគ្រោះ ដោយសារភ្លើងឆេះផ្ទះ នៅភូមិផ្សារឆ្នាំង​សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែមីនា នេះ ។

នៅក្នុងឱកាសខាងលើ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្ដែងនូវការសោក ស្ដាយ ចំពោះឧបទ្ទវហេតុនេះ និងបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត ត្រូវមាន ការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះបានប៉ះពាល់ដល់ជីវភាពខ្លាំងណាស់ ដូចពាក្យចាស់ លោកថា ស៊ូស្លាប់បា កុំឱ្យស្លាប់មេ លិចទូកកណ្ដាលទន្លេ កុំឱ្យភ្លើងឆេះផ្ទះ។

រំលឹកថា កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង ៧ និង ២០ នាទី មានអគ្គិភ័យ ឆាបឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អស់ចំនួន ២៧ ខ្នងផ្ទះ ស្មើនឹង ៤៥ គ្រួសារ ។

អំណោយដែលបានប្រគល់ជូនជនរងគ្រោះខាងលើ មួយគ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកា ១០ ម៉ឺនរៀល៕ V / N