​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ហ្វីលីពីន​និង​អាម៉េរិក​បានចាប់ផ្តើម​សមយុទ្ធ​រួម​គ្នា​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​មីនា ដោយ​ផ្តោត​លើ​លទ្ធភាព​របស់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ក្នុង​ការរក្សា​ការពារ​ទឹកដី​​របស់​ខ្លួន​ពី​ការ​គំរាម​មកពីខាងក្រៅ​។​

​លំ​ហាត់​យោធា​រួមគ្នា​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​ប្រធានាធិបតី ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ កាលពី​ខែ​មុន​បាន​សំរេច​ពង្រីក​ការចូល​ប្រើ​របស់​កងទ័ព​អាម៉េរិក​ទៅក្នុង​មូលដ្ឋានទ័ព​ហ្វីលីពីន ជា​ចំណាត់​​ការ​មួយ​ដែល​បង្ក​អោយ​ចិន​ខឹង​នៅពេល​ហ្វីលីពីន​ត្រូវបាន​គេ​មើលឃើញថា​ជា​កំណល់​ដង​ថ្លឹង​មួយ​នៃ​ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​ទាំងពីរ​។​

​ទាហាន​ហ្វីលីពីន​និង​អាម៉េរិក​ជាង​៣.០០០​នាក់​នឹង​ចូលរួម​សមយុទ្ធ​បី​សប្តាហ៍​ដែល​មានឈ្មោះ​ថា សាឡា​កនី​ប​Salaknib ដែល​រួម​មាន​ការហាត់​បាញ់កាំភ្លើង​ដៃ កាំភ្លើងត្បាល់​និង​កាំភ្លើង​ធំ​ពិតៗ​រួមទាំង​​គំរោង​សាងសង់​។​

​ឧត្តមសេនីយ៍​ហ្វីលីពីន​លោក រ៉ូ​ម៉េអូ ប្រាវ​នឺ​( Romeo Brawner)​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ពិធី​បើក​សមយុទ្ធ​ថា « សេណា​រី​យ៉ូ នឹង​ពាក់ព័ន្ធ​ការការពារ​កម្រង​កោះ​ហ្វីលីពីន​ពី​ការ​ឈ្លានពាន​បរទេស​​ដែល​អាច​កើតមាន​»​។​

​លោក​បាន​បន្ថែមថា​« ដោយសារ​វា​ជា​សមយុទ្ធ​រវាង​យោធា​នឹង​យោធា យើង​នឹង​ផ្តោតលើ​ប្រតិបត្តិ​ការការពារ ដូច​ជា​ការការពា​រ​ដែនអាកាស និង​ការពារ​ឆ្នេរ​របស់​យើង​»​។​

​សកម្មភាព​ភាគច្រើន​នឹង​ធ្វើឡើង​នៅ​បន្ទាយ​ហ្វ​ដ ម៉ាក​សាយ​សាយ​( Fort Magsaysay)​ដែល​ជា​ជំរំ​យោធា​ធំ​បំផុត​នៅ​ហ្វីលីពីន និង​ក៏​ជា​ទីតាំង​មួយ​ក្នុងចំណោម​មូលដ្ឋានយោធាប្រាំ​ដែល​អាម៉េរិក​មាន​សិទ្ធិ​ចូល​ប្រើ​​ប្រាស់​នៅក្រោម​កិច្ចព្រមព្រៀង​EDCA​។​ក្រោម​កិច្ច​ព្រមព្រៀង​នេះ អាម៉េរិក​អាច​ប្រើប្រាស់​មូលដ្ឋានទ័ព​ទាំងនេះ​សំរាប់​ការហ្វឹកហាត់​រួមគ្នា ដាក់តាំង​សម្ភារ​សឹក​និង​សាងសង់​ហេដ្ឋារចនាសម្ពន្ធ​ដូច​ជា​ផ្លូវ​​ចុះ​ឡើង​របស់​យន្តហោះ ឃ្លាំង​ប្រេង និង​អាគារ​យោធា តែ​មិន​រក្សា​វត្តមាន​អចិន្ត្រៃយ៍​ទេ​។​

​ចិន​បាន​រិះគន់​កិច្ចព្រមព្រៀង​នេះ ដោយ​ហៅ​វា​ថា​ជា​«​ផ្នែក​នៃ​កិច្ចខិតខំ​របស់​អាម៉េរិក​ដើម្បី​ឡោមព័ទ្ធ​និង​បិទ​ខ្ទប់​ចិន តាមរយៈ​ការបង្កើត​សម្ពន្ធភាព​យោធា​ជាមួយ​ហ្វីលីពីន​។​

​អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ម៉ានីល បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា «​តាមរយៈ​ធ្វើ​ដូច្នេះ អាម៉េរិក​មិន​ត្រឹមតែ​បង្កើន​ភាព​តានតឹង​ក្នុង​តំបន់ តែ​ក៏​រំខាន​និង​រាំងស្ទះ​កិច្ចខិតខំ​របស់​ប្រទេស​ជា​​ច្រើន​នៅក្នុង​តំបន់​ដើម្បី​ការពារ​សន្តិភាព​និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​»៕

​ឧត្តមសេនីយ៍​ហ្វីលីពីន​ និង​ឧត្តមសេនីយ៍​អាម៉េរិកថត​ជាមួយ​ទាហាន​ហ្វីលីពី​និង​អាម៉េរិក​ក្នុង​ពិធី​បើក​សមយុទ្ធ​យោធា​Salaknib​កាលពី​ថ្ងៃ​១៣​មីនា​នៅ​បន្ទាយ​​ហ្វ​ដ ម៉ាក​សាយ​សាយ​