ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ប្រធានក្រុមការងារ ១០០រាត្រី និងជាអ្នកសម្របសម្រួលអង្គការ ១៨ស្ថាប័នឬហៅថាយុវជន ស្នាក់ការកណ្តាលសង្គមស៊ីវិលបានហៅការផ្សាយរបស់វិទ្យុអាស៊ីសេរី ថាជាការមិនពិត មានលក្ខណៈញុះញង់បំបែក បំបាក់លាបពណ៌។លោកបន្តថាការផ្សាយនេះក្នុងគោលបំណងដើម្បីធ្វើយ៉ាងណាកុំឱ្យយុវជនដទៃទៀតដែលកំពុងតែងប់ងុលជាមួយគណបក្សប្រឆាំង កុំឱ្យមកចូលរួមជាមួយរដ្ឋាភិបាលតែប៉ុណ្ណោះ។
លោក មួង សូនី បាននិយាយប្រាប់បណ្ដាញព័ត៌មាននៅថ្ងៃទី១៣ ខែមីនានេះថា វិទ្យុអាស៊ីសេរី ម្តងជាពីរដងនិងជាច្រើន ដងមកហើយដែលវិទ្យុនេះបានបន្តឃោសនាបែបញុះញង់មានលក្ខណៈបំបែកបំបាក់ចោទប្រកាន់និងធ្វើឱ្យមហាជនមើលឃើញថាក្រុមយុវជនរបស់លោកជាយុវជនអាក្រក់ដែលទៅចូលរួមជាមួយរដ្ឋាភិបាលដែលគាត់ខិតខំឃោសនាក្នុងគោលដៅ គឺដើម្បីធ្វើយ៉ាងណាកុំឱ្យយុវជនដទៃទៀតដែលកំពុងតែងប់ងុលជ្រុលនិយមជាមួយគណបក្សលោកសម រង្ស៊ី កុំឱ្យមកចូលរួមជាមួយរដ្ឋាភិបាលបន្តទៀត ។នេះជាគោលដៅរបស់គេធំណាស់។
អ្នកសម្របសម្រួលអង្គការ ១៨ស្ថាប័ន បានបន្តថា វាជារឿងធម្មតាទេ ដែលវិទ្យុអាស៊ីសេរីខិតខំផ្សាយព័ត៌មានមិនពិត ញុះញង់ បំបែកបំបាក់ ក៏ប៉ុន្តែក្នុងន័យនេះ យើងមានតែធ្វើការអំពាវនាវសុំឱ្យវិទ្យុនេះប្តូរឥរិយាបថប្តូរការឃោសនារបស់ ខ្លួន។សុំឱ្យមានធ្វើយ៉ាងណាឱ្យប្រទេសជាតិនិងយុវជនមានការរួបរួមគ្នាចៀសជាងការបំបែកបំបាក់។ចៀសជាងការមើល មុខគ្នាមិនចំ ដោយសារតែការឃោសនារបស់គាត់ ។នេះជារឿងមួយដែលយើងគួរគិតពិចារណាទាំងអស់គ្នា ពីព្រោះថាបញ្ហានេះវាមានកន្លងមកហើយ ហើយវាអាចនឹងមានទៅជាជម្លោះហិង្សាថ្ងៃក្រោយ។ យើងអាចមើលឃើញថា ប្រសិនបើវិទ្យុនេះនៅបន្តញុះញង់បន្តទៀត។
ស្របពេលនេះដែរ លោកមួង សូនី បានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាកុំជឿតាមការឃោសនារបស់វិទ្យុអាស៊ីសេរី ។កុំជឿទៅលើការញុះញង់របស់វិទ្យុអាស៊ីសេរី ដែលមិនមានលក្ខណៈជាការពិត មិនមានលក្ខណៈជាវិទ្យាសាស្ដ្រ ។គាត់ផ្សព្វផ្សាយតាមការយល់ឃើញរបស់គាត់តែប៉ុណ្ណោះ គាត់មិនដែលតេសម្ភាសន៍ជាមួយលោកផ្ទាល់ ក៏ដូចជាយុវជនដទៃទៀតដែរ៕សរន