ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី ១៤ ខែ មីនា ២០២៣ ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុ ជានឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មីនិងត្រួតពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍ សាត់ ១ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

គួរបញ្ជាក់ថាកាលពីអំឡុងឆ្នាំ២០១៩កន្លងទៅរាជរដ្ឋាភិបាលសម្រេចឱ្យមានការសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ស្ថិតក្នុងស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍ សាត់ (ត្រង់ចំណុចចិនយំ) ។ គម្រោងនេះចាប់ដំណើរការសាងសង់នៅចុងឆ្នាំ២០២២ ដោយក្រុមហ៊ុន SPHP(Cambodia)CoLtd ដែល​មាន ភាគហ៊ុន​រួម​គ្នា​រវាងចិន​ និង​កូរ៉េ ។ មានអានុភាពផលិតថាមពល ៨០ មេហ្គាវ៉ាត់ជាមួយ​ទឹកប្រាក់​វិនិយោគ​ប្រមាណ ២៣១ ​លាន​ដុល្លារដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦។

គម្រោង​វារីអគ្គីសនី​នៅ​ពោធិ៍សាត់​នេះនឹង​ត្រូវ​ធ្វើ​ឡើង​ក្រោម​រូបភាព​សាងសង់-ដំណើរការ-ផ្ទេរ (BOT)សម្រាប់​រយៈ​ពេល​៣៩​ឆ្នាំដែលមាន​ន័យ​ថា​បន្ទាប់​ពី​ក្រុមហ៊ុន​ប្រើប្រាស់​វារីអគ្គីសនី​នេះ​បាន​រយៈពេល​៣៩​ឆ្នាំ នោះក្រុមហ៊ុន​នឹង​ប្រគល់​វា​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​ទាំង​ស្រុង។

ក្រសួង​រ៉ែនិង​ថាមពលបានផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​នេះសិក្សា​លទ្ធ​ភាព​នៅលើ​ទីតាំង​នេះ​ចាប់តាំងពី​ឆ្នាំ​២០១២ ​។ក្រុមហ៊ុន​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​រួចហើយ​ជាមួយ​អគ្គិសនី ​កម្ពុជា ​(EDC)សម្រាប់​ការលក់​ថាមពល​ទាំងអស់​ដែល​ខ្លួន​ផលិត​បាន​ដើម្បី​ភ្ជាប់​ទៅ​បណ្តាញ​ជាតិ​ជាមួយនឹង​តម្លៃ០,៧ ​សេនដុល្លារ​ក្នុង​ ១​ គីឡូវ៉ាត់ម៉ោង​។​

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់បន្ទាប់ពីគម្រោងវារីអគ្គសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅភូមិឆាយលូក ឃុំអូរ សោម ស្រុកវាលវែង មានអនុភាព១២០មេហ្គាវ៉ាត់ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ២០១៥។ បច្ចុប្បន្ននេះនៅខេត្តពោធិ៍សាត់មានអនុស្ថានីយចំនួន ៣ រួមមាន អនុស្ថានីយអូរសោម, អនុស្ថានីយពោធិ៍សាត់និងអនុស្ថានីយស្វាយស ។ ចំណែកថាមពលពន្លឺព្រះអាទិត្យនិងថាម ពលផ្សេងៗមានចំនួន ៤កន្លែងរួមមាន៖ ស្ថានីយអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យមានអនុភាព៩០មេហ្គាវ៉ាត់០១កន្លែង,ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យមានអនុភាព១០គីឡូវ៉ាត់ម៉ោង០១កន្លែង,ស្ថានីយ អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យមានអនុភាព៧គីឡូវ៉ាត់ម៉ោង ០១កន្លែងនិងស្ថានីយសាកអាគុយដើរដោយពន្លឺព្រះអាទិត្យ ថាមពលខ្យល់និងប្រេងខ្មៅមានអនុភាព ៥១៩ គីឡូវ៉ាត់ម៉ោង០១កន្លែង៕