ដោយ: បូកគោ / កែប: ក្នុងបំណងបង្កើនប្រាក់ចំណូល សម្រាប់ជីវភាពគ្រួសារប្រជាពលរដ្ឋ នៅតំបន់អតីតសមរភូមិបង្ហូរឈាមភ្នំវល្លិ៍ រដ្ឋបាលខេត្តកែប បានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST តភ្ជាប់បណ្តាញគមនាគមន៍ ឆ្លងកាត់ភូមិចំនួន៤ ដើម្បីបង្កភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញសព្វសារពើ។
ថ្លែងក្នុងពិធីបើកបើកការដ្ឋាន សាងសង់ផ្លូវលេខ១៣៣៣ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថាៈ ផ្លូវកៅស៊ូមួយខ្សែដែលនឹងលេចជារូបរាង នាពេលខាងមុខនេះជាសមិទ្ធផលថ្មី លើទឹកដីតំបន់សង្គ្រាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរ នាអតីតកាល។ ភ្នំវល្លិ៍ ជាមជ្ឈមណ្ឌលការពារដ៏រឹងមាំ របស់ក្រុមខ្មែរក្រហម តែបច្ចុប្បន្ន បានក្លាយជាតំបន់ទេសចរណ៍ ពោរពេញដោយសក្ដានុពល ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង។
លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ ផ្លូវអន្តរភូមិដែលបានចាប់ផ្តើមស្ថាបនា នៅពេលនេះ ជាបណ្តាញគមនាគមន៍បន្ថែម ដែលត្រូវតភ្ជាប់ រវាងភូមិភ្នំលាវ ភូមិចម្ការបី ភូមិចម្ការចេក និងភូមិអន្ទង់ស។ ក្រោយសាងសង់រួចរាល់ ផ្លូវនេះនឹងជួយសម្រួល ដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនទំនិញសព្វសារពើ សម្រាប់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងសាធារណជនមកពីគ្រប់មជ្ឈដ្ឋាន។
លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានប្រាប់ឱ្យដឹងថាៈ ផ្លូវលេខ១៣៣៣ ដែលបានចាប់ផ្តើមស្ថាបនានេះមានប្រវែង ១១ គីឡូម៉ែត្រ ក្រាលកៅស៊ូប្រភេទ DBST។ ផ្លូវនេះបែកចេញពីផ្លូវជាតិលេខ៣៣ ដោយឆ្លងកាត់ភូមិចំនួន៤ និងបន្តពីរង្វង់មូលចម្ការបី រហូតដល់ព្រំប្រទល់ខេត្តកែប និងខេត្តកំពត ត្រង់ចំណុចចុងភូមិសាស្ត្រ ស្រុកដំណាក់ចង្អើរ និងស្រុកកំពង់ត្រាច។
ពាក់ព័ន្ធនឹងការស្ថាបនាផ្លូវ ខាងលើ លោក ចឹក អៀង កសិករ រស់នៅភូមិចម្ការបី បានរៀបរាប់ថាៈ ផ្លូវដែលអាជ្ញាធរ កំពុងដំណើរការសាងសង់នេះ នឹងជួយកាត់បន្ថយការលំបាករបស់អ្នកភូមិមួយចំណែកធំ។ តំបន់ភ្នំវល្លិ៍ ជាមូលដ្ឋានដាំដំណាំច្រើនប្រភេទ ដែលត្រូវការផ្លូវល្អ ជាចាំបាច់ ដើម្បីដឹកកសិផល ទៅកាន់ទីផ្សារនានា។
លោក ម៉ៅ ខន ពលរដ្ឋរស់នៅក្នុងភូមិអន្ទង់សបានបញ្ជាក់ថាៈ ក្រៅពីផ្តល់ប្រយោជន៍ ក្នុងការដឹកកសិផល ផ្លូវនេះ ពិតជាបានផ្តល់ភាពងាយស្រួល ដល់អ្នកភូមិ ពិសេសការធ្វើដំណើរទៅសាលារៀនរបស់សិស្សានុសិស្សទាំងឡាយ៕/V/r