​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យោង​តាម​ឯកសារ​តុលាការ​បាន​ឱ្យដឹងថា បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ក្នុង​ការបាញ់​សម្លាប់​មនុស្ស​បួន​នាក់​នៅ​ឯ​ផ្ទះល្វែង​មួយ​​ក្នុង​ទីក្រុង​ដាល់​ឡាស (Dallas)​កន្លែង​ដែល​ទារក​ម្នាក់​ត្រូវបាន​ប្រទះ​ឃើញ​មិន​មាន​របួស បាន​ប្រាប់​ប៉ូលិស​ថា ពួកគេ​បាន​លួច​ចូល​ទៅក្នុង​ផ្ទះ​នេះ​ដើម្បី​យកលុយ​។​

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​មីនា​ថា អាតេមី​អូ ម៉ាល់​ដូ​ណា​ដូ (Artemio Maldonado)​អាយុ ១៨ ឆ្នាំ និង អា​ហ្សូ​សេណា សាន់​ឆេស (Azucena Sanchez) អាយុ ២០​ឆ្នាំ​ត្រូវបាន​ចោទ​​ប្រកាន់​ពី​បទ​មនុស្សឃាត​ដែល​មាន​ស្ថានទោស​ប្រហារជីវិត​។ កំណត់ត្រា​ពន្ធនាគារ​មិន​បាន​រាយ​បញ្ជី​មេធាវី​សម្រាប់​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ទេ​។​

​ប៉ូលិស​បាន​ទៅដល់​ផ្ទះ​កើតហេតុ​នៅ​ម៉ោង​៧៖១០​នាទី​យប់​កាលពី​ថ្ងៃអាទិត្យ​ទី​១២​មីនា ហើយ​បាន​រកឃើញ​មនុស្ស​ប្រុស​ពីរ​នាក់​និង​ស្រី​ពីរ​នាក់​ត្រូវ​បាន​បាញ់​ស្លាប់​។​ពួកគេ​ទាំងអស់​បាន​ស្លាប់​នៅ​កន្លែង​​កើតហេតុ​។ អាជ្ញាធរ​មិន​បាន​បញ្ចេញ​ឈ្មោះ​ជនរងគ្រោះ​ទេ​។​

​នាង​សាន់​ឆេស​គឺ​ជា​អតីត​មិត្តស្រី​របស់​ជនរងគ្រោះ​ម្នាក់ ហើយ​ពួកគេ​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ឃុំគ្រង​លើ​កូនប្រុស​របស់​ពួកគេ នេះ​បើ​យោងតាម​ឯកសារ​របស់​តុលាការ​។ គេ​មិនដឹង​ច្បាស់​ថា​តើ​ក្មេង​នោះ​ជា​ទារក​ដែល​ស្ថិតនៅ​ក្នុង​ផ្ទះល្វែង​ក្រោយ​ការបាញ់ប្រហារ​នោះ​ឬ​យ៉ាងណា​ទេ​។​

​យោងតាម​ឯកសារ​របស់​តុលាការ នាង​សាន់​ឆេស​បាន​ប្រាប់​ប៉ូលិស​ថា នាង​និង​ម៉ាល់​ដូ​ណា​ដូ​បាន​លួច​ចូល​ទៅ​ក្នុង​ផ្ទះល្វែង​នោះ​ដើម្បី​ប្លន់​។ ឯកសារ​របស់​តុលាការ​បាន​ឱ្យដឹងថា​នាង​សាន់​ឆេស​និយាយ​​ថា​នាង​មិន​នឹកគិត​ថា​មាន​មនុស្ស​នៅក្នុង​ផ្ទះ​នោះ​ទេ ប៉ុន្តែ​នៅពេល​ចូល​ដល់​ខាង​ក្នុង ជនរងគ្រោះ​បាន​ប្រឈម​មុខ​នឹង​អ្នក​ទាំង​ពីរ​។​

​ម៉ាល់​ដូ​ណា​ដូ​បាន​សារភាព​ថា​បាន​បាញ់​សម្លាប់​ជនរងគ្រោះ​ទាំងអស់ នេះ​បើ​យោងតាម​ឯកសារ​របស់​តុលាការ​។ ម៉ាល់​ដូ​ណា​ដូ និង​សាន់​ឆេស បាន​យក​ប្រអប់​មួយ​ពី​ទូ​មួយ ដែល​ពួកគេ​គិតថា​មាន​លុយ ប៉ុន្តែ​វា​បែរ​ជា​ទទេ​។​

​អ្នកនាំពាក្យ​ប៉ូលិស​លោកស្រី គ្រីស្ទី​ន ឡូ​វ​មែន (Kristin Lowman) បាន​និយាយថា មន្ត្រីប៉ូលិស​ត្រូវ​បាន​តេ​ហៅ​ទៅ​កាន់​កន្លែងកើតហេតុ បន្ទាប់ពី​មនុស្ស​ម្នាក់​បាន​ពិនិត្យមើល​ម្ចាស់ផ្ទះ​បន្ទាប់​ពី​​មិន​បាន​ឮ​អ្វី​ពី​ពួកគេ​។ លោក​ស្រី​និយាយថា ក្រោយមក​ប៉ូលិស​បាន​ដឹងថា សំឡេង​ផ្ទុះ​បានឮ​នៅ​ប្រហែល​ម៉ោង​១​ទៀប​ភ្លឺ ប៉ុន្តែ​គ្មាន​អ្នក​ណា​តេ​ហៅ​ប៉ូលិស​ទេ​។​

​លោកស្រី​ឡូ​វ​មែន​បាន​និយាយថា​មាន​ជម្លោះ​រវាង​ជនសង្ស័យ​ម្នាក់​និង​ជនរងគ្រោះ​ម្នាក់ ប៉ុន្តែ​មិន​អាច​និយាយ​លម្អិត​បានទេ​។ លោក​ស្រី​និយាយថា​មិន​មាន​ការគំរាមកំហែង​ដល់​សាធារណជន ឬ​អ្នក​ផ្សេង​ទៀត​នៅក្នុង​អគារ​ផ្ទះល្វែង​នោះទេ​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ប៉ូលិស​បាន​រកឃើញរ​ថយ​ន្ត​របស់​ជនសង្ស័​យ​នៅ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ​នៅ​ម៉ោង​ប្រហែល​៩៖៣០​នាទី​យប់​កាលពី​ថ្ងៃអាទិត្យ ហើយ​អ្នក​ទាំង​ពីរ​ត្រូវបាន​ចាប់ខ្លួន​នៅក្រោយ​ម៉ោង ១០ យប់​។​

​លោកស្រី​ឡូ​វ​មែន​និយាយថា ទារក​នោះ​មិន​បាន​រងរបួស​ទេ ប៉ុន្តែ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​ការប្រុងប្រយ័ត្ន​។ លោក​ស្រី​និយាយថា ទារក​ឥឡូវនេះ​កំពុង​ស្ថិតក្នុង​ការថែទាំ​របស់​សេវា​ការពារ​កុមារ​។​

​ការស៊ើបអង្កេត​លើ​ការបាញ់ប្រហារ​កំពុង​បន្ត​៕

​អាតេមី​អូ ម៉ាល់​ដូ​ណា​ដូ និង អា​ហ្សូ​សេណា សាន់​ឆេស ត្រូវបាន​ចាប់ខ្លួន ក្រោយ​សម្លាប់​មនុស្ស​៤​នាក់​កាលពី​ថ្ងៃអាទិត្យ​នៅ​ក្រុង​ដាល់​ឡាស