ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ កូរ៉េខាងជើងបានបាញ់កាំជ្រួចផ្លោងចម្ងាយខ្លីពីរដើមកាលពីថ្ងៃអង្គារទី១៤មីនា និងជាការបាញ់កាំជ្រួចលើកទីពីរក្នុងរយៈពេលបីថ្ងៃមកនេះចំពេលអាម៉េរិកនិងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធយោធារួមគ្នាធំបំផុតរបស់គេ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូលបាននិងកំពុងបង្កើនកិច្ចសហការយោធាក្នុងពេលប្រឈមនឹងការគំរាមយោធានិងនុយគ្លេអ៊ែរកាន់តែកើនឡើងមកពីកូរ៉េខាងជើង។
នាយសេនាធិការកងទ័ពចំរុះកូរ៉េខាងត្បូងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «យោធារបស់យើងបានសង្កេតឃើញកាំជ្រួចផ្លោងចម្ងាយខ្លីពីរដើមត្រូវបានបាញ់ចេញពីតំបន់ចាន់យ៉ុន(Jangyon)ឆ្ពោះទៅកាន់សមុទ្រខាងកើតចាប់ពីម៉ោង០៧៤១ទៅ០៧៥១»។
«យោធារបស់យើងបានពង្រឹងការអង្កេតតាមដាននិងការប្រុងប្រយ័ត្នដើម្បីត្រៀមដោះស្រាយនឹងការបាញ់បន្ថែម ហើយក្នុងពេលជាមួយគ្នាក៏ត្រៀមខ្លួនជាស្រេចក្រោមកិច្ចសហការជិតដិតរវាងកូរ៉េខាងត្បូងនិងអាម៉េរិក»។
ការបាញ់បង្ហោះនេះកើតឡើងតែពីរបីថ្ងៃក្រោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាញ់កាំជ្រួចបណ្តែតយុទ្ធសាស្ត្រចេញពីនាវាមុជទឹកមួយក្នុងការប្រឆាំងនឹងសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូងនិងអាម៉េរិក៕