ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមីនា ម្សិលមិញនេះ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយក្រុមហ៊ុន TikTok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដើម្បីក្លាយជាដៃគូ ចលនូបត្ថម្ភ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា ស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) និងតំណាងក្រុមហ៊ុន TikTok  ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Nicholas Pham រួមទាំងអ្នកពាក់ព័ន្ធ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីក្លាយជាដៃគូចលនូបត្ថម្ភនេះ គឺជាការរួម ចំណែក លើការផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយ នៅលើបណ្ដាញសង្គម TikTok អំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ក៏ដូចជាធ្វើឲ្យគោលដៅទេសចរណ៍ ស៊ីហ្គេម ឬក៏ផ្សព្វផ្សាយសក្ដានុពល និងទិដ្ឋភាពកម្ពុជាទាំងមូល ទៅកាន់ពិភពលោក តាមរយៈបណ្តាញសង្គម TikTok

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថាៈចុះហត្ថលេខាជាមួយ TikTok ដែលជា បណ្ដាញសង្គមមួយ ដ៏មានឥទ្ធិពលក្នុងសង្គម ទាំងក្នុងស្រទាប់យុវជន និងប្រជាជនទូទៅ ទាំងក្មេងចាស់ ប្រុសស្រី ជាអ្នកមានឥទ្ធិពល ក្នុងសង្គមរបស់យើង ប្រើប្រាស់ TikTok ធ្វើជាមធ្យោបាយ ក្នុងការផ្សព្វផ្សាយផ្សេងៗ។ យើងឃើញសារសំខាន់នេះហើយ បានជា CAMSOC បានទំនាក់ទំនង និងស្វែងរកតម្លៃបន្ថែម នៃការប្រូម៉ូត ឬការផ្សព្វផ្សាយ ស៊ីហ្គេម របស់យើង ទៅកាន់ពិភពលោក ក៏ដូចជាក្នុងប្រទេសរបស់យើងដែរ។

យើងសហការនេះ គឺយើងសហការក្នុងកម្រិតនៃការផ្សព្វផ្សាយរួមគ្នា ដោយបណ្ដាញសង្គម Tik Tok នេះ គាត់បានជួយយើង ក្នុងការធ្វើឲ្យព្រឹត្តិការណ៍ស៊ីហ្គេម ក៏ដូចជា ធ្វើឲ្យគោលដៅទេសចរណ៍ស៊ីហ្គេម ឬក៏គាត់ធ្វើការផ្សព្វផ្សាយអំពីកម្ពុជា បានន័យថា ផ្សព្វផ្សាយសក្ដានុពល និងទិដ្ឋភាពកម្ពុជាទាំងមូល ទៅកាន់ពិភពលោក តាមរយៈ TikTok

លោក Nicholas Pham តំណាងក្រុមហ៊ុន TikTok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមាន ប្រសាសន៍ថាៈ យើងពិតជារីករាយ ដែលបានមកទីនេះ ក្នុងនាមតំណាងឱ្យ TikTok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចុះហត្ថលេខា ក្លាយជាដៃគូចលនូបត្ថម្ភ Premium Sponsor និងរីករាយ ដែលបានក្លាយជាផ្នែកមួយ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលអបអរ ស្មារតីកីឡា ការរួបរួម និងមិត្តភាព៕/V-PC