ដោយៈ តារារិទ្ធ / ពោធិ៍សាត់ៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈកម្ពុជានឹងមានប៉ូលសេដ្ឋកិច្ច ទី៤ ដែលមាន ៤ ខេត្ត គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជា ពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅ ទៅទីតាំងថ្មីនិងត្រួតពិនិត្យការដ្ឋានសាងសង់ វារី អគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាៈ គម្រោងប៉ូលសេដ្ឋកិច្ចទី៤នេះ ស្ថិតក្រោមគំនិតផ្តួចផ្តើមរបស់សម្តេច និងប្រធានាធិបតីចិន ស៊ី ជីនពីង ដោយផ្តោតលើ គម្រោងមច្ឆា និងអង្ករ ដោយសារខេត្តទាំង ៤ នេះ សម្បូរទៅដោយស្រូវ និងត្រី។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថាៈ ខេត្តទាំង ៤ នេះ ក៏ត្រូវបង្កើនផលិតផល ផ្សេងៗទៀតផងដែរ ដើម្បីចូលរួមជាមួយទីផ្សារតំបន់ និងពិភពលោក។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថាៈ ចង់ឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេស អធិរាជស្វាយចន្ទី នាពេលអនាគត ផងដែរខណៈដែលបច្ចុប្បន្ន ការផលិតស្វាយចន្ទី របស់កម្ពុជា បានលើសប្រទេសកូឌឺវ័រ ដែលផលិតបានត្រឹម មួយលានមួយសែនតោន។ឥឡូវ យើងមានដល់មួយលានមួយសែនប្រាំបីម៉ឺនតោន រួចស្រេចទៅហើយ៕/V-PC