ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រុស្ស៊ីកាលពីថ្ងៃចន្ទបានយល់ព្រមពន្យារពេលអនុវត្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនរយៈពេល៦០ថ្ងៃទៀត នៅក្នុងសំណើមួយដែលរិះគន់ដោយរដ្ឋាភិបាលទីក្រុងគៀវ។
ក្រោយកិច្ចពិភាក្សាជាមួយតំណាងអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ រដ្ឋាភិបាលទីក្រុងមូស្គូ បាននិយាយថា ខ្លួននឹងមិនជំទាស់នឹងការពន្យារពេលអនុវត្តកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិពីបណ្តាកំពង់ផែសមុទ្រខ្មៅឡើយ ក្នុងបំណងជួយសម្រាលវិបត្តិស្បៀងសកល។
តែវាបានត្រឹមតែពាក់កណ្តាលនៃរយៈពេលអនុវត្តក្នុងកិច្ចព្រមព្រៀងដើមចំនួន១២០ថ្ងៃ។
អ៊ុយក្រែនបានរិះគន់តែមិនប្រឆាំងនឹងសំណើរបស់រុស្ស៊ីទេ។
សូមរំលឹកថា ការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីចូលអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២ នាំអោយបណ្តាកំពង់ផែសមុទ្រខ្មៅត្រូវបិទខ្ទប់ដោយនាវាចម្បាំងរហូតទាល់តែមានកិច្ចព្រមព្រៀងកាលពីខែកក្កដាដែលអនុញ្ញាតអោយមានការដឹកចេញគ្រាប់ធញ្ញជាតិដោយសុវត្ថភាព។
អ៊ុយក្រែនជាប្រទេសផលិតគ្រាប់ធញ្ញជាតិកំពូលមួយនៅលើលោក និងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅនេះបានជួយកាត់បន្ថយវិបត្តិស្បៀងសកលបង្កឡើងដោយជម្លោះនេះ។តាំងពីមានកិច្ចព្រមព្រៀងមក គ្រាប់ធញ្ញជាតិជាង២៤,១តោនត្រូវបាននាំចេញ នេះបើតាមតួលេខអង្គការសហប្រជាជាតិ៕
ប្រធានមនុស្សធម៌របស់អង្គការសហប្រជាជាតិលោក ម៉ាទីន ហ្គ្រីហ្វហ្វីត ចូលរួមកិច្ចពិភាក្សាស្តីពីការពន្យារការអនុត្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ