ដោយ៖ សុវណ្ណកុម្ភ / ភ្នំពេញ៖ ក្នុងឱកាសប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិ បាលកម្ពុជា ដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីជ័យលាភី នៃការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នេះ នៅទីស្ដីការក្រសួងការពារជាតិ សម្ដេចពិជ័យ សេនា ទៀ បាញ់ ដែលជាប្រមុខគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ា ហ្គេម បានផ្ដល់អនុសាសន៍ ៧ ចំណុច ដើម្បីជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខ។
អនុសាសន៍ទាំង ៧ ចំណុចនោះ រួមមាន៖
១.ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និង សហព័ន្ធកីឡាជាតិ ត្រូវបន្ដពង្រីកកិច្ចសហការល្អ ហាត់ហ្វឹកហ្វឺនក្រុមជម្រើសជាតិ ជនពិការ ក្នុងនិងក្រៅប្រទេស ដើម្បីបង្កើនគុណផលកីឡា ចូលរួមប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ និងដណ្ដើមមេដាយ ឲ្យបានច្រើន ពិសេសមន្ដ្រីបច្ចេកទេស រៀបចំការប្រកួត និងកាត់សេចក្ដីប្រកួត តាមស្ដង់ដារអន្ដរជាតិរបស់ជនពិការ។
២. ក្រសួងអប់រំ យុវជន និងកីឡា បន្ដផ្ដល់ថវិកាគាំទ្រ ជូនគណៈកម្មាធិការជាតិប៉ារ៉ាឡាំ
ពិកកម្ពុជា សហព័ន្ធកីឡាជាតិ ដើម្បីពន្លឿនការអភិវឌ្ឍ ពិសេសឆ្ពោះទៅរកការប្រកួត កីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។
៣.គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ ត្រូវប្រើប្រាស់ថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យបានត្រឹមត្រូវ តម្លាភាព និងមានប្រសិទ្ធភាព ព្រមទាំងកៀរគរថវិកាដៃគូឯកជន បំពេញបន្ថែមការខ្វះខាត ដើម្បីលើកកម្ពស់ ការអភិវឌ្ឍប្រភេទកីឡារបស់ខ្លួន ឲ្យកាន់តែរីកចម្រើន និងមាននិរន្ដរភាព។
៤.ផ្អែកលើក្របខណ្ឌពេលវេលា គណៈកម្មការជំនាញទាំង ១៤ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ត្រូវសហការគ្នាឲ្យបានល្អ ខិតខំពន្លឿនការងាររបស់ខ្លួន តាមតួនាទី និងភារកិច្ច ឆ្ពោះទៅឆ្នាំ២០២៣ ប្រកបដោយភាពជឿជាក់ និងស្វាហាប់។
៥.បន្ដពង្រឹងការប្រកួតជើងឯកជាតិ និងការប្រកួតកីឡាជាតិ ឲ្យកាន់តែមានគុណភាព ឈានទៅរកស្ដង់ដារតំបន់ ដើម្បីយកការប្រកួតកីឡាអន្ដរជាតិ មករៀបចំនៅកម្ពុជា ស្របតាមប្រសាសន៍ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី «ជនពិការមានសមត្ថភាព» «ជនពិការជាសមាជិកសង្គមមិនអាចខ្វះបាន» «ជនពិការមានលទ្ធភាព និងគុណវុឌ្ឍ ចូលរួមគ្រប់សកម្មភាព នៅក្នុងសង្គម និងជាសមាជិក នៃក្រុមគ្រួសាររបស់យើង»។
៦. ខ្ញុំសូមអរគុណចំពោះអាណាព្យាបាល មាតាបិតារបស់ក្មួយៗ ជនមានពិការភាព ដែលបានថែទាំ បុត្រធីតាបានល្អ និងសូមចូលរួមបន្ដការងារគុណធម៌ ដ៏មានអត្ថន័យនេះ និងជំរុញកូនចៅ ដែលមានពិការភាព ឲ្យចូលរួមគ្រប់សកម្មភាពក្នុងសង្គម និងលេងកីឡា តាមប្រសាសន៍ប្រមុខរាជរដ្ឋាភិបាល “ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខប្រចាំជីវិត”។
៧. ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ មានជាអាទិ៍ អាជ្ញាធររដ្ឋបាលរាជធានី ខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន មហាជន ក្រុមហ៊ុនវិនិយោគជាតិ -អន្ដរជាតិ ដែលជាដៃគូដ៏សំខាន់ ពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា សូមបន្ដ ចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡា ដើម្បីគុណប្រយោជន៍របស់សង្គមជាតិ៕ V / N