វើ​ល​ខាប់ ៖ ប្រជាជន​បារាំង​អបអរ​ទូទាំងប្រទេស​ស​ម្រា​ប់​ការ​គ្រង​តំណែង​ជើងឯក​ពិភពលោក​

1438
ចែករម្លែក

​វា​គឺជា​ជ័យជម្នះ​មួយ​សម្រាប់​ប្រទេស​បារាំង​ទាំងមូល​ហើយ​ហ្វូង​អ្នកគាំទ្រ​រាប់សិប​ម៉ឺន​នាក់​បាន​ប្រារព្ធ​ពិធី​អបអរ​នៅ​វិថី​សាំ​អេ​លី​សេ​នៃ​ក្រុងប៉ារីស​ក្នុង​ក្តី​អំណរ​ជាខ្លាំង​។​

​ការទទួល​ជ័យជម្នះ ៤-២ លើ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​នៅ​ក្រុង​មូ​ស្គូ​កាលពី​ថ្ងៃអាទិត្យ​ទី​១៥​កក្កដា​គឺជា​ការកត់សម្គាល់​អំពី​ការលើក​ពាន​នេះ​ជា​លើក​ទី​២​ក្នុង​រយៈពេល ២០ ឆ្នាំ និង​បាន​កើតឡើង នៅពេលដែល​ប្រជាជន​បារាំង​មាន​អារម្មណ៍​ត្រូវការ​វា​បំផុត​។​

​អ្នកគាំទ្រ​ឈ្មោះ ហ្គោ​ហ្វ្រេ ហាំ​ស៊ី​ក ដែល​ពាក់មួក​រូប​មាន់គក និមិត្តសញ្ញា​ជាតិ​បារាំង​និង​អាវយឺត​លេខ ១០ សម្រាប់​កីឡាករ​វ័យ ១៩ ឆ្នាំ កាយ​លៀន អេ​ម​បា​ហ្វេ (Kylian Mpappe) បាន​និយាយថា “​វា​តំណាងឱ្យ​រឿង​ដ៏​ធំ​សម្បើម​។ យើង​មាន​បញ្ហា​ជាច្រើន​នៅក្នុង​ប្រទេស​បារាំង​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​។ នេះ​គឺ​ល្អ​សម្រាប់​លើក​ស្មារតី​… នៅទីនេះ យើងទាំងអស់គ្នា​មាន​សាមគ្គីភាព​នឹង​គ្នា​។ យើង​លាយ​បញ្ចូល​គ្នា​។ គ្មាន​សាសនា គ្មានអ្វី​ទាំងអស់ ហើយ​នោះ​ពិតជា​អារម្មណ៍ល្អ​ណាស់​”​។​

​ពួក​បង្ករឿង​មួយចំនួន​បាន​រំខាន​ពិធី​អបអរ​នៅ​វិថី​សាំ​អេ​លី​សេ ដោយ​បំបែក​កញ្ចក់​បង្អួច​ហាង​ធំ​មួយ គប់​ដប​ទឹក លើក​របាំង​បាំង​ផ្លូវ​បណ្តោះអាសន្ន និង​ថែមទាំង​អុកឡុក​ប៉ូលិស​បង្ក្រាប​កុបកម្ម​ទៀតផង ខណៈដែល​ការអបអរ​ឈានដល់​កណ្តាលយប់​។ ប៉ូលិស​បាន​ឆ្លើយតប​ដោយ​បាញ់​ទឹក​និង​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ ទូរទស្សន៍ BFM-TV បាន​រាយការណ៍​ថា ហាង​នោះ​ត្រូវបាន​ប្លន់​។​

​នៅ​ដើម​ក្បាល​ព្រលប់ មនុស្ស​ជាច្រើន​បាន​រុំ​ទង់ជាតិ​ជុំវិញខ្លួន​និង​ពាក់មួក​ប្លែកៗ ហើយ​មាន​បុរស​ម្នាក់​ឃើញ​ស្រាត​ននលគក​នៅ​វិថី​នេះ កន្លែង​ដែល​បារាំង​បានបង្ហាញ​កងទ័ព​រប​ស់​ខ្លួន​ប្រហែលជា​មួយថ្ងៃ​មុននេះ​សម្រាប់​ទិវា​ជាតិ​បារាំង​៕ ដោយ៖ កញ្ញាដាលីស

បារាំង​លើក​ពាន​វើ​ល​ខាប់​កាលពី​ថ្ងៃអាទិត្យ​នាំឱ្យ​ប្រជាជន​អបអរ​ទូទាំងប្រទេស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ