ដោយៈតារារិទ្ធ / ពោធិ៍សាត់ៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសំដែងការជឿជាក់ថា អ្នកពោធិ៍សាត់ គាំទ្រ គណបក្សប្រជាជនខ្លាំងណាស់។ នេះវាជារឿងពិត នៅឆ្នាំ២០១៨ យើងស៊ីដាច់ រហូត ៤ កៅអី។ ស៊ីដាច់ទាំងអស់ ។ ហើយឆ្នាំនេះ សង្ឃឹមថា ស៊ីដាច់ ៤ កៅអីទៀត។ ប៉ុន្តែវាទាល់ តែបងប្អូនបោះឆ្នោត ជូនគណបក្សប្រជាជន ទើបទទួលបាន ៤ កៅអី ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាៈ សម្តេចពុំមានសញ្ជាតិច្រើនទេ មានតែនៅស្រុក ខ្មែរ ខាំស្មៅ បម្រើប្រជាជនកម្ពុជា ចំណែកអ្នកដែលគេ មានសញ្ជាតិច្រើន គេអាងអី រត់ប្រិបប្រុចៗ ទៅក្រៅប្រទេសបាត់។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាៈ កន្លែងណា ដែលប្រជាជន មានទុក្ខ លំបាក គឺមានមុខសម្តេច ចុះជួយដោះស្រាយជានិច្ច ចំណែកកន្លែងណា ដែលប្រជាជន សប្បាយរីករាយ សម្តេច ក៏មានចិត្តសប្បាយរីករាយផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅ ទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ៕ V / N